រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ប្រទេសថៃ កំពុងតែស៊ើបអង្កេតទៅលើអតីតមេប៉ូលិសកំពូលៗរបស់ខ្លួន ជាច្រើននាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ថា ប្រភពព័ត៌មានពីប៉ូលិស បានអះអាង ថា គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (The National Anti-Corruption Commission) ហៅកាត់ (NACC) មានគម្រោងចោទប្រកាន់ ទៅលើអតីតអគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ ចាកធីប ឆៃចិន្ដា (Chakthip Chaijinda) និង មន្ត្រីជាន់ខ្ពស់ប៉ូលិស ចំនួន៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការទិញឧបករណ៍ Biometrics មានតម្លៃ រហូតដល់ ២,១ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែល ៦០,៨៨លានដុល្លារអាមេរិក សម្រាប់ការិយាល័យនគរបាលអន្តោប្រវេសន៍ (IPB) នៅក្នុងអំឡុងឆ្នាំ២០១៩។

ប្រភពដដែល បានបន្ដ ថា NACC នឹងផ្ញើលិខិតជូនដំណឹងដល់លោកឧត្ដមសេនីយ៍ Chakthip និង មន្រ្តីផ្សេងទៀត អំពីការចោទប្រកាន់នេះ ហើយកោះហៅពួកគេឱ្យមកផ្តល់សក្ខីកម្ម សម្រាប់ការពារក្តីរបស់ខ្លួន នៅមុនពេលបញ្ចប់របាយការណ៍ស៊ើបអង្កេតរបស់ខ្លួន។
ករណីចោទប្រកាន់នេះ បានកើតឡើង ស្របពេលលោក ស៊ីត្រា បាយអាប៊ុងឃើដ (Sittra Biabungkerd) អគ្គលេខាធិការ មូលនិធិមេធាវីប្រជាជន បានដាក់ញត្តិទៅកាន់ NACC ទាមទារឱ្យស៊ើបអង្កេត លើគម្រោងលទ្ធកម្មជីវម៉ែទ្រីក (Biometrics) បន្ទាប់ពីគេរកឃើញ ថា ឧបករណ៍ទាំងនោះ មិនសមស្រប តាមលក្ខខណ្ឌឯកសារយោង។ ដោយឡែក ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់បរិក្ខារទាំងនេះ ក៏មិនអាចបញ្ជូនសម្ភារទាំងនោះ មកកាន់ការិយាល័យនគរបាលភូមិន្ទថៃ (RTPO) នៅក្នុងរយៈពេល៦៦ថ្ងៃ គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ដូចមានចែង នៅក្នុងកិច្ចសន្យា។

ក្រៅពីលោកឧត្ដមសេនីយ៍ Chakthip ក៏នៅមានមន្ត្រីប៉ូលិសផ្សេងៗទៀត ជាប់ពាក់ព័ន្ធដែរនោះ រួមានលោកឧត្តមសេនីយ៍ទោ ធីណាផាត ភូម៉ារីន (Tinapat Phumarin) ស្នងការរងនគរបាលភូមិន្ទថៃ ទទួលបន្ទុកការិយាល័យភស្តុភារ ដែលបានព្រមព្រៀតទិញសម្ភារទាំងនេះ, លោកឧត្តមសេនីយ៍ទោ សមពង់ ឈីងដួង (Sompong Chingduang) ស្នងការរង ទទួលបន្ទុកការិយាល័យអន្ដោប្រវេសន៍ និង លោកឧត្តមសេនីយ៍ទោ ស៊ូរ៉ាពង់ ឆៃចាន់ (Surapong Chaichan) ស្នងការរងនគរបាលខេត្ត តំបន់៧។
សូមជម្រាបថា Biometrics ជាឧបករណ៍វាស់វែង និង វិភាគស្ថិតិ នៃលក្ខណៈរូបវន្ត និង អាកប្បកិរិយារបស់មនុស្ស។ បច្ចេកវិទ្យានេះ ត្រូវបានប្រើជាចម្បង សម្រាប់ការកំណត់អត្តសញ្ញាណ និង ការគ្រប់គ្រងនូវការចូលប្រើប្រាស់ ហើយដើម្បីកំណត់អត្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមការឃ្លាំមើល៕ រក្សាសិទ្ធដោយ ៖ សារាយSN







