Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជនថៃ ចាប់ផ្ដើមប្រមូលផ្ដុំគ្នា ការពារមេដឹកនាំបក្សប្រឆាំងឈ្នះឆ្នោត

រាជធានីបាងកក៖ ក្រោយពេលសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន មានទំនោរទៅរកក្រុមអភិរក្សយោធានិយម បានរារាំងដល់មេបក្សប្រឆាំងឈ្នះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២រួចមក ប្រជាជនថៃ បានផ្ទុះនូវការខឹងសម្បាយ៉ាងខ្លាំង ហើយគ្រោងនឹងចេញមកតាមដងផ្លូវទ្រង់ទ្រាយ គាំទ្រដល់មេដឹកនាំកំណែទម្រង់ថ្មីរបស់ពួកគេ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែកក្កដា ថា ក្រុមបាតុករ ដែលគាំទ្រដល់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជាបេក្ខជននាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បាននាំគ្នាចេញមកតាមដងផ្លូវ តវ៉ានៅតាមទីកន្លែងជាច្រើន ស្ថិតក្នុងរាជធានីបាងកក នាសប្ដាហ៍នេះ។

ការផ្ទុះតវ៉ាទ្រង់ទ្រាយធំរបស់ប្រជាជនថៃ បានកើតឡើង ក្រោយពេលសភា បានច្រានចោលនូវការព្យាយាមឈរឈ្មោះជាលើកទី២របស់លោក ភីថា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២ ហើយការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ បានព្យួរឋានៈជាសមាជិកសភារបស់គាត់ ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន iTV ដែលលែងក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ។

រណសិរ្សរួបរួមធម្មាសាត និងបាតុកម្ម, ក្រុម Talugas Group (តាលូហ្កាស ហ្គ្រូប) និង អង្គការនិស្សិតថៃ បានប្រកាស នៅលើទំព័របណ្ដាញសង្គមរបស់ពួកគេ អំពីគម្រោងរបស់ខ្លួន ប្រមូលផ្ដុំគ្នាតវ៉ា នៅថ្ងៃសុក្រ និង ថ្ងៃអាទិត្យ។ ការប្រមូលផ្ដុំគ្នា សម្រាប់ថ្ងៃសុក្រ នឹងចាប់ផ្ដើមធ្វើ នៅខាងក្រៅសាលប្រជុំរបស់សាកលវិទ្យាល័យកាសេតសាត (Kasetsart) នាវេលាម៉ោង៥ល្ងាច ហើយបន្ទាប់មក នឹងធ្វើឡើងបន្ដទៀត នៅវេលាម៉ោង៧យប់ នៅខាងក្រៅមជ្ឈមណ្ឌលវិចិត្រសិល្បៈ និង វប្បធម៌ក្រុងបាងកក (BACC)។

សភាប្រជាជនកែទម្រង់ប្រទេសថៃ និង សម្ពន្ធមិត្ត កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធនាការ រយៈពេល១១ថ្ងៃ ដើម្បីគាំទ្រដល់«រដ្ឋាភិបាលប្រជាធិបតេយ្យ» ដោយចាប់ផ្តើមធ្វើឡើង នៅផ្លូវបំបែកប៉ាធូមវ៉ាន់ (Pathumwan)។

លោក សម្បត្ដិ ប៊ូនង៉ាម-អាណង (Sombat Boonngam-anong) ជាសកម្មជននយោបាយ បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ អំពាវនាវឱ្យមានការជួបជុំគ្នាមួយផ្សេងទៀត នៅថ្ងៃអាទិត្យ នៅត្រង់ចំណុចផ្លូវបំបែកអាសូក (Asok) ចាប់ពីវេលាម៉ោង៥ល្ងាច ដើម្បីបង្ហាញនូវការគាំទ្រខាងសីលធម៌ ដល់លោក ភីថា និង គណបក្សឆ្ពោះទៅមុខ។ ជាមួយគ្នានេះ ដែរ គាត់ក៏នឹងអញ្ជើញលោក ភីថា មកចូលរួមផងដែរ។

ជាមួយគ្នានេះដែរ ចលនាប្រជាជនដើម្បីសង្គមយុត្តិធម៌ (P-move) ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសនូវអ្វីដែលអង្គការមួយនេះ បានពិពណ៌នា ថា វាជាការប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និង រារាំងការយល់ស្រប ដែលសម្រេចបាន ដោយអ្នកបោះឆ្នោតចំនួន១៤លាននាក់ នៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា គាំទ្រដល់គណបក្សឆ្ពោះទៅមុខ (MFP) សម្រាប់ដឹកនាំរដ្ឋាភិបាលថ្មី។ បន្ថែមពីលើនេះ អង្គការមួយនេះ ក៏បានអំពាវនាវដល់សមាជិកព្រឹទ្ធសភា ឲ្យលាលែងចេញពីតំណែង និង ជំរុញឲ្យមានការផុលផុសឡើងនូវចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ចេញមកធ្វើបាតុកម្ម ប្រឆាំងនឹង«ការធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ»។

ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ប៉ូលិស សេរីពិសុទ្ធ ធេមីយ៉ាវ (Sereepisuth Temeeyaves) ជាសមាជិកសភា និង ជាមេដឹកនាំគណបក្ស Seri Ruam Thai បានជំរុញឱ្យគណបក្ស MFP ផ្តាច់ខ្លួន ចេញពីសម្ពន្ធភាពទាំង៨គណបក្ស ជាមុនសិន ដើម្បីបើកផ្លូវឱ្យគណបក្សភឿថៃ ឈ្នះនូវការបោះឆ្នោតនាយករដ្ឋមន្ត្រី។ គណបក្ស Seri Ruam Thai ក៏ជាសមាជិកមួយ នៅក្នុងចំណោមសម្ពន្ធភាពទាំង៨គណបក្សនេះផងដែរ។

លោកប្រធានគណបក្ស Seri Ruam Thai បានពណ៌នា ថា នេះជាការលះបង់ សម្រាប់គាំទ្រដល់គោលដៅរបស់គណបក្សទាំង៨ នៅក្នុងការបង្កើតសម្ពន្ធភាព។ គណបក្ស MFP អាចនឹងវិលត្រឡប់មកវិញ នៅក្នុងនាមជាដៃគូចម្រុះ នាពេលក្រោយ។

លោកឧត្ដមសេនីយ៍ប៉ូលិស សេរីពិសុទ្ធ ធេមីយ៉ាវ បានសង្កត់ធ្ងន់ ថា « នៅក្នុងនាមជាមនុស្សចាស់ទុំម្នាក់ នៅទីនេះ ខ្ញុំចង់ឱ្យគណបក្សភឿថៃ និង MFP គិតចំនួន២ដង ប្រសិនបើពួកគេ នឹងបន្តប្រកួតប្រជែងដណ្តើមតំណែងនាយករដ្ឋមន្ត្រីជាមួយគ្នា ព្រោះប្រសិនបើបេក្ខជនថ្មីទទួលបរាជ័យ នៅក្នុងការបោះឆ្នោតម្តងទៀត វានឹងមិនមានឱកាសទី២ សម្រាប់គាត់ឡើយ»៕ រក្សាសិទ្ធដោយ ៖​ សារាយSN

×