បញ្ហាគ្រាប់ធញ្ញជាតិ នឹងត្រូវបានបក្សសម្ព័ន្ធយោធា NATO រួមជាមួយអ៊ុយក្រែន គ្រោងនឹងបើកកិច្ចប្រជុំពិភាក្សាស្ដីពីសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅ ជាពិសេស ផ្ដោតលើការធ្វើប្រតិបត្តិការនៃ ច្រកផ្លូវមួយសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនៅសប្ដាហ៍ក្រោយនេះ តបតាមការស្នើសុំពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន AFP កាលពីថ្ងៃ អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បើតាមអ្នកនាំពាក្យ NATO លោកស្រី អាណូ ឡាំងស្គូ (Oanu Lungescu) និងជាអ្នកសម្របសម្រួលរវាងណាតូ និងអ៊ុយក្រែន រៀបចំកិច្ចប្រជុំស្ដីពីគ្រាប់ធញ្ញជាតិ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសលីទុយអានី ក្នុងខែកក្កដានេះ នឹងពិភាក្សាគ្នាពីស្ថានការណ៍បន្ទាប់ពីការដកខ្លួនរបស់រុស្ស៉ីចេញពីកិច្ចព្រមព្រៀង។ កិច្ចប្រជុំប្រញាប់នេះ នឹងពិភាក្សាធ្វើយ៉ាងណារកវិធីបើកផ្លូវឱ្យអ៊ុយក្រែន អាចនាំចេញគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែនៃតំបន់សមុទ្រខ្មៅបាន។
គួរបញ្ជាក់ថា មុននេះបន្តិច លោក ហ្សេលេនស្គី បានស្នើឱ្យបើកកិច្ចប្រជុំខាងលើ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយអគ្គលេខាធិការ NATO លោក ជេន ស្តុលថេនប៊ឺគ (Jens Stoltenberg)។

ចំណែក លោកស្រី ឡាំងស្គូ បានបន្ថែមថា នៅក្នុងជំនួបនេះដែរ ភាគីទាំង ២ បានជជែកគ្នាពីការដកខ្លួនរបស់រុស្ស៉ីចេញពីកិច្ចព្រមព្រៀងខាងលើដែលត្រូវបានលោកខាងលិចចោទថា ទីក្រុងមូស្គូព្យាយាមប្រើប្រាស់ ស្បៀងអាហារ ជាអាវុធ ដោយកំពុងបង្កផលប៉ះពាល់ដល់ប្រជាជនងាយរងគ្រោះរាប់លាននាក់ នៅជុំវិញពិភពលោក។
ករណី រុស្ស៉ី បានអះអាងថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ គឺដោយសារតែបណ្ដាប្រទេសលោកខាងលិចមិនអើពើនឹងការស្នើសុំ ពាក់ព័ន្ធនឹងការធានាឱ្យបាននូវការនាំចេញចំណីអាហារ និងជីកកសិកម្មរបស់ទីក្រុងមូស្គូវិញផងដែរ។ ទីក្រុងមូស្គូ ក៏បានព្រមានដែរថា រាល់កប៉ាល់ ឬនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែ អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកជាគោលដៅយោធា ដូច្នេះហើយ ទើបការដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមផ្លូវតាមច្រកផ្លូវសមុទ្រខ្មៅ ត្រូវបានពួកគេភ័យខ្លាច៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












