រាជធានីបាងកក៖ ក្រោយពេលគណបក្សជាច្រើន មានទំនោរទៅលើពួកយោធារាជានិយម នៅក្នុងប្រទេសថៃ ដោយកំពុងតែមានចេតនា រារាំងដល់គណបក្សប្រឆាំងឈ្នះឆ្នោត សម្រាប់បង្កើតរដ្ឋាភិបាលរួចមក ឥឡូវនេះ គណបក្សភឿថៃ នឹងសម្រេចជោគវាសនារបស់គណបក្សឆ្ពោះទៅមុខ នៅថ្ងៃអង្គារនេះ។
សារព័ត៌មានរបស់ថៃ បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែកក្កដា ថា សម្ពន្ធភាពគណបក្សចំនួន៨ នឹងជួបប្រជុំគ្នា នៅថ្ងៃអង្គារ ដើម្បីសម្រេច ថាតើគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP នឹងនៅតែចូលរួមជាមួយគ្នា នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពេលគណបក្សផ្សេងទៀត ច្រានចោលនូវការគាំទ្រដល់សម្ពន្ធភាពចម្រុះទាំង៨គណបក្សនេះ នៅក្នុងការបោះឆ្នោតនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ប្រសិនបើគណបក្ស MFP នៅតែបន្ដរួបរួមជាមួយគណបក្សភឿថៃ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សភឿថៃ (Pheu Thai Party) ហៅកាត់ PT ដែលកំពុងតែដឹកនាំនូវកិច្ចខិតខំប្រឹងប្រែង រួមគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយពេលមេដឹកនាំគណបក្ស MFP មិនបានទទួលនូវសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់តាមច្បាប់កំណត់ ពីសភាទាំង២របស់ប្រទេសថៃ សម្រាប់ឈានទៅការកាន់កាប់តំណែងនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈសភាបានច្រានចោលនូវការតែងតាំងជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា។ ប៉ុន្ដែឥឡូវ គណបក្សភឿថៃ កំពុងតែស្នើសុំទៅឲ្យមានកិច្ចគាំទ្រ មកពីគណបក្សនយោបាយនានា នៅក្នុងអំឡុងពេលបោះឆ្នោត ជាលើកទី២ គ្រោងនឹងធ្វើ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា។

លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ ថា ការឆ្លើយតបជាទូទៅ ត្រង់ថា គណបក្សនយោបាយទាំងនោះ អាចមិនព្រមធ្វើការជាមួយនឹងគណបក្សភឿថៃ ប្រសិនបើគណបក្សឆ្ពោះទៅមុខ ក្លាយជាដៃគូសម្ពន្ធមិត្តដ៏ធំរបស់គណបក្សខ្លួន។ គណបក្សឆ្ពោះទៅមុខ នៅតែប្រកាន់គោលជំហររបស់ខ្លួន ធ្វើវិសោធនកម្មមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា វាជាច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
មេដឹកនាំគណបក្សភឿថៃ បានសង្កត់ធ្ងន់ ថា គាត់កំពុងតែនិយាយ អំពីបញ្ហានេះ ក្រោយចរចាជាមួយនឹងគណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP កាលពីថ្ងៃអាទិត្យ។ ជំហរនេះនឹងត្រូវបានរាយការណ៍ ត្រឡប់ទៅសម្ពន្ធភាពរបស់ខ្លួនវិញ នៅមុនពេលការសម្រេចចិត្តបន្ថែមទៀត នឹងត្រូវធ្វើឡើង ទាក់ទងនឹងសមាសភាព នៃក្រុមដៃគូចម្រុះនេះ។

