Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាតុករ ព្រមានដល់មេដឹកនាំគណបក្សភឿថៃ ឲ្យលាលែងពីតំណែង បើចូលរួមជាមួយពួកយោធា

រាជធានីបាងកក៖ ស្របពលមេដឹកនាំចំនួន៥គណបក្ស ជាមន្រ្ដីជាន់ខ្ពស់ នៅក្នុងរដ្ឋាភិបាលរបស់លោកលោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា មេដឹកនាំរដ្ឋប្រហារយោធា បានប្រកាស អំពីការមិនគាំទ្រដល់គណបក្សភឿថៃ នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សឆ្ពោះទៅមុខ រួចមក ក្រុមបាតុករ បានព្រមានដល់មេដឹកនាំគណបក្សភឿថៃ ឲ្យលាលែង ចេញពីតំណែង ប្រសិនបើគណបក្សមួយនេះ ចូលរួមបង្កើតរដ្ឋាភិបាល ជាមួយនឹងគណបក្សរបស់ពួកយោធានិយម។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា ហ្វូងបាតុករមួយក្រុម កាលពីថ្ងៃអាទិត្យ បានទៅប្រមូលផ្តុំគ្នា នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ស្របពេលមេដឹកនាំរបស់គណបក្សមួយនេះ កំពុងតែជួបពិភាក្សាគ្នា ជាមួយនឹងគណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ។ ក្រុមអ្នកតវ៉ា បានទាមទារឱ្យលោកបណ្ឌិត ឆូលណាន់ ស្រីកែវ (Cholnan Srikaew) ប្រធានគណបក្សភឿថៃ គោរពតាមការសន្យារបស់គាត់ ដែលបានធ្វើ នៅក្នុងនាមគណបក្សភឿថៃ ខណៈគណបក្សមួយនេះ និង គណបក្សចំនួន៧ផ្សេងទៀត បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ការធ្វើការងារជាមួយគ្នា។

ក្រុមអ្នកតវ៉ា បានអះអាង ថា ឥឡូវនេះ គណបក្សភឿថៃ បានងាកទៅធ្វើការ ជាមួយនឹងគណបក្សរបស់ពួកយោធា ចំនួន២គណបក្ស។ ដូច្នេះ លោកបណ្ឌិត ត្រូវតែលាលែងចេញពីតំណែង។ ស្របគ្នានេះដែរ ក្រុមអ្នកតវ៉ាខ្លះ បានគប់ម្សៅទៅលើមេដឹកនាំគណបក្សភឿថៃ និង លោក ថាម៉ាណាត ប៊្រុមប៉ាវ (Thamanat Prompow) សមាជិកសភា មកពីគណបក្សប៉ាឡាំងប្រាឆារ៉ាត សម្រាប់ខេត្តផាយ៉ាវ (Phayao) ។ ហេតុការណ៍នេះ បានជំរុញឱ្យក្រុមអ្នកនយោបាយរបស់គណបក្សភឿថៃ និង គណបក្ស PPRP រត់ចេញពីកន្លែងកើតហេតុ តាមច្រកទ្វាខាងក្រោយនៃអគារទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃ។

លោក ស៊ុមឆៃ សាវ៉ាងកាន (Somchai Sawangkarn) នៅក្នុងឋានៈជាអគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ ថា បញ្ហាចម្បង គណបក្សភឿថៃ ត្រូវតែបញ្ជាក់ឱ្យច្បាស់ ថាតើ គណបក្សណាខ្លះ នឹងត្រូវដាក់បញ្ចូល នៅក្នុងសម្ពន្ធភាពថ្មី ខណៈគណបក្សភឿថៃ កំពុងតែព្យាយាមបង្កើតឡើង។ ករណីនេះ អាចនឹងប្រៀបប្រដូចទៅនឹងការបង្កើតសម្ពន្ធភាពថ្មី ដូចជាជាពិធីមង្គលការមួយ ខណៈគណបក្សភឿថៃ កំពុងតែក្លាយជាកូនកំលោះ និង គណបក្សឆ្ពោះទៅមុខ (MFP) ក្លាយជាកូនក្រមុំ។ ដូច្នេះកូនកំលោះ ត្រូវតែនិយាយឱ្យបានច្បាស់ ថាតើអ្នកណា នឹងក្លាយជាកូនក្រមុំរបស់ខ្លួន។

លោកអគ្គលេខាធិការព្រឹទ្ធសភា បានបន្ដ ថា«សូមកុំធ្វើឱ្យព្រឹទ្ធសភាក្លាយជាពពែបន្ដទៀត ព្រោះវានឹងមិនមានជាការមិនសមរម្យ ចំពោះអ្នកដែលមិនមានការបែកបាក់គ្នាត្រឹមត្រូវ ជាមួយនឹងកូនក្រមុំ ដោយការដាក់ឈ្មោះ គណបក្សឆ្ពោះទៅមុខ ហើយព្យាយាមធ្វើឱ្យព្រឹទ្ធសភា ប្រកាសអំពីការបែកបាក់របស់អ្នក។ នោះនឹងមិនមែនសមរម្យទាល់តែសោះឡើយ ប្រសិនបើអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ សូមកុំចងចំណងនេះ។ អ្នកត្រូវតែរៀបចំអ្វីៗគ្រប់យ៉ាង ឱ្យបានល្អប្រសើរជាងមុន ដើម្បីធានា ថា ពិធីមង្គលការ នឹងប្រព្រឹត្តទៅ ដោយរលូន។ រីឯការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មិនដូចការជ្រើសរើសរបស់របរ នៅក្នុងហាងនោះឡើយ»។

ដោយឡែក លោក វ៉ារ៉ាវុត ស៊ីលផា-អាចា (Varawut Silpa-archa) មេដឹកនាំគណបក្សឆាតថៃផាតថាណា (Chartthaipattana) បានលើកឡើង ក្រោយកិច្ចប្រជុំផ្លូវការ ជាមួយនឹងគណបក្សភឿថៃ កាលពីថ្ងៃអាទិត្យ ថា គណបក្សរបស់គាត់ នឹងសម្រេចចិត្ត ធ្វើការជាមួយនឹងគណបក្សភឿថៃ ក្រោយពេលគណបក្សមួយនេះ បង្ហាញអំពីគោលជំហរយ៉ាងច្បាស់ ដោយដកខ្លួនចេញពីគណបក្សណាមួយ មានចេតនាធ្វើវិសោធនកម្ម ឬ បញ្ចប់ច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ។

ដោយឡែក គណបក្សរបស់ពួកយោធាជាច្រើន បានប្រកាស អំពីការមិនចូលរួមជាមួយនឹងគណបក្សភឿថៃ ដោយសារតែមានគណបក្សឆ្ពោះទៅមុខ នៅក្នុងសម្ពន្ធភាពរបស់ពួកគេ។ រីឯគណបក្សរបស់ពួកយោធាទាំងនោះ រួមមាន ទី១-គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគូល (Anutin Charnvirakul) រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) , ទី២-គណបក្សរួបរួមជាតិថៃ (United Thai Nation) របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា, ទី៣-គណបក្សប៉ាឡាំងប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ដឹកនាំដោយលោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្រ្ដីរបស់លោក ប្រាយុទ្ធ, ទី៤-គណបក្សឆាតថៃផាតថាណា (Chartthaipattana) ដឹកនាំ ដោយលោក វ៉ារ៉ាវុត ស៊ីលផា-អាចា (Varawut Silpa-archa) រដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិ-បរិស្ថាន នៅក្នុងអាណត្ដិទី២របស់លោកប្រាយុទ្ធ និង ទី៥-គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ឆាលឿមឆៃ ស្រ៊ី-អន (Chalermchai Sri-on) រដ្ឋមន្រ្ដីក្រសួងកសិកម្ម នៅក្នុងអាណត្ដិទី២របស់លោក ប្រាយុទ្ធ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×