រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែតានតឹង ខណៈសហរដ្ឋអាមេរិក ព្រួយបារម្ភកាន់តែខ្លាំងឡើង ពីប្រទេសចិន អាចលួចយកបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួន ទៅធ្វើយោធូបនីយកម្ម ទើបឈានដល់ការកំណត់គោលដៅ លើការគ្រប់គ្រងនូវការនាំចេញទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ ប៉ុន្ដែសកម្មភាពបែបនេះ នឹងនាំឲ្យខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសមហាអំណាចមួយនេះ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៨ ខែកក្កដា ថា លោកស្រី ហ្គីណា រេម៉ុនដូ (Gina Raimondo) រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាក់ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងតែសម្លឹងមើល កំណត់គោលដៅយ៉ាងប្រយ័ត្នប្រយែង លើការគ្រប់គ្រងនូវការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន។ ប៉ុន្ដែបទប្បញ្ញត្ដិនេះ នឹងធ្វើឲ្យក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ខាតបង់ប្រាក់ចំណូលមួយចំនួនផងដែរ។
លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែង នៅក្នុងវេទិកាមួយ ថា «ការរឹតបន្តឹង មិនគួរធ្វើជាលក្ខណៈទូលំទូលាយនោះទេ ព្រោះប្រៀបបីដូចជាអ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកជាច្រើនផងដែរ។ ប្រទេសចិន អាចទទួលយកផលិតផល មកពីកន្លែងផ្សេងៗ ឬ ប្រទេសចិនអាចទទួលយកផលិតផល មកពីប្រទេសផ្សេងៗទៀត។ ច្បាប់នេះ នឹងរាំងខ្ទប់ដល់ប្រាក់ចំណូលមួយចំនួនរបស់ក្រុមហ៊ុនអាមេរិកជាច្រើនផងដែរ ប៉ុន្តែយើងគិត ថា វាមានតម្លៃខ្លាំង»។

នាយកប្រតិបត្ដិក្រុមហ៊ុនបន្ទះឈីបជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍កន្លងទៅនេះ បានជួបជាមួយនឹងមន្រ្ដីកំពូលៗ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយរួមទាំងលោកស្រី រេម៉ុនដូ ផងដែរ ដើម្បីពិភាក្សាគ្នា អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ផ្ដោតលើប្រទេសចិន ដោយសារតែក្រុមអ្នកបញ្ចុះបញ្ចូលដល់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុត បានជំរុញឱ្យបញ្ឈប់នូវការរាំងខ្ទប់បន្ថែមទៀត ដែលកំពុងតែលើកយកមកពិចារណា។
លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន កំពុងតែជួបពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីទទួលយកចំណុចដ៏ត្រឹមត្រូវ។ ដូច្នេះយើងមិនធ្វើឲ្យខូចខាត ដល់ពាណិជ្ជកម្មរបស់អាមេរិក ប៉ុន្តែយើងពិតជាការពារដល់សន្តិសុខជាតិអាមេរិក ដោយស្មោះត្រង់»។

បើតាមសមាគមឧស្សាហកម្មក្រុមហ៊ុនផលិតបន្ទះឈីប បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ប្រទេសចិន មានលុយរហូតដល់ ១៨០ពាន់លានដុល្លារ សម្រាប់ទិញ Semiconductor ដែលស្មើនឹងជិត១ភាគ៣ នៃចំនួនសរុប នៅទូទាំងពិភពលោក ដែលមានចំនួន ៥៧៤,១ពាន់លានដុល្លារ និង ជាទីផ្សារដ៏ធំបំផុតតែមួយគត់។
ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍សហរដ្ឋអាមេរិក Nvidia, ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក Qualcomm និង ក្រុមហ៊ុនសាជីវកម្ម និង បច្ចេកវិទ្យាពហុជាតិសាសន៍អាមេរិក Intel បានការលក់កើនឡើងច្រើន ទៅកាន់ប្រទេសចិន។ ស្របគ្នានេះ ក្រុមហ៊ុន Qualcomm ក្លាយជាក្រុមហ៊ុនតែមួយគត់ ទទួលបានអាជ្ញាប័ណ្ណពីនិយតករអាមេរិក លក់ឈីបទូរស័ព្ទចល័ត ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ។

បច្ចុប្បន្ន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងតែពិចារណា អំពីការធ្វើបច្ចុប្បន្នភាពច្បាប់ដ៏ធំទូលាយមួយ នឹងត្រូវដាក់ចេញ នៅក្នុងខែតុលា ដើម្បីទាក់ទាញឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន និង បទបញ្ជាប្រតិបត្តិថ្មី ដោយដាក់កម្រិតទៅលើការវិនិយោគនៅក្រៅប្រទេសមួយចំនួន។
លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម រេម៉ុនដូ បានបន្ថែម ថា «ការបង្កើតច្បាប់នេះ មិនមែនរារាំងដល់ប្រទេសចិន ឬ បដិសេធបច្ចេកវិទ្យាទំនិញនោះទេ។ ប៉ុន្ដែប្រទេសចិន ចង់ប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់ជំរុញវិស័យយោធារបស់ក្រុងប៉េកាំង ទើបយើងមិនអនុញ្ញាតឲ្យធ្វើដូច្នោះឡើយ។
លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ថែម ថា «តារាងពេលវេលា គឺលឿន តាមអ្វីដែលយើងអាចធ្វើទៅបាន ហើយត្រូវតែប្រាកដ ថា វាត្រឹមត្រូវ»។
លោកស្រីរដ្ឋមន្រ្ដី រេម៉ុនដូ, លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក, លោក ឡាអែល ប្រេណាដ (Lael Brainard) នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) នាយកក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមមន្ត្រីជានខ្ពស់ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បៃដិន បានជួបពិភាក្សា ជាមួយនឹងប្រធានក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពីសប្តាហ៍មុន៕ រក្សាសិទ្ធដោយ ៖ សារាយSN























