គេហទំព័រ Hk01 និង Sina បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល 4:00 រសៀល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដំបូលនៃអគារហាត់ប្រាណដ៏ធំ នៅខាងក្នុងវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Qiqihar ខេត្ត Heilongjiang ប្រទេសចិន បានបាក់លំទាំងស្រុង បណ្ដាលឲ្យមនុស្ស ៩ នាក់ ត្រូវបានគេរាយការណ៍ស្លាប់ ខណៈមនុស្សជាច្រើននាក់ ជាប់នៅក្រោមគំនរបាក់បែក នៃហេតុការណ៍ដ៏រន្ធត់នេះ។
យោងតាមសារព័ត៌មានក្នុងស្រុក ឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេលវិស្សមកាលរដូវក្តៅ ខណៈកីឡាករបាល់ទះជាសិស្សសាលា កំពុងហ្វឹកហាត់នៅកន្លែងហាត់ប្រាណ។ មានមនុស្សចំនួន ១៩ នាក់ បានជាប់ក្នុងគំនរបាក់បែកនៃអគារ ប៉ុន្តែ មនុស្ស៤នាក់ មានសំណាងបានរត់គេចខ្លួនដោយខ្លួនឯង ដោយបន្សល់ទុកមនុស្ស ១៥ នាក់ រង់ចាំជំនួយពីអាជ្ញាធរ។
ទោះជាយ៉ាងណា ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៤ ខែកក្កដា ហើយត្រូវបានគេរាយការណ៍ថា មនុស្ស ៩ នាក់ បានស្លាប់ ៦ នាក់រងរបួស ៤នាក់មានសុវត្ថិភាព និង ២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo និងវេទិកាអនឡាញផ្សេងទៀត រូបភាពវីដេអូនៃឧបទ្ទវហេតុនេះក្រោយពេលកើតហេតុ ត្រូវបានផ្សព្វផ្សាយ ដែលបង្ហាញដំបូលទាំងមូលបានដួលរលំ។ ជាក់ស្តែង ពេលមើលរូបភាពថតពីលើ បំណែកបាក់បែកគួរឱ្យរន្ធត់ជាខ្លាំង។
សាក្សីម្នាក់គឺអ្នកស្រី Zhang បាននិយាយថា «កន្លែងហាត់ប្រាណនេះត្រូវបានសាងសង់ជាង ២០ ឆ្នាំមុន។ វាត្រូវបានជួសជុលជាច្រើនដង។ ថ្ងៃនេះមានភ្លៀងធ្លាក់ ហើយអគារនេះបានដួលរលំដោយមិននឹកស្មានដល់»។ កន្លែងហាត់ប្រាណនេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១២០០ម៉ែត្រការ៉េ បានដួលរលំទាំងស្រុង។
តាមការស៊ើបអង្កេតបឋម បានរកឃើញថា មជ្ឈមណ្ឌលបង្រៀនមួយ កំពុងត្រូវបានគេសាងសង់នៅជាប់នឹងកន្លែងហាត់ប្រាណ។ កម្មករបានបំពានច្បាប់ ដោយដាក់សម្ភារៈសំណង់ធុនធ្ងន់នៅលើដំបូលកន្លែងហាត់ប្រាណ។ ហេតុនេះ នៅពេលមានភ្លៀងធ្លាក់ វាបណ្តាលឱ្យសម្ភារៈស្រូបទឹករហូតដល់មានទម្ងន់កាន់តែធ្ងន់ ទើបបណ្តាលឲ្យដំបូលកន្លែងហាត់ប្រាណ មិនអាចទ្រាំទ្រនឹងទម្ងន់បាន ក៏បានបាក់រលំតែម្តង។
ទោះបីជាយ៉ាងណា បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីកំណត់ពីមូលហេតុនៃឧបទ្ទវហេតុនេះ។ ប៉ូលីសក្នុងតំបន់ក៏បានឃាត់ខ្លួនមនុស្សមួយចំនួន ដែលទទួលខុសត្រូវលើដំណើរការសាងសង់អគារនៅក្បែរនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





