ក្រុមមន្ត្រីរុស្ស៉ីបាននិយាយថា អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារទៅលើទីក្រុងឌីហ្សាន់ខុយ (Dzhankoi) នៃតំបន់គ្រីមៀ របស់រុស្ស៊ី ហើយបានត្រូវចំឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែងនាព្រឹកថ្ងៃចន្ទម្សិលមិញនេះ, ប៉ុន្តែទោះជាយ៉ាងណា កងកម្លាំងការពារដែនអាកាសរបស់រុស្ស៉ីបានបាញ់ទម្លាក់ ឬថា ដ្រូនទាំងនោះត្រូវប្រព័ន្ធស្ទាក់ចាប់បាន១១គ្រឿង។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សឺហ្គៃ អាក់ស៉ីយ៉ូនូវ (Sergei Aksyonov) អភិបាលតំបន់តែងតាំងដោយរុស្ស៉ីនៅតំបន់គ្រីមៀ បាននិយាយថា អគារ លំនៅឋាន នៅ តំបន់ នោះក៏រងការខូចខាតផងដែរ ប៉ុន្តែមិនមានមនុស្សណាម្នាក់ស្លាប់ និងរបួសនោះទេ ហើយអ្នកដែលរស់នៅ ក្នុង ចម្ងាយ ៥គីឡូម៉ែត្រពីទីតាំងកើតហេតុ ពេលនេះកំពុង ត្រូវ បាន ជម្លៀស ចេញពីការប្រយុទ្ធគ្នា។

ប្រាកដមែនហើយ រុស្ស៉ីមានមូលដ្ឋានទ័ពអាកាសនៅក្បែរទីក្រុងឌីហ្សាន់ខុយ (Dzhankoi)។ ចំណែកមន្ត្រីអ៊ុយក្រែនក៏បាននិយាយផងដែរថា ទីក្រុង និងតំបន់ជុំវិញនោះ ត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅគ្រីមៀតាំងពីយូរមកហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN






