រាជធានីបាងកក៖ ក្រោយពេលសភាទាំង២របស់ប្រទេសថៃ បានច្រានចោលនូវការតែងតាំងជាថ្មីរបស់មេដឹកនាំបក្សប្រឆាំងឈ្នះឆ្នោត កាលពីថ្ងៃទី១៩ ខែកក្កដា និង មានញត្ដិតវ៉ាជាច្រើន រួចមក តុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ បានកំណត់អំពីពេលវេលា សម្រាប់ការពិចារណា លើសេចក្ដីសម្រេចចិត្តរបស់ខ្លួន នៅខែសីហាខាងមុខនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា បើតាមប្រភពមួយ បានអះអាង ថា តុលាការធម្មនុញរបស់ប្រទេសថៃ នឹងពិចារណា នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ខាងមុខ ថាតើតុលាការ នឹងទទួលយកការពិភាក្សា លើញត្តិ ទាក់ទងនឹងការតែងតាំងជាថ្មីរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) ហៅកាត់ MFP លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ជានាយករដ្ឋមន្ត្រីដែរឬយ៉ាងណា។

អាជ្ញាធរត្រួតពិនិត្យបណ្ដឹង កាលពីដើមសប្ដាហ៍នេះ បានស្នើទៅតុលាការធម្មនុញ្ញ ឲ្យសម្រេចទៅលើការបដិសេធនូវការតែងតាំងជាថ្មីរបស់លោក ភីថា ហើយបញ្ជាទៅរដ្ឋសភា ឲ្យផ្អាកនូវបោះឆ្នោតនាយករដ្ឋមន្រ្ដីថ្មី។ ប៉ុន្ដែបើតាមអាជ្ញាធរត្រួតពិនិត្យបណ្ដឹងនោះ បានឲ្យដឹង ថា មានបណ្ដឹងជាច្រើន ទាំងមកពីសាធារណជន និង សមាជិកសភា បានដាក់មកកាន់ការិយាល័យរបស់ខ្លួន ក្រោយការប្រជុំរួមរបស់សមាជិកសភា និង ព្រឹទ្ធសមាជិក បានច្រានចោលនូវការតែងតាំងជាថ្មីរបស់លោក ភីថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ពាក្យបណ្ដឹងទាំងនោះ បានអះអាង ថា ការបដិសេធរបស់សភា បានធ្វើឡើង ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ទើបអាជ្ញាធរត្រួតពិនិត្យបណ្ដឹង បានសម្រេចស្វែងរកការពិនិត្យឡើងវិញ ពីតុលាការធម្មនុញ្ញ ហើយស្នើសុំឱ្យសភា ពន្យារពេលបោះឆ្នោតនាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការខូចខាតដល់ការសម្រេចចិត្តណាមួយ នាំឲ្យពិបាកជួសជុលឡើងវិញ។

បើទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតមួយផ្សេងទៀត គ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា នេះ ប៉ុន្ដែលោក វ៉ាន់ មូហាម៉ាត ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភា បានសម្រេចពន្យារពេលបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ មុននឹងបន្ដកិច្ចការរបស់ខ្លួន។
លោកប្រធានសភាជាន់ទាបថៃ បានអះអាង កាលពីថ្ងៃពុធ ថា ការសម្រេចចិត្តរបស់គាត់ នៅក្នុងការពន្យារពេលការបោះឆ្នោត មិនជាប់ពាក់ព័ន្ធ ជាមួយនឹងការប៉ុនប៉ងរបស់គណបក្សភឿថៃ សម្រាប់ការទទួលបាននូវការគាំទ្រ មកពីសភា សម្រាប់បេក្ខជននាយករដ្ឋមន្ត្រីណាមួយ នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំង៣របស់ខ្លួននោះឡើយ។ ការជ្រើសរើសនាយករដ្ឋមន្ត្រី គួររង់ចាំ ព្រោះការិយាល័យប្រជាពលរដ្ឋ កំពុងស្វែងនូវរកការពិនិត្យ តាមប្រព័ន្ធតុលាការ ហើយគាត់នឹងកោះប្រជុំរួមគ្នាជាថ្មីរបស់សភាទាំង២ ប្រសិនបើតុលាការធម្មនុញ្ញ បដិសេធសំណើសុំពិភាក្សា។

លោក វ៉ាន់ មូហាម៉ាត ណ័រ ម៉ាថា បានបញ្ជាក់ ថា «បញ្ហានេះ ត្រូវបានគេសន្មត់ ថា តុលាការធម្មនុញ្ញ អាចនឹងសម្រេច ថាតើត្រូវអនុម័តសេចក្តីសម្រេចលើញត្តិ នៅថ្ងៃទី៩ ខែសីហា ឬយ៉ាងណា។ ប្រសិនបើតុលាការលុបចោលញត្តិនោះ ខ្ញុំអាចកំណត់ពេលប្រជុំ ជ្រើសរើសនាយករដ្ឋមន្ត្រី ភ្លាមៗតែម្ដង។ ប៉ុន្តែសភាត្រូវតែជូនដំណឹង ទៅកាន់សមាជិករបស់ខ្លួន នៅក្នុងរយៈពេល៣ថ្ងៃមុន»។
បើទោះជាយ៉ាងណា លោកប្រធានសភា បានសម្តែងនូវការមិនយល់ស្រប ជាមួយនឹងសមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ មួយចំនួន គ្រោងនឹងស្នើឱ្យសភា ពិនិត្យឡើងវិញនូវដំណោះស្រាយរបស់សភា លើការតែងតាំងជាថ្មីរបស់លោក ភីថា ដោយបាននិយាយ ថា បញ្ហានេះគួរតែរង់ចាំនូវការសម្រេចចិត្តរបស់តុលាការ។

លោក ឈួន លីផៃ (Chuan Leekpai) សមាជិកសភាក្នុងបញ្ជីរបស់គណបក្សប្រជាធិបតេយ្យ បានអះអាង កាលពីថ្ងៃពុធ ថា ការជ្រើសរើសនាយករដ្ឋមន្ត្រី ទំនងជាត្រូវបានបញ្ចប់យ៉ាងល្អនៅមុនពេលអាណត្តិ រយៈពេលប្រាំឆ្នាំ នៃសមាជិកព្រឹទ្ធសភា ដែលបានតែងតាំង ដោយពួកយោធា ត្រូវផុតកំណត់។
លោក ឈួន លីផៃ កំពុងតែឆ្លើយតបទៅនឹងសំណួរជាច្រើន ជុំវិញការអំពាវនាវ មកពីគណបក្សតូចៗមួយចំនួន នៅក្នុងសម្ពន្ធភាពចម្រុះចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) ថា សមាជិកព្រឹទ្ធសភា គួរតែរង់ចាំដល់អាណត្តិរបស់ព្រឹទ្ធសភា នឹងបញ្ចប់ នៅខែឧសភា ឆ្នាំ២០២៣។ ដូច្នេះបេក្ខជននាយករដ្ឋមន្ត្រី អាចនឹងត្រូវជ្រើសរើស ដោយសភាតំណាងតែមួយប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN









