ភ្នំពេញ ៖ មានផេកហ្វេសប៊ុករបស់វៀតណាមមួយ បានដាក់ឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា រួមទាំងវេបសាយ និងបណ្តាញ ហ្វេសប៊ុករបស់ក្រុមប្រឆាំង បានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ខែកក្កដាថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ សមាគមវៀតណាមនៅកម្ពុជា សូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ស្វែងយល់អំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើរតាមការដឹកនាំដ៏ឆ្លាតវៃរបស់គាត់ និងគណបក្សរបស់គាត់ រួបរួមបោះឆ្នោតជូនគាត់ ហើយគោរពដឹងគុណដល់ស្តេចខ្មែរ នរោត្តម សីហមុនី របស់យើងទាំងអស់គ្នា។
ជាមួយនឹងការអំពាវនាវរបស់ផេក សមាគមវៀតណាមនៅកម្ពុជា នោះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត និងប្តឹងទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីចាត់វិធានការចំពោះហ្វេសប៊ុករបស់ក្រុមប្រឆាំងមួយចំនួន ដែលបានប្រឌិតព័ត៌មានថា សមាគមវៀតណាម អំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា ដើម្បីបង្កចលាចលនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា “ការផ្សព្វផ្សាយបែបនេះ គឺជាការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ហើយក្រសួងកំពុងស៊ើបអង្កេត ដើម្បីចាត់វិធានការជុំវិញបញ្ហានេះ ដែលលោកសង្ឃឹមថា អ្នកប្រព្រឹត្តល្មើសច្បាប់ ក្នុងចេតនារំខានដល់ការបោះឆ្នោតនៅកម្ពុជា នឹងត្រូវរកឃើញនៅពេលឆាប់ៗនេះ”។
ចំណែកលោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុង នូវការប្រឌិតរបស់បណ្តាញព័ត៌មាន ក្រុមប្រឆាំងបែបនេះដែរ។ ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោក នៅក្នុងប្រទេសកម្ពុជា។ ហើយករណីនេះ ខាងសមាគមរបស់លោក បានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ជាច្រើនដងរួចហើយដែរ។
លោក ស៊ឹម ជី បានបន្ថែមទៀតថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះ និងដាក់ពាក្យបណ្តឹងប្តឹងបន្តទៀត ទៅក្រសួងមហាផ្ទៃ ដើម្បីជំរាបឱ្យក្រសួងមានសមត្ថកិច្ច បានយល់អំពីបញ្ហានេះ ហើយសុំឱ្យមានវិធានការ។
បើតាមផេកហ្វេសប៊ុកឈ្មោះ Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា is feeling thankful in Phnom Penh. July 15 at 8:09 PM បានផ្សាយថា “ឥឡូវនេះបងប្អូនវៀតណាម គ្រប់រូបនៅកម្ពុជា អាចចូលសញ្ជាតិខ្មែរបានគ្រប់ពេលវេលា។
សមាគមវៀតណាមនៅកម្ពុជា ជម្រុញ និងនៅរង់ចាំជួយបងប្អូនទាំងអស់គ្នា ដើម្បីបានចូលសញ្ជាតិខ្មែរបើបងប្អូនមានបញ្ហាមិនចេះភាសាខ្មែរ ឬមិនដឹងច្បាប់ចូលសញ្ជាតិថ្មីរបស់កម្ពុជា ដែលបានឡាយព្រះហត្ថលេខាដោយស្តេច នរោត្តម សីហមុនី។ សម្រាប់បងប្អូនដែលបានចូលសញ្ជាតិរួចហើយ សមាគមវៀតណាមនៅកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្ដឲ្យបងប្អូនប្រុសស្រីគ្រប់រូបចូលរួមគ្រប់សកម្មភាព ក្នុងសង្គមជាតិរបស់យើង ក្នុងនាមយើងជាអ្នកទទួលខុសត្រូវម្នាក់ ចំពោះកម្ពុជាដែលជាប្រទេសរបស់យើង ដើម្បីអនាគតរបស់យើងទាំងអស់គ្នា ដោយសេចក្តីថ្លៃថ្នូរ និងដោយស្របច្បាប់ ជាពិសេសចូលរួមចំពោះបច្ចុប្បន្នភាព នៃកិច្ចការងារបោះឆ្នោតជាតិ ដែលរៀបចំដោយ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។
តាមការសង្កេតឃើញភាពជាក់ស្តែង យើងដឹងចិត្ដ ដឹងទស្សនៈរបស់បងប្អូនរួមជាតិខ្មែរយើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចទស្សនៈរបស់ សមាគមវៀតណាមនៅកម្ពុជា។ យើងដឹង និងយល់ឃើញថាៈ ប្រជាជនខ្មែរ និងវៀតណាមខ្មែរទាំងអស់គ្នា នៅទូទាំងប្រទេស ស្រុះស្រួលមូលមតិ សម្របសម្រួលគ្នារស់នៅជាសុខដុមរមនា ដូចបងប្អូនជនជាតិភាគតិចខ្មែរនៅវៀតណាម (កម្ពុជាក្រោម) ដែលបានរស់នៅជាមួយគ្នាសុខដុមរមនាយ៉ាងនោះដែរ ហើយនឹងចេញទៅបោះឆ្នោត ភ្លូកទឹកភ្លូកដីទាំងអស់គ្នានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ លើកលែងតែជនមួយក្រុមតូច ដែលរដ្ឋាភិបាលចាត់ទុកថាជាជនក្បត់ជាតិ មិនមានភាពស្មោះត្រង់ ស្មោះស្ម័គ្ររស់នៅជាសុខដុមរមនាជាមួយជាតិខ្លួនតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សមាគមវៀតណាមនៅកម្ពុជា សូមឲ្យបងប្អូនទាំងអស់ចូលរួមតាមដានសង្កេតមើល និងផ្តល់ដំណឹងឲ្យរដ្ឋាភិបាលយើងចំពោះទង្វើ និងសកម្មភាពឃុបឃិតណាមួយរបស់បុគ្គលណាមួយ ដែលមានបំណងអាក្រក់ ចូលដៃចូលជើងជាមួយក្រុមក្បត់ជាតិ ដូចជាការចូលរួមឃោសនាមិនឲ្យប្រជាជនចូលរួមការបោះឆ្នោត ឬខ្លួនឯងផ្ទាល់មិនព្រមទៅបោះឆ្នោតជាដើម ជាពិសេសតាមដានជន និងក្រុមអ្នកធ្វើបាតុកម្មនៅក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េ ដើម្បីយើងចាត់ការទៅតាមច្បាប់ជាធរមាន។
សមាគមវៀតណាមនៅកម្ពុជា សូមអាពាវនាវឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់អំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើរតាមការដឹកនាំដ៏ឆ្លាតវៃរបស់គាត់ និងគណបក្សរបស់គាត់ រួបរួមបោះឆ្នោតជូនគាត់ ហើយគោរពដឹងគុណដល់ស្តេចខ្មែរ នរោត្តម សីហមុនី របស់យើងទាំងអស់គ្នា”៕ ដោយ ៖ បញ្ញាស័ក្តិ