រាជធានីបាងកក៖ ស្របពេលប្រជាជនថៃ កំពុងតែធ្វើបាតុកម្មគាំទ្រ ដល់មេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោត ក្រោយពេលសភាបានទាត់ចោលជានូវការតែងតាំងជាថ្មីរបស់គាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២រួចមក សភាថៃ បានសម្រេចពន្យារពេលបោះឆ្នោត សម្រាប់អ្នកកាន់កាប់តំណែងកំពូលរបស់ស្ថាប័ននីតិប្រតិបត្ដិមួយនេះ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី២៥ ខែកក្កដា ថា លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភាថៃ បានសម្រេចពន្យារពេល ដោយគ្មានការកំណត់ ចំពោះគម្រោងបោះឆ្នោតនាយករដ្ឋមន្រ្ដី នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា។ ប៉ុន្ដែសភាថៃ នឹងរង់ចាំ រហូតដល់មានការសម្រេចរបស់តុលាការធម្មនុញ្ញ ជុំវិញការបដិសេធតែងតាំងជាថ្មីរបស់សភា សម្រាប់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ឈរឈ្មោះជានាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ។

លោកប្រធានសភា បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់បានសម្រេចចិត្តបែបនេះ ក្រោយពេលគាត់មានការពិគ្រោះយោបល់ជាមួយនឹងក្រុមមន្រ្ដីច្បាប់របស់រដ្ឋសភា និង ក្រុមទីប្រឹក្សារបស់គាត់ រួចរាល់អស់ហើយ។
លោកប្រធានសភា និង អតីតប្រធានសភា បានបញ្ជាក់ ថា ពួកគេបានបង្ហាញនូវទស្សនៈ ថា ប្រសិនបើការបោះឆ្នោតនាយករដ្ឋមន្ត្រី នឹងបន្តធ្វើ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ខាងមុខនេះ វាអាចនាំឱ្យមានបញ្ហា ខណៈតុលាការធម្មនុញ្ញ ធ្វើសេចក្តីសម្រេចរបស់ខ្លួន នៅពេលក្រោយ។ ប៉ុន្ដែដោយសារតែការពន្យារពេលនូវកិច្ចប្រជុំ នាថ្ងៃព្រហស្បតិ៍ គឺកិច្ចប្រជុំដែលមានគម្រោងធ្វើ នៅថ្ងៃពុធ ជាមួយនឹងសម្ពន្ធភាពចម្រុះ គណបក្សនយោបាយផ្សេងៗ និង សមាជិកព្រឹទ្ធសភា ឥឡូវ វាមិនមែនជាការចាំបាច់នោះឡើយ។

លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា បានបន្ថែម ថា ហេតុផលមួយផ្សេងទៀត សម្រាប់ការពន្យារពេលកិច្ចប្រជុំរួមគ្នា ក៏ដោយសារតែសមាជិកសភាជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភាជាច្រើន មានការព្រួយបារម្ភ ថា ពួកគេនឹងមិនអាចចូលរួមអបអរសារទរ នៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ នៅក្នុងខេត្តរៀងៗរបស់ពួកគេ នៅថ្ងៃសុក្រ ខាងមុខ ប្រសិនបើការអង្គុយប្រជុំយូរ នៅក្នុងរដ្ឋសភា។ ប៉ុន្ដែក្រោយការសម្រេចរបស់តុលាការធម្មនុញ្ញ រួចមក សមាជិកសភា និង ព្រឹទ្ធសភា អាចនឹងវិលត្រឡប់ មកអង្គុយប្រជុំរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីជាថ្មី។
ក្រោយពេលសភាបានខកខានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៩ ខែកក្កដា រួចមក ប្រធានសភាថៃ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា សម្រាប់តំណាងរាស្រ្ដជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភា វិលត្រឡប់មកប្រជុំរួមគ្នា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មី ដោយបេក្ខជន អាចនឹងមកពីគណបក្សភឿថៃ ដែលជាគណបក្សធំលំដាប់ទី២ នៅក្នុងចំណោមសម្ពន្ធភាពចម្រុះទាំង៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) របស់លោក ភីថា។

គណបក្សឆ្ពោះទៅមុខ បានព្រមព្រៀងបើកផ្លូវដល់គណបក្សភឿថៃ តែងតាំងបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី និង ការបង្កើតរដ្ឋាភិបាល។ គណបក្សភឿថៃ ក៏ប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែបណ្ដាគណបក្សនយោបាយរបស់ពួកយោធានិយម នៅខាងក្រៅប្លុកចម្រុះមួយនេះ មិនឯកភាពគ្នា លើគោលនយោបាយរបស់គណបក្សឆ្ពោះទៅមុខ (MFP) គ្រោងនឹងធ្វើវិសោធនកម្ម លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវគេស្គាល់ ថា វាជាច្បាប់ពាក់ព័ន្ធនឹងការប្រមាថដល់ព្រះមហាក្សត្រ។
គណបក្សចំនួន៨ នៅក្នុងសម្ពន្ធភាពចម្រុះ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ គ្រោងនឹងជួបប្រជុំគ្នា នៅរសៀល ថ្ងៃអង្គារ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព មកពីគណបក្សភឿថៃ។ ប៉ុន្តែកិច្ចប្រជុំនោះ ត្រូវបានលុបចោលទៅវិញ នៅនាទីចុងក្រោយ ដោយសារតែគណបក្សភឿថៃ បានទទួលស្គាល់ ថា រហូតមកដល់ពេលនេះ វាមានដំណើរការតិចតួច នៅក្នុងសេចក្ដីរាយការណ៍នោះ។

ជាមួយគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ បានលើកឡើង ថា គណបក្ស MFP នឹងនៅតែបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន សម្រាប់ជួយឱ្យលោក ភីថា ត្រូវបានបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រី ថ្វីបើគាត់មិនបានឈ្នះសំឡេងភាគច្រើន ពីសមាជិកសភាទាំងពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី កាលពីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ភីថា ត្រូវបានតែងតាំងជាថ្មី សម្រាប់តំណែងកំពូលមួយនេះ ដើម្បីឲ្យសមាជិកសភាទាំង២ បោះឆ្នោត នៅថ្ងៃទី១៩ ខែកក្កដា ម្ដងទៀត ប៉ុន្តែសភាបានបដិសេធនូវការតែងតាំងនោះ ដោយផ្អែកលើមូលដ្ឋាននីតិវិធី។ ដោយឡែក ក្រុមអ្នកប្រឆាំងបានលើកឡើង ថា ការតែងតែងជាថ្មីបែបនេះ បានបំពារបំពាននឹងបទប្បញ្ញត្តិរបស់សភា លើមាត្រា៤១ ដោយបានហាមមិនឲ្យមានការដាក់សំណើដែលបានទទួលបរាជ័យ នៅក្នុងសម័យប្រជុំសភាដដែល។
ផ្ទុយពីនេះ ក្រុមអ្នកគាំទ្ររបស់លោក ភីថា លីមចារឿនរ៉ាត និង ក្រុមអ្នកសិក្សាស្រាវជ្រាវជាច្រើន មិនយល់ស្របនឹងដំណោះស្រាយរបស់សភា ហើយពួកគេបានស្នើសុំទៅតុលាការធម្មនុញ្ញ សម្រេចលើភាពស្របច្បាប់ នៅក្នុងការតែងតាំងជាថ្មីជូនលោក ភីថា សម្រាប់តំណែងនាយករដ្ឋមន្ត្រី៕ រក្សាសិទ្ធដោយ ៖ សារាយSN



















