បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថាយោធាអ៊ុយក្រែន និយាយថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារសងសឹកតាមផ្លូវអាកាសមកលើទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារ ដែលជាការវាយប្រហារលើកទី ៦ គិតក្នុងខែកក្កដានេះ ធ្វើឱ្យមានភាពច្របូកច្របល់ក្នុងការរត់គេចពីសង្គ្រាម និងការជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាព។

ភាពច្របូកច្របល់ក្នុងទីក្រុងកៀវនេះ បានកើតឡើងលាយឡំជាមួយសំឡេងស៉ីរ៉ែនបន្លឺឡើងអំពីការវាយឆ្មក់តាមអាកាសរយៈពេលជាង ៣ម៉ោងនៅទូទាំងទីក្រុង និងស្ទើរតែពាក់កណ្តាលនៃភាគខាងកើត ប្រទេសអ៊ុយក្រែន។
លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ប្រធានរដ្ឋបាលយោធានៃទីក្រុងកៀវ បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា រុស្ស៉ី បានប្រើប្រាស់យន្តហោះដ្រូនផលិត ដោយអ៉ីរ៉ង់ ហើយផ្អែកលើព័ត៌មានបឋម ដ្រូនទាំងនោះ ត្រូវបានស្ទាក់ចាប់កម្ទេចចោលដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនផងដែរ។
គេនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ របួស ឬខូចខាតធ្ងន់ធ្ងរយ៉ាងណានៅឡើយទេ, ដោយឡែក កងទ័ពអាកាសអ៊ុយក្រែន ក៏បានឱ្យដឹងផងដែរថា នៅវេលាម៉ោង៥:៣០នាទីព្រឹក ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) មានការគំរាមកំហែងថ្មីនៃការវាយប្រហារលើតំបន់ភាគខាងកើត និងភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញខ្លឹមសារខុសៗគ្នា ប៉ុន្តែបើតាមកងទ័ពអាកាសអ៊ុយក្រែនថា សំឡេងស៉ីរ៉ែនបញ្ជាក់ពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងអស់រយៈពេលជាង៣ម៉ោងនៅទូទាំងភាគខាងកើតនៃប្រទេស ចាប់តាំងពីម៉ោងប្រហែល ១:៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃអង្គារ។
ក្រុមអ្នកតាមដានបាននិយាយថា នេះអាចជាការសងសឹករបស់ លោកប្រធានាធិបតី ពូទីន ដែលមុននេះរងនឹងការវាយប្រហារតាមរយៈដ្រូនរបស់អ៊ុយក្រែនទៅលើទីក្រុងមូស្គូ។
គួរបញ្ជាក់ថា បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា មន្រ្ដីមួយរូបរបស់រដ្ឋាភិបាលក្រុងកៀវ បានប្រាប់ដល់ CNN ថា កម្លាំងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអនុវត្ដនូវការវាយប្រហារដោយដ្រូន ទៅលើរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃចន្ទ, ចំពោះការវាយប្រហារនេះ ត្រូវបានរុស្ស៊ី ពិពណ៌នា ថា វាជាការវាយប្រហារភេរវកម្មរបស់របបក្រុងកៀវ ហើយថា នឹងត្រូវសងសឹកឱ្យបានធ្ងន់ជាងមុន។

លោក ស៊ើហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានបញ្ជាក់នៅលើ Telegram កាលពីថ្ងៃចន្ទ ថា ការវាយប្រហាររបស់អ៊ុយក្រែន មិនបានបណ្តាលឱ្យមានការខូចខាត ឬ ធ្វើឱ្យមានមនុស្ស រងរបួសនោះឡើយ, ប៉ុន្តែទោះយ៉ាងណា នេះជាការវាយប្រហារភេរវកម្មបង្កឡើង ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់រដ្ឋាភិបាលក្រុងកៀវ ខណៈអ៊ុយក្រែន កំពុងតែព្យាយាមនាំសង្រ្គាមចូលមកកាន់តែជិតដល់ផ្ទះរបស់ប្រជាជនរុស្ស៊ី ដែលពួកគេគួរតែត្រូវបានទទួលការឆ្លើយតបទៅវិញឱ្យកាន់តែធ្ងន់។
រឿងអ៊ុយក្រែនបើកការវាយប្រហារដោយដ្រូនទៅលើទីក្រុងមូស្គូរបស់រុស្ស៊ី, ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានថ្លែងថា ដូចដែលយើងធ្លាប់បានបញ្ជាក់កន្លងមកអ៊ីចឹង យើងមិនគាំទ្រចំពោះការវាយប្រហារណាមួយរបស់អ៊ុយក្រែនទៅក្នុងទឹកដីរុស្ស៉ីនោះទេ។ លោកស្រីបន្ថែមថា នេះជាសង្រ្គាមដែលរុស្ស៉ីខ្លួនឯងជាអ្នកចាប់ផ្ដើម នេះជាសង្រ្គាមរបស់ពួកគេ ហើយពួកគេអាចបញ្ចប់វាបានគ្រប់ពេល តាមរយៈការដកកងទ័ពចេញពីអ៊ុយក្រែន ជំនួសឱ្យ ការវាយប្រហារយ៉ាងឃោរឃៅលើជនស៊ីវិល៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














