រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងខិន (Antony Blinken) បាននិយាយថា ពេលនេះអ៊ុយក្រែន ដណ្ដើមបានមកវិញនូវទឹកដី៥០ភាគរយ ដែលរុស្ស៉ីបានវាយដណ្ដើមកាន់កាប់កាលពីប៉ុន្មានខែមុនក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននោះ គឺបានយកមកកាន់កាប់ក្នុងដៃអ៊ុយក្រែនវិញ បើទោះបីទីក្រុងកៀវ កំពុងប្រឈមមុខនឹងការប្រយុទ្ធដ៏លំបាកយ៉ាងណាក៏ដោយ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជាការកត់សម្គាល់ខាងលើរបស់លោក អាន់តូនី ប៊្លីងខិន (Antony Blinken) ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រមុខការទូតអាមេរិករូបនេះ បានគូសបញ្ជាក់ថា ទឹកដី៥០ភាគរយ ត្រូវបានរឹបអូសយកមកកាន់កាប់វិញដោយអ៊ុយក្រែន ក្នុងការឈ្លានពានរបស់រុស្ស៊ី… តែវាពិតជាលំបាក ហើយលទ្ធផលជាបន្តទៀតនោះនឹងមិនអាចសម្រេចបាននៅសប្ដាហ៍ក្រោយ ឬ ២សប្ដាហ៍ខាងមុខទៀតនោះទេ, យើងនៅតែត្រូវទន្ទឹងរង់ចាំមើល ហើយខ្ញុំគិតថា អាចច្រើនខែទៅមុខទៀត ដឹងអាចវាយដណ្ដើមរើបអូសទឹកដីយកមកវិញបានផ្នែកខ្លះទៀត។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើអ៊ុយក្រែននឹងទទួលបានយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែរឬទេ? លោក Blinken បានឆ្លើយថា អ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំងនេះ។
គួររំលឹកថា កាលពីចុងខែមិថុនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថា ភាពជឿនលឿននៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺមានភាពយឺតយ៉ាវជាងការរំពឹងទុក ខណៈប្រធានាធិបតីរុស្ស៉ី លោក ពូទីន បែរជាព្រលយសម្ដីថា ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវបានបរាជ័យទៅវិញ ប៉ុន្តែធាតុពិត អ៊ុយក្រែនកំពុងខិតខំប្រឹងប្រែងរុលទៅមុខបន្តិចម្ដងៗ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




