ជាមួយគ្នានេះ គណបក្សភឿថៃ មានគោលបំណងស្វែងរកការចរចាជាមួយនឹងគណបក្សនយោបាយទាំងអស់ លើកលែងតែគណបក្សប្រជាធិបតេយ្យ ដែលហាក់បីដូចជាមិនទាន់បានពិចារណារួចរាល់ សម្រាប់កិច្ចពិភាក្សា។
លោក ឆូលណាន់ ស្រីកែវ ប្រធានគណបក្សភឿថៃ បានបន្ថែម ថា «នៅមុនពេលគណបក្សភឿថៃ តែងតាំងបេក្ខជននាយករដ្ឋមន្រ្ដីនោះ សម្ពន្ធភាពមួយនេះ នឹងត្រូវតែសន្និដ្ឋាន អំពីវិធីសាស្រ្ដ ដែលគណបក្សភឿថៃ អាចធានាដល់សំឡេងគាំទ្រយ៉ាងតិច ចំនួន៣៧៥សំឡេង សម្រាប់ការគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្រ្ដី។ គណបក្សភឿថៃ ក៏បានសម្រេចចិត្តបញ្ជូនអតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោក ស៊ូរីយ៉ា ចាំងគ្រុងគ្រាងគីត (Suriya Jungrungreangkit) ទៅដឹកនាំកិច្ចពិភាក្សានេះ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ជាមួយនឹងសមាជិកព្រឹទ្ធសភាមួយចំនួន ជំនួសឱ្យការធ្វើឱ្យក្លាយជាកិច្ចប្រជុំផ្លូវការ ជាមួយនឹងព្រឹទ្ធសភា។

លោក សានទី ប៊្រុមផាត (Santi Promphat) អគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត បានបញ្ជាក់ ថា គណបក្សរបស់ខ្លួន យល់ឃើញ ថា គោលបំណងរបស់គណបក្សឆ្ពោះទៅមុខ ចង់ធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ជាការមិនអាចទទួលយកបាន ហើយខ្លួនមានគោលជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងសកម្មភាពបែបនេះ។
លោកអគ្គលេខាធិការគណបក្សប៉ាឡាំងប្រាឆារ៉ាត បានសង្កត់ធ្ងន់ ថា «គណបក្ស PPRPរបស់ខ្លួន ក៏បានប្រាប់ទៅដល់គណបក្សភឿថៃ អំពីបញ្ហានេះផងដែរ។ គោលបំណងរបស់គណបក្សឆ្ពោះទៅមុខ ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ក្លាយជាកត្តាដ៏សំខាន់ដែលអាចបញ្ចុះបញ្ចូលគណបក្ស PPRP នេះ ឱ្យបដិសេធនូវការផ្តល់កិច្ចគាំទ្រ ដល់គណបក្សភឿថៃ ព្រោះតែគណបក្សនេះ បានចូលរួមជាមួយសម្ពន្ធភាពចម្រុះថ្មី»។

ជាមួយគ្នានេះ លោក ថាម៉ាណាត ប៊្រុមប៉ាវ (Thamanat Prompow) សមាជិកសភា មកពីគណបក្ស PPRP សម្រាប់ខេត្តផាយ៉ាវ (Phayao) បានលើកឡើង ថា គណបក្ស PPRP នឹងមិនតែងតាំងលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwon) សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្រ្ដី នោះឡើយ ព្រោះតែគណបក្សមួយនេះ ខកខាតមិនបានដល់គោលដៅរបស់ខ្លួន សម្រាប់ការឈ្នះ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ យ៉ាងតិច ចំនួន២៥០អាសនៈ នៅក្នុងរដ្ឋសភា។
ស្របពេលកំពុងតែរង់ចាំគណបក្សភឿថៃ បង្កើតរដ្ឋាភិបាលចម្រុះនោះ ព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យ បានស្នើ ថា គណបក្សភឿថៃ អាចពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រី ថ្មី រហូតដល់ដើមខែសីហា ប្រសិនបើគណបក្សនេះ នៅតែមិនទាន់ប្រមូលសំឡេងគាំទ្រឲ្យបានចំនួនគ្រប់គ្រាន់ សម្រាប់បេក្ខជនរបស់ខ្លួន ហើយនៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ការបោះឆ្នោតបន្ទាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






