Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបក្សប្រឆាំងឈ្នះឆ្នោត ដើរចេញទាំងអង់អាច ជំរុញឱ្យសភាទាំង២ មើលថែប្រជាជាតិថៃ

រាជធានីបាងកក៖ ក្រោយពេលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ និង រដ្ឋសភា បានធ្វើការព្រមគ្នា នៅក្នុងថ្ងៃតែមួយ មើលទៅហាក់បីដូចជា មានការរៀបចំទុកជាមុន ដើម្បីបិទផ្លូវដល់មេបក្សប្រឆាំងឈ្នះឆ្នោត ឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសអាស៊ានមួយនេះ លោក ភីថា បានដើរចេញពីវិមានរដ្ឋសភា ទាំងភាពអង់អាចក្លាហាន ហើយជំរុញឲ្យសមាជិកសភាទាំងអស់ ត្រូវតែមើលថែទាំប្រជាជាតិរបស់ខ្លួន។

សារព័ត៌មានរបស់ថៃ The Nation  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ថា ក្រោយពេលដឹង ថា ឋានៈជាសមាជិកសភារបស់ខ្លួន ត្រូវបានតុលាការធម្មនុញ្ញ ព្យួរជាបណ្ដោះអាសន្ននោះមក ភ្លាមៗនោះ លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ក៏បានគោរពតាមការសម្រេចចិត្តនេះ ហើយបានដើរចេញ ពីវិមានរដ្ឋសភា កាលពីថ្ងៃពុធ។ ប៉ុន្ដែមេបក្សរូបនេះ បានជំរុញទៅដល់សមាជិកសភាទាំងអស់ ត្រូវតែមើលថៃទាំប្រជាជាតិថៃ។

ស្របពេលសមាជិកសភា នៅតែកំពុងតែជជែកវែក ដេញដោលគ្នាដ៏តានតឹង ថាតើលោក ភីថា អាចនឹងត្រូវតែងតាំង ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតរបស់សភា ជាលើកទី២ដែរឬយ៉ាងណានោះ មេបក្សឈ្នះឆ្នោត វ័យ៤២ឆ្នាំរូបនេះ បានថ្លែងទៅកាន់សភាទាំង២ ថា  គាត់នឹងគោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ។ ភ្លាមៗនោះ គាត់ក៏បានដើរចេញ ពីវិមានរដ្ឋសភា ទាំងភាពអង់អាចបំផុត។

ចៅក្រមចំនួន៧រូប នៅក្នុងចំណោមចៅក្រមរបស់តុលាការធម្មនុញ្ញ ទាំង៩រូប  កាលពីថ្ងៃពុធ បានសម្រេចព្យួរជាបណ្ដោះអាសន្ន សម្រាប់ឋានៈសមាជិកសភារបស់លោក ភីថា ស្របពេលស្ថាប័នកំពូលមួយនេះ កំពុងតែពិភាក្សាដេញដោលគ្នា ទៅលើការចោទប្រកាន់ អំពីការកាន់កាប់ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុន iTV ។ ការសម្រេចចិត្តបែបនេះ បានកើតឡើង ក្រោយពេលគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានលើកយកករណីនេះ ប្ដឹងទៅតុលាការធម្មនុញ្ញ ដើម្បីសម្រេចដកហូតឋានៈសមាជិកសភារបស់លោក ភីថា។

លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានថ្លែង នៅមុនពេលគាត់ដើរចេញពីវិមានរដ្ឋសភា ថា «ខ្ញុំសូមយកឱកាសនេះ លាដល់អស់លោកទាំងអស់គ្នា ជាសមាជិកសភា ហើយខ្ញុំសង្ឃឹម ថា យើងនឹងជួបគ្នាជាថ្មី»។

បើទោះជាយ៉ាងណាក៏ដោយ នៅមុនការចាកចេញរបស់គាត់នោះ លោក ភីថា បានស្នើសុំដល់តំណាងរាស្រ្ដទាំងអស់ ត្រូវតែប្រើប្រាស់ប្រព័ន្ធសភា សម្រាប់មើលថែដល់ប្រជាជន នៅក្នុងអំឡុងអវត្ដមានរបស់គាត់។ មេបក្សប្រឆាំងឈ្នះឆ្នោត រូបនេះ ក៏បានក្រើនរំឭក ដល់សមាជិកសភាទាំងអស់ ថា «ប្រទេសថៃ បានផ្លាស់ប្ដូរ ចាប់តាំងពីការបោះឆ្នោត នៅថ្ងៃទី១៤ ខែឧសភា មកម៉្លេះ»។

ក្រោយពេលថ្លែងលាទៅកាន់សមាជិកសភារួចហើយ លោក ភីថា បានទាញយកប័ណ្ណសមាជិកសភារបស់គាត់ ចេញពីខ្លួន ហើយយកមកដាក់លើតុ នៅមុនពេលគាត់បានដើរចេញ ជាមួយនឹងសំឡេងទះដៃយ៉ាងខ្លាំង លាន់ឮពេញវិមានរដ្ឋសភា។

លោក ភីថា មេបក្សឆ្ពោះទៅមុខ បានបញ្ជាក់ នៅលើបណ្ដាញសង្គម Instagram នៅមុននេះ ថា «នៅក្នុងប្រព័ន្ធបច្ចុប្បន្ន វាច្បាស់ណាស់ ថា ខ្ញុំមិនអាចយកឈ្នះលើបេះដូងរបស់អ្នកទាំងអស់ ដើម្បីឲ្យមានចំនួនគ្រប់គ្រាន់ សម្រាប់ការបោះជំហានទៅមុខ ដឹកនាំប្រទេសជាតិបាន នាពេលនេះទេ ហើយប្រហែលជាមិនគ្រប់គ្រាន់ សម្រាប់ការស្នើឈ្មោះរបស់ខ្ញុំ នៅក្នុងជុំទីពីរ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នោះដែរ»។

សមាជិកសភា និង ព្រឹទ្ធសភារបស់ថៃ បានចំណាយពេលជាច្រើនម៉ោង ពិភាក្សាដេញដោលគ្នាដ៏ស្វិតស្វាញ ថាតើការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដីថៃ នឹងត្រូវអនុញ្ញាតឱ្យប្តូរឈ្មោះរបស់លោក ភីថា សម្រាប់ការបោះឆ្នោតជុំទី២ ខណៈបទប្បញ្ញត្តិរបស់សភា ហាមឃាត់ដល់ការបញ្ជូនឡើងវិញ សម្រាប់អ្នកបានរងបរាជ័យ នៅក្នុងការបោះឆ្នោតលើកទី១ នៅក្នុងសម័យប្រជុំសភារួម៕ រក្សាសិទ្ធដោយ ៖ សារាយSN

×