ទីក្រុងកៀវ បានខឹងសម្បាយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី ទៅលើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែន ហើយបានសងសឹកដោយប្រើដ្រូនវាប្រហារទៅលើអគាររដ្ឋាភិបាលទីក្រុងមូស្គូ កាលពីវេលាម៉ោង ៤:០០ទៀបភ្លឺ ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែក្រុមមន្ត្រីរុស្ស៉ី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ២គ្រឿង របស់អ៊ុយក្រែន ដែលធ្វើភេរវកម្មវាយប្រហារសំដៅមកលើទីក្រុងមូស្គូ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ដ្រូនរបស់អ៊ុយក្រែន ដែលវាយប្រហារសំដៅលើទីក្រុងមូស្គូ ប៉ុន្តែវាស្ថិតនៅលើដែនអាកាសនៅឡើយ ក៏ត្រូវប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បាញ់ទម្លាក់២គ្រឿងតែម្ដង ដោយ១គ្រឿងបានធ្លាក់នៅក្បែរអគារក្រសួងការពារជាតិរុស្ស៉ី និង១គ្រឿងទៀតធ្លាក់នៅលើដងផ្លូវនៃតំបន់ពាណិជ្ជកម្មមួយ។
ក្រុមអ្នកតាមដាននិយាយថា ការវាយប្រហារដោយយន្ដហោះដ្រូននេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងកៀវ បានសន្យាថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី ទៅលើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា «ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មរបស់រដ្ឋាភិបាលទីក្រុងកៀវ ដោយប្រើប្រាស់យន្ដហោះដ្រូន ២គ្រឿង វាយប្រហារលើគោលដៅទីក្រុងមូស្គូ ត្រូវបានទប់ស្កាត់។ យន្ដហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែននោះ ត្រូវបានបាញ់ទម្លាក់ ហើយមិនមានអ្នកស្លាប់ និងរងរបួស នោះឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានសរសេរថា យន្ដហោះដ្រូន១គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់នៅក្បែរអគារនៃក្រសួងការពារជាតិរុស្ស៉ី រីឯ១គ្រឿងទៀត បានធ្លាក់នៅឯសង្កាត់ពាណិជ្ជកម្មមួយនៅតាមដងផ្លូវ លីខាឆេវវ៉ា (Likhacheva) ជាផ្លូវដ៏សំខាន់មួយក្នុងទីក្រុងមូស្គូ, ករណីនេះជាភ្លើងបញ្ឆេះធ្វើឱ្យរុស្ស៊ីកាន់តែឆេះសន្ធោសន្ធៅថែមទៀតហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











