Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសភាជាសម្ពន្ធមិត្តយោធានិយម បិទផ្លូវមេបក្សឈ្នះឆ្នោតនៅថៃ ឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្រ្ដី

រាជធានីបាងកក៖ ស្របពេលតុលាការធម្មនុញ្ញ បានសម្រេចព្យួរសមាជិកសភារបស់មេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ នោះមក រដ្ឋសភា និង ព្រឹទ្ធសភា ភ្លាមៗនោះ ក៏បានបើកកិច្ចប្រជុំរួមព្រមគ្នា នៅក្នុងថ្ងៃដដែល ខណៈសមាជិកសភាទាំង២របស់ប្រទេសអាស៊ានមួយនេះ ដែលមាននិន្នាការទៅរកពួកយោធានិយម បាននាំគ្នារារាំង ដល់ដំណើរឆ្ពោះទៅការកាន់កាប់តំណែងនាយករដ្ឋមន្រ្ដីរបស់លោក ភីថា ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ថា សម្ពន្ធភាពចម្រុះ ចំនួន៨គណបក្ស ដែលកំពុងតែស្វះស្វែង បង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ បានសម្រេចតែងតាំងជាថ្មីដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈសភាទាំង២ បានប្រជុំរួម នៅថ្ងៃពុធ។ នេះជាការប៉ុនប៉ងលើកទី២របស់លោក ភីថា សម្រាប់ស្នើសុំការយល់ព្រម ពីសមាជិករដ្ឋសភា និង ព្រឹទ្ធសភា ក្រោយពេលគាត់មិនបានទទួលសំឡេងគាំទ្រភាគច្រើន គ្រប់ចំនួន៣៧៥សំឡេង តាមច្បាប់កំណត់ មកពីក្នុងចំណោមសមាជិកសភាទាំង២។

គណបក្សភឿថៃ កាលពីវេលាម៉ោង៩ និង ៣៨នាទី ថ្ងៃពុធ ទី១៩ ខែកក្កដា បានតែងតាំងជាថ្មីដល់លោក ភីថា ទៅកាន់សភា សម្រាប់តំណែងនាយករដ្ឋមន្រ្ដី។ ប៉ុន្ដែគណបក្សរួបរួមជាតិថៃ (United Thai Nation) របស់លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ភ្លាមៗនោះ បានជំទាស់ទៅនឹងការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោក ភីថា។ គណបក្សយោធានិយមមួយនេះ បានលើកឡើង អំពីបទប្បញ្ញត្តិរបស់សភា ដោយហាមដល់អ្នកទទួលបរាជ័យ ហើយត្រូវបានតែងតាំងជាថ្មី នៅក្នុងសម័យប្រជុំដដែលនេះ។

ដោយឡែក សមាជិកសភាសំខាន់ៗរបស់គណបក្សឆ្ពោះទៅមុខ (MFP) បានលើកឡើង អំពីភាពស្របច្បាប់ ចំពោះការតែងតាំងជាថ្មីរបស់លោក ភីថា ។ គណបក្ស MFP បានឈ្នះការបោះឆ្នោតសកលរបស់ប្រទេសថៃ នៅថ្ងៃទី១៤ ខែកក្កដា ជាមួយនឹងការទទួលបានសំឡេងចំនួន១៥១អាសនៈ នៅក្នុងរដ្ឋសភា ខណៈគណបក្សភឿថៃ (Pheu Thai Party) របស់កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអ្នកឈ្នះលំដាប់លេខ២ ចំនួន១៤១អាសនៈ។ ប៉ុន្ដែក្រោយមក គណបក្សឆ្ពោះទៅមុខ បានចងសម្ពន្ធភាព ជាមួយនឹងគណបក្សចំនួន៧ផ្សេងទៀត ដោយមានសមាជិកសភាសរុប ៣១២នាក់ ព្រោះពួកគេមានគោលបំណងបង្កើតរដ្ឋាភិបាលថ្មី សម្រាប់ដឹកនាំប្រទេសថៃ ធ្វើដំណើរឆ្ពោះទៅមុខបន្ដទៀត។

ទន្ទឹមគ្នានេះ ឥស្សជនសំខាន់ៗរបស់គណបក្សភឿថៃ (Pheu Thai) បានផ្ដល់អនុសាសន៍ ថា ការតែងតាំងលោក ភីថា មិនអាចបន្តជារៀងរហូតបាននោះទេ ព្រោះប្រជាជនថៃ មានការព្រួយបារម្ភ ចំពោះការបង្កើតរដ្ឋាភិបាលថ្មី និង ការដោះស្រាយបញ្ហាអាយុជីវិតរបស់ប្រទេសជាតិ។ ស្របគ្នានេះដែរ គណបក្សភឿថៃ ក៏បានប្រកាស អំពីការតែងតាំងលោក ស្រេថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សនេះ ប្រសិនបើករណីរបស់លោក ភីតា ត្រូវសភាច្រានចោលម្តងទៀត។

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ កាលពីប៉ុន្មានថ្ងៃមុននេះ បានអះអាង ថា គាត់នឹងបើកផ្លូវឱ្យគណបក្សភឿថៃ ជាដៃគូ ធ្វើដំណើរឆ្ពោះទៅកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី ប្រសិនបើគាត់ទទួលបានសំឡេងគាំទ្រតិចជាង១០ភាគរយ នៃការដែលគាត់បានទទួល នៅក្នុងការបោះឆ្នោតជុំទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែកក្កដា។

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេច លើកយកសំណុំរឿងភាគហ៊ុនរបស់លោក ភីថា នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV មកពិនិត្យ ក្រោយពេលគណៈកម្មការរៀបចំការបោះឆ្នោត បានប្ដឹងទៅកាន់ស្ថាប័នមួយនេះ ដើម្បីសម្រេច អំពីសិទ្ធិជាសមាជិកសភារបស់គាត់ ពាក់ព័ន្ធនឹងចោទប្រកាន់ អំពីការរំលោភលើច្បាប់បោះឆ្នោត។ នៅទីបំផុត តុលាការមួយនេះ បានសម្រេចព្យួរជាបណ្ដោះអាសន្ន ដល់សមាជិកសភារបស់លោក ភីថា កាលពីថ្ងៃពុធ ស្របគ្នានឹងសភា បដិសេធនូវការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដីជាថ្មីរបស់លោក ភីថា ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×