រាជធានីតូក្យូ៖ ជប៉ុន ជាប្រទេសដ៏ជឿនលឿនបំផុត នៅទ្វីបអាស៊ី ហើយក៏ជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង មហាយក្សចិន ប៉ុន្ដែបច្ចុប្បន្ន ប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីបូព៌ាមួយនេះ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីចំនួនប្រជាជនរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ។

សារព័ត៌មានដ៏ធំបំផុត និង មានអាយុកាលយូរជាងគេបំផុតរបស់ជប៉ុន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាល ចេញផ្សាយ កាលពីថ្ងៃពុធ បង្ហាញ ថា ប្រទេសជប៉ុន បានជួបប្រទះនូវការថយចុះចំនួនប្រជាជនយ៉ាងច្រើនបំផុត នៅក្នុងខេត្តទាំងអស់ សរុប៤៧ខេត្ត កាលពីឆ្នាំ២០២២ ហើយនេះជាចំនួនថយចុះជាលើកដំបូងបង្អស់។ បើទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នករស់នៅមិនមានជាជនជាតិជប៉ុន បានកើនឡើង ដល់កម្រិតខ្ពស់ ដែលធ្វើឱ្យមានការបាត់បង់ចំនួនប្រជាជនមួយចំនួន។

ក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនងរបស់ប្រទេសជប៉ុន បានបញ្ចេញទិន្នន័យរបស់ខ្លួន ដោយផ្អែកលើការចុះឈ្មោះស្នាក់ នៅគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ថា ប្រជាជនជប៉ុនបានធ្លាក់ចុះ ប្រហែល ៨០០ ០០០នាក់ ឬស្មើនឹងប្រហែល 0,៦៥ភាគរយ មកនៅត្រឹមតែ ១២២,៤លាននាក់ នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន ដោយបានធ្លាក់ចុះរយៈពេល១៤ឆ្នាំជាប់ៗគ្នា។
ក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនងរបស់ប្រទេសជប៉ុន បានបន្ដ ថា ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន មានចំនួន ១២៥,៤១លាននាក់ ប៉ុន្ដែបានធ្លាក់ចុះជាងកន្លះលាននាក់ បើធៀបនឹងឆ្នាំមុន ប៉ុន្ដែមានការកើនឡើង ប្រហែល១០,៧ភាគរយ សម្រាប់ជនបរទេស បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសជប៉ុន។

លោក យូ កូរេកាវ៉ា (Yu Korekawa) នាយកវិទ្យាស្ថានជាតិប្រជាជន និង ស្រាវជ្រាវសន្ដិសុខសង្គម (IPSS) បានបញ្ជាក់ ថា គាត់មិនមានការភ្ញាក់ផ្អើល ចំពោះការបន្ដថយចុះ ពីចំនួនប្រជាជនជប៉ុន នោះឡើយ។ ប៉ុន្ដែគាត់បានកត់សម្គាល់ឃើញ ថា វាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការយកចិត្តទុកដាក់ ចំពោះការកើនឡើង នៃចំនួនប្រជាជនបរទេស នៅក្នុងប្រទេសជប៉ុន។
ការកើនឡើង នៃចំនួនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន គឺជាការកើនឡើងដ៏ច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីក្រសួង បានចាប់ផ្តើមធ្វើស្ថិតិ នៅក្នុងឆ្នាំ 2013។ ប៉ុន្ដែឥឡូវនេះ ប្រជាជនបរទេសរបស់ជប៉ុន មានចំនួនប្រហែល ២,៤ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប៕ រក្សាសិទ្ធដោយ ៖ សារាយSN

















