ខ្ញុំបាទសង្ស័យថា ហេតុអ្វីបានជាប្រពៃណីក្នុងការរៀបមង្គលការចាំបាច់ត្រូវមានផ្កាស្លា ហើយយកអ្វីផ្សេងទៀតមិនបានទេឬ?
ពេលស៊ើបសួរនរណាៗ ក៏គ្មានពាក្យអធិប្បាយ រហូតមកដល់ថ្ងៃមួយក៏បានប្រារព្ធរឿងនេះឡើងជាមួយនឹងព្រះគ្រូ ភ្រិងមេធំករោ នៃវត្តបាណាតាំង, លោកបានប្រាប់ថា ពីដើមក៏មិនដឹង ប៉ុន្ដែនៅសម័យមួយនោះបានឮតាចាស់ម្នាក់និទានរឿងនេះឱ្យស្ដាប់យ៉ាងនេះ ៖
មានបងប្អូនប្រុស២នាក់ នៅមុនពេលដែលឳពុកម្ដាយហៀបនឹងស្លាប់ទៅ ក៏ផ្ដាំផ្ញើបងប្អូនឱ្យចេះស្រឡាញ់ថែរក្សាគ្នា ព្រោះមានតែពីរនាក់បងប្អូន។
បុរសទាំងពីរនាក់បងប្អូនចេះធ្វើស្រែចម្ការ រស់នៅក្នុងភូមិជនបទមួយដាច់ស្រយាលដោយក្ដីស្រឡាញ់គ្នាជាធម្មតារៀងរហូតមក។ ក្រោយមកបុរសបងក៏មានប្រពន្ធមួយ ហើយនៅជាមួយគ្នា នៅពេលដែលបងប្រុសកំពុងតែមានសេក្ដីសុខជាមួយនឹងភរិយា ពុំសូវមានពេលវេលាច្រើននឹងនិយាយលេងជាមួយប្អូន ប្អូនក៏គិតនៅក្នុងចិត្ដតែម្នាក់ឯងថា ខ្លូនឯងជាមនុស្សឱ្យបងពិបាកចិត្ត ទើបនឹកតូចចិត្តតែម្នាក់ឯងដោយឃើញបងប្រុសរបៀបនេះ។ គិតហើយក៏សម្រេចចិត្ដដើរផ្សងព្រេងតែម្នាក់ឯងគេចពីផ្ទះទៅ។ ដើរទៅៗរហូតដល់កន្លែងមួយដោយអស់ កម្លាំងពេកក៏ចូលទៅសម្រាកនៅក្រោមដើមជ្រៃដែលមានមែកសាខាធំមួយនៅក្នុងព្រៃ ហើយដេកនៅទីនោះលក់ទៅ។
ក្នុងពេលដែលបុរសនោះដេកលក់ អារ័ក្សដែលនៅថែរក្សាដើមជ្រៃនោះក៏បង្ហាញខ្លួនចេញមក ហើយចង្អុលមុខជេរថា «ហេតុអ្វីក៏ឯងមកដេកនៅទីនេះដោយមិនប្រាប់ដល់អញ?»
«ខ្ញុំមិនបានដឹងទេបាទ…បាទ!» បុរសនោះឆ្លើយ អារ័ក្សនោះខឹងខ្លាំងណាស់ក៏ដាក់បណ្ដាសាថា ចូរឯងនៅទីនេះចុះ ហើយជប់បុរសនោះឱ្យក្លាយទៅជាដុំថ្មពណ៌សមួយដុំ។
ចំណែកឯបងប្រុស កាលបើបាត់ប្អូនពីផ្ទះមិនឃើញដូច្នោះ ក៏នឹកខឹងនឹងខ្លួនឯងដែលមិនបានធ្វើតាមបណ្ដាំឳពុកម្ដាយឱ្យ មើលថែប្អូន នឹកចុះឡើងសែនតូចចិត្តណាស់ ក៏ចេញពីផ្ទះតាមរកប្អូន។ ដើរមកដល់ដើមជ្រៃធំក៏អង្គុយលក់លើដុំថ្មសនោះទៅ លុះដល់យប់ជ្រៅអារ័ក្សក៏ចេញមកជេរ ហើយដាក់បណ្ដាសាឱ្យក្លាយទៅជាដើមស្លានៅជាប់នឹងដុំថ្មនោះឯង។
រីឯប្រពន្ធ កាលបើដឹងថាប្ដីតូចចិត្ដដើរចេញពីផ្ទះ ក៏ទៅតាមប្ដីដែរ…ដើរៗទៅដល់កន្លែងដែលប្ដីនិងប្អូនថ្លៃនោះដូចគ្នា លុះដល់យប់ជ្រៅអារ័ក្សក៏ចេញមកដាក់បណ្ដាសាឱ្យក្លាយទៅជាដើមម្លូដុះព័ទ្ធដើមស្លានៅទីនោះទៅ។
អស់កាលកន្លងមកមិនយូរប៉ុន្មាន ព្រះរាជាក៏ស្ដេចយាងប្រពាតព្រៃ ហើយបានចូលមកសម្រាកព្រះកាយនៅក្បែរៗដើមជ្រៃធំ ទ្រង់ទតព្រះនេត្រឃើញដើមស្លាដ៏ល្អស្រស់ ហើយមានម្លូវារឡើងព័ទ្ធជុំវិញ មានស្លឹកខៀវស្រស់ដូច្នេះ ក៏ត្រាស់សួរអ្នកស្រុក នៅទីនោះ អ្នកស្រុកក៏និទានរឿងរ៉ាវរបស់បងប្អូននេះទូលថ្វាយទ្រង់ជ្រាបហើយ ក៏កើតសទ្ធាជ្រះថ្លានឹងទឹកចិត្តចេះស្រឡាញ់ របស់បងប្អូនពីរនាក់នេះ ហើយក៏សាកល្បងយកថ្មសបៀកលើម្លូ និងយកផ្លែស្លាមកទំពា រួចស្ដោះព្រះខេឡចេញមកមួយសន្ទុះ ឡើងពណ៌ក្រហមដូចលោហិត រួចហើយទើបទ្រង់ប្រកាសថា ចាប់ពីពេលនេះទៅ អ្នកណាដែលនឹងរៀបមង្គលការជាស្វាមីភរិយា ចាំបាច់ត្រូវធ្វើពិធីដែលប្រកបទៅដោយម្លូស្លា ដើម្បីឱ្យសេចក្ដីស្រឡាញ់នោះជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដនិងយូរអង្វែង។
ដោយហេតុនេះ ហើយប្រពៃណីការរៀបមង្គលការរបស់ខ្មែរដែលបានសរសេរទុកហើយ។
រឿងនេះពិតក្ដី ឬមិនពិតក្ដីយ៉ាងណានោះ ក៏អានលេងៗទៅ ព្រោះគឺជារឿងនិទាន៕
បណ្ឌិតមីសែល ត្រាណេ