ភាពស្និទ្ធស្នាលរវាងរុស្សី និងកូរ៉េខាងជើង មិនមានការប្រែប្រួលអ្វីឡើយ ជាពិសេសកិច្ចសហប្រតិបត្តិការលើប្រព័ន្ធយោធា ដោយពេលនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃពុធម្សិលមិញ បានស្ងើចសរសើរភាពជាដៃគូរបស់លោក គឺកូរ៉េខាងជើង កំលុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) នៅឯទីក្រុងព្យុងយ៉ាង។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា កំលុងជំនួបខាងលើ លោក សូយហ្គូ បាននិយាយថា សម្រាប់រុស្ស៉ី កូរ៉េខាងជើងជាដៃគូដ៏សំខាន់មួយ ដែលមានព្រំប្រទល់ជាប់គ្នា និងមានប្រវត្តិនៃការធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងយូរអង្វែង។ លោកប្រមុខការពារជាតិរុស្ស៉ី បានបន្ថែមថា លោកនឹងបន្តចូលរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំថែមទៀត។
គួរកត់សម្គាល់ថា ពេលនេះ គណៈប្រតិភូជាន់ខ្ពស់រុស្ស៉ី និងចិន បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍ អបអរខួប នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ក្នុងសប្តាហ៍នេះ។ វាក៏ជាទស្សនកិច្ចលើកដំបូងដោយក្រុមមន្រ្តីបរទេសនៅកូរ៉េខាងជើង ដែលគេបានដឹងជាសាធារណៈផងដែរ គិតចាប់តាំងពីការបិទព្រំប្រទល់របស់ប្រទេសឯកោមួយនេះរយ:ពឹលវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

សូមបញ្ជាក់ថា គេមើលឃើញស្ទើរតែគ្រប់គ្នាទៅហើយ សង្រ្គាមនៅអ៊ុយក្រែន រួមនឹងភាពតានតឹងរវាងអាមេរិក ជាមួយកូរ៉េខាងជើង ពិតជាបានរុញច្រានឱ្យសម្ព័ន្ធមិត្តរវាង រុស្ស៊ី និងកូរ៉េខាងជើង ខិតចូលកៀកស្និទ្ធស្នាលគ្នាជាង ពេលណាៗ ទាំងអស់។ នៅក្នុងដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងពិធីបុណ្យប្រារព្ធខួប ៧០ ឆ្នាំ ការបិទបញ្ចប់សង្រ្គាមកូរ៉េ ដែលត្រូវ ប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានថ្លែងចាត់ទុក កូរ៉េខាងជើងជារដ្ឋមិត្តនិងដៃគូដ៏សំខាន់របស់រុស្ស៊ី។
រុស្ស៊ី ស្ថិតក្នុងចំណោមប្រទេស ដ៏កម្រដែលនៅបន្តរក្សា ទំនាក់ទំនង និងបោះឆ្នោត ប្រឆាំង នៅឯក្រុមប្រឹក្សា សន្តិសុខ ដើម្បី ការពារ កូរ៉េខាងជើង ពី ការដាក់ទណ្ឌកម្ម ថ្មីបន្ថែម របស់ សហគមន៍អន្តរជាតិ ក្នុងរឿងអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរយោធា។

ជាការឆ្លើយតប កូរ៉េខាងជើង បានបោះឆ្នោតប្រឆាំង នឹងសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ដែល ថ្កោលទោស សង្រ្គាមរុស្ស៊ីឈ្លានពាន អ៊ុយក្រែន។ តាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា កូរ៉េខាងជើងគាំទ្រទាំងស្រុងចំពោះកងទ័ព និង ប្រជាជនរុស្ស៊ី ក្នុងការតស៊ូប្រយុទ្ធ ដើម្បីការពារ ដែនអធិបតេយ្យភាព ការអភិវឌ្ឍ និងផលប្រយោជន៍របស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN












