Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលអ៊ុយក្រែន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសចិនភ្លាមៗ ខណៈដែលការវាយប្រយុទ្ធបានធ្វើឱ្យអគារអគ្គកុងស៊ុលចិនខូចខាត

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្ដដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ុយក្រែន បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ក្រុមអ្នកតាមដានបានមើលឃើញថា នេះជាព្រឹត្តិការណ៍ជំនួបដ៏កម្រមួយដែលរដ្ឋាភិបាលអ៊ុយក្រែន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសចិន ដែលជាប្រទេសមានភាពជាដៃគូ «គ្មានព្រំដែន» ជាមួយទីក្រុងមូស្គូ។

តាមប្រភពព័ត៌មាននិយាយថា ជំនួបរវាងលោក ត្រាស់ កាឆ្កា (Taras Kachka) របស់ អ៊ុយក្រែន និង លោកស្រី លីង ជា (Ling Jie) របស់ ចិន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ោងនៅទីក្រុងប៉េកាំង។ ជំនួបនេះបានកើតឡើងភ្លាមៗបន្ទាប់ពីអគារអគ្គកុងស៊ុលចិននៅទីក្រុង Odessa របស់អ៊ុយក្រែន ត្រូវបានខូចខាតក្នុងការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងកាលពីយប់ថ្ងៃពុធ។

លោកស្រី លីង ជា (Ling Jie) បាននិយាយថា ប្រទេសចិនមានឆន្ទៈពង្រីកការនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ពីអ៊ុយក្រែន ហើយធ្វើការជាមួយអ៊ុយក្រែនសម្រាប់ការអភិវឌ្ឍន៍យ៉ាងសកម្ម នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ។

លោកស្រី លីង ជា (Ling Jie) បានបន្ថែមថា ប្រទេសចិនមានឆន្ទៈ បង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងភ្នាក់ងារជំរុញការវិនិយោគនៃប្រទេសទាំងពីរ ហើយបន្តពង្រីកទំហំសេដ្ឋកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

ចំណែកភាគីអ៊ុយក្រែន លោក ត្រាស់ កាឆ្កា (Taras Kachka) បាននិយាយស្របគ្នាជាវិជ្ជមានថា យើងមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×