រាជធានីបាងកក៖ ក្រោយពេលមេដឹកនាំយោធាធ្វើរដ្ឋប្រហារបណ្ដេញនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ អស់រយៈពេលល១៧ឆ្នាំកន្លងមក ឥឡូវនេះ គាត់បានងាកមកគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសកំណើត ហើយចង់ឃើញឱកាសផ្សះផ្សាជាតិឡើងវិញ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ថា អតីតអគ្គមេបញ្ជាការកងទ័ពថៃ ដែលបានដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកនាយករដ្ឋមន្រ្ដី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) កាលពី១៧ឆ្នាំមុន ឥឡូវនេះ ងាកមកគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃ ហើយចង់ឃើញប្រទេសអាស៊ានមួយនេះ មានឱកាសល្អ សម្រាប់ការផ្សះផ្សាជាតិ។

លោកឧត្ដមសេនីយ៍ សុនធី ប៊ូនយ៉ារ៉ាតគ្លីន (Sonthi Boonyaratglin) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា លោក ថាក់ស៊ីន មានសិទ្ធិវិលត្រឡប់ មកកាន់ប្រទេសកំណើតរបស់គាត់វិញ ហើយបញ្ហានេះ នឹងផ្ដល់ឱកាសឲ្យគាត់ ចូលទៅក្នុងប្រព័ន្ធយុត្ដិធម៌ ហើយដោះស្រាយសំណុំរឿង តាមផ្លូវច្បាប់ ប្រឆាំងនឹងរូបគាត់។
បើតាមអតីតមេបញ្ជាការកំពូលរបស់កងទ័ពថៃ រូបនេះ បានឲ្យដឹងទៀត ថា លោក ថាក់ស៊ីន បានប្រាប់គាត់ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការធ្វើរដ្ឋប្រហារយោធា នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០០៦ ថា គាត់ជាសុភាពបុរស និង មានអត្តចរិតល្អ ខណៈគាត់កំពុងតែទន្ទឹងរង់ចាំនូវការផ្សះផ្សាជាតិ។
ស្របពេល គណបក្សភឿថៃ កំពុងតែដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនោះ លោកឧត្ដមសេនីយ៍ សុនធី បានសង្កត់ធ្ងន់ ថា គណបក្សមួយនេះ ទំនងជានឹងផ្តោត លើការស្វែងរកដំណោះស្រាយជម្លោះ នៅក្នុងប្រទេសជាតិ។ កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ ផងដែរ។

លោកឧត្ដមសេនីយ៍ បានបន្ដ ថា «ប្រសិនបើមានជម្លោះ នៅក្នុងប្រទេស វាពិតជាមានការពិបាកបំផុត សម្រាប់ការគ្រប់គ្រងជាតិ។ នេះក៏ជាឱកាសដ៏ល្អ សម្រាប់ប្រទេសជាតិ ដោះស្រាយបញ្ហាទាំងអស់នេះ»។
លោកឧត្ដមសេនីយ៍ បានបន្ថែម ថា គាត់ជាសិស្សជំនាន់ទី៦ នៃសាលាត្រៀមរបស់កងយោធពលខេមរភូមិន្ទថៃ ហើយលោក ថាក់ស៊ីន ជាសិស្សប្អូន នៅសាលាដូចគ្នានេះ។ សិស្សទាំងអស់ ត្រូវបានអប់រំឲ្យចេះស្រឡាញ់ជាតិ សាសនា និង ព្រះមហាក្សត្រ។
លោកឧត្ដមសេនីយ៍ សុនធី បានបន្ថែមទៀត ថា «យើងដឹង ថា ស្ថាប័នរាជវង្ស បានរួមចំណែកអ្វីខ្លះ សម្រាប់ការកសាងប្រទេសជាតិ។ ខ្ញុំជឿជាក់ ថា ព្រះអង្គ នៅតែមានភក្តីភាពបែបនេះដដែល»។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃពុធ ថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋាន ដន មឿង (Don Mueang) នាថ្ងៃទី១០ ខែសីហា ខាងមុខ។
លោកស្រី បានសរសេរបន្ដ ថា «គ្រួសាររបស់យើង មានទាំងសេចក្ដីត្រេកអរផង និង ការព្រួយបារម្ភផង។ ប៉ុន្ដែយើងត្រូវតែគោរព តាមការសម្រេចចិត្តរបស់ឪពុកយើង»។
បន្ថែមពីលើនេះ លោកស្រី ផេថុងថាន បានជូនពរដល់ឪពុករបស់លោកស្រី ជាមួយនឹងក្ដីសង្ឃឹម ថា ឪពុករបស់លោកស្រី នឹងមានសុខភាពល្អ ហើយមានសុវត្ថិភាព។ គាត់អាចបំពេញបំណងរបស់គាត់ បញ្ជូនចៅៗទៅសាលារៀន ជាប្រចាំថ្ងៃ។ ឪពុករបស់លោកស្រី ជានាយករដ្ឋមន្ត្រី ដែលត្រូវបានគេទទួលស្គាល់ ថា គាត់បានចូលរួមចំណែក ជួយកសាងដល់ប្រទេសជាតិ ច្រើនជាងគេ។ ប៉ុន្តែគាត់បានប្រឈមនឹងការលំបាកខ្លាំង និង ការបៀតបៀនជាច្រើនផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN




















