រដ្ឋធានីណៃពិដោរ៖ មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយបច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ កំពុងតែប្រឈមនឹងសង្គ្រាមស៊ីវិល និង វិបត្ដិស្បៀងអាហារដ៏ធ្ងន់ធ្ងរបំផុត ខណៈប្រជាកសិករ ប្រហែល៤៨ភាគរយ នៅក្នុងចំណោមប្រជាជនសរុបរបស់ប្រទេស ជាង ៥៧,៥លាននាក់ កំពុងតែព្រួយបារម្ភ អំពីការអត់ម្ហូបអាហារទទួលទាន។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា អ្នកស្រី ម៉ា អាយេ មីយ៉ា (Ma Aye Mya) បានអះអាង ថា «ប្ដីរបស់ខ្ញុំមានជំងឺ ហើយខ្ញុំកំពុងតែស្ថិតក្នុងស្ថានភាពអត់ឃ្លាន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ដូច្នេះខ្ញុំមិនមានអាហារគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមកូនៗរបស់ខ្ញុំនោះឡើយ។
ចាប់តាំងពីដើមខែកក្កដានេះ រហូតមក ស្រ្ដីជាម្ដាយ ដែលមានកូន ចំនួន៧នាក់ បានកាត់បន្ថយបរិមាណអង្ករ ដែលគាត់ធ្លាប់ដណ្ដាំ សម្រាប់គ្រួសាររបស់គាត់ ព្រោះតែប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ មិនមានគ្រប់គ្រាន់ សម្រាប់ចំណាយទៅលើថ្លៃម្ហូបអាហារ និង សម្ភារៈប្រើប្រាស់ដ៏ចាំបាច់ផ្សេងៗទៀត។

អ្នកស្រី ធ្លាប់តែដណ្ដាំអង្ករ ចំនួន៣គីឡូក្រាម ជារៀងរាល់ថ្ងៃ សម្រាប់គ្រួសារមួយ មានសមាជិក ចំនួន៩នាក់។ ប៉ុន្ដែឥឡូវ ពួកគេអាចលៃលក កាត់បន្ថយ មកនៅត្រឹមតែ២,២គីឡូក្រាមប៉ុណ្ណោះ ក្រោយពេលតម្លៃអង្ករ បានកើនឡើងទ្វេដង នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ តម្លៃម្ហូបអាហារចាំបាច់បំផុត មានដូចជា សាច់ និង បន្លែ ក៏បានកើនឡើងខ្ពស់ ហើយវាកំពុងតែជំរុញឲ្យប្រជាជនមីយ៉ាន់ម៉ា ប្រឈមមុខនឹងបញ្ហាខ្លាំង ដូចជា អ្នកស្រី ម៉ា អាយេ មីយ៉ា… ជាដើម។
អ្នកស្រី ម៉ា អាយេ មីយ៉ា បានប្រាប់ដល់សារព័ត៌មាន The Irrawaddy ថា គាត់មានអាយុប្រហែល៤០ឆ្នាំ ហើយរកចំណូលបាន ពីការរើសអេតចាយ យកទៅលក់ឱ្យឈ្មួញ។ រីឯប្តីរបស់គាត់ មិនអាចធ្វើការងារអ្វីកើតនោះទេ ព្រោះតែប្ដីគាត់មានបញ្ហាសុខភាព។ នេះចង់និយាយថា គាត់ជាមេគ្រួសារ ដែលមានសមាជិក ចំនួន៩នាក់។

អ្នកស្រី ម៉ា អាយេ មីយ៉ា និង កូនស្រីពៅ ដែលជិះនៅក្នុងរទេះអេតចាយ បានចាកចេញពីផ្ទះ ចាប់តាំងពីព្រឹកព្រលឹម ដោយដើររើសអេតចាយ នៅភាគខាងកើត ទីប្រជុំជនដាហ្គោន (Dagon) ទីក្រុងយ៉ាំងហ្គូន (Yangon) ជាកន្លែងដែលពួកគេរស់នៅ។ រីឯប្រាក់ចំណូលបន្ថែមទៀត សម្រាប់គ្រួសាររបស់ពួកគេ ទទួលបាន ពីកូនស្រីច្បង ធ្វើការ នៅក្នុងរោងចក្រកាត់ដេរ ដោយទទួលបានត្រឹមតែ ១០ ០០០ខ្យាត (kyat លុយរបស់ប្រទេសមីយ៉ាន់ម៉ា) ឬប្រហែលនឹង៣ដុល្លារអាមេរិកតែប៉ុណ្ណោះ នៅក្នុង១ថ្ងៃ។ ប្រាក់សរុបទាំងនេះ នៅតែមិនមានចំនួនគ្រប់គ្រាន់ សម្រាប់ទូទាត់ចំណាយ លើម្ហូបអាហារ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចលក្នុងសង្គម និង នយោបាយ ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។ ភាពវឹកវរ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប្រាក់ខ្យាតរបស់មីយ៉ាន់ម៉ា ដាំក្បាលចុះយ៉ាងគំហុក និង អតិផរណា បានកើនឡើងយ៉ាងខ្លាំង ដោយសារតែរបបយោធា គ្រប់គ្រងមិនត្រឹមត្រូវ និង ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ទើបនាំឱ្យតម្លៃម្ហូបអាហារ និង តម្លៃប្រេងឥន្ធនៈ ហក់ឡើងខ្ពស់ ហើយវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅប្រជាជន នៅក្នុងប្រទេសអាស៊ានមួយនេះ។
បន្ថែពីលើវិបត្ដិដ៏ធ្ងន់ធ្ងរនេះ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីខែមិថុនា បានដាក់ទណ្ឌកម្ម មកលើធនាគារចំនួន២ គ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា រួមមាន ធនាគារពាណិជ្ជអន្ដរជាតិមីយ៉ាន់ម៉ា (MFTB) និង ធនាគារវិនិយោគ និង ពាណិជ្ជមីយ៉ាន់ម៉ា (MICB)។ ការប្រកាស អំពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចនេះ បានបង្ហាញ ថា អត្រាប្ដូរប្រាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ជិត ៣ ២០០ខ្យាត ក្នុង១ដុល្លារអាមេរិក ដោយកើនឡើង ជាងទ្វេដង នៅមុនរដ្ឋប្រហារ។ រីឯអត្រាប្ដូរប្រាក់ នៅក្នុងខែមករា ឆ្នាំ២០២១ គឺ ១ ៣០០ខ្យាត ក្នុង១ដុល្លារអាមេរិក។

ស្របគ្នានេះដែរ នៅក្នុងមករា ឆ្នាំ២០២១ គឺអង្ករ១បាវ មានតម្លៃត្រឹមតែ ៥០ ០០០ខ្យាត ប៉ុន្ដែឥឡូវ បានឡើងដល់ ១២៨ ០០០ខ្យាត។ រីឯប្រេងឆា ផលិតពីដូងប្រេង នៅក្នុង១ដបមានចំណុះ ១,៦លីត្រ មានតម្លៃត្រឹមតែ ២ ៥០០ខ្យាត ប៉ុន្ដែឥឡូវ បានកើនឡើង ដល់ ៩ ០០០ខ្យាត។
ធនាគារពិភពលោក បានប៉ាន់ប្រមាណនូវការវាស់ស្ទង់របស់ខ្លួន កាលខែឧសភា រកឃើញ ថា គ្រួសារកសិកររបស់ប្រទេសមីយ៉ាន់ម៉ា ប្រហែល៤៨ភាគយ កំពុងតែព្រួយបារម្ភ អំពីការមិនមានស្បៀងអាហារបរិភោគគ្រប់គ្រាន់ ពោលគឺកើនឡើងពីប្រហែល ២៦ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ របាយការណ៍ខែមិថុនារបស់ធនាគារ បានអះអាង ថា អតិផរណាម្ហូបអាហារ កើនឡើងខ្ពស់ និង ប្រាក់ចំណូលទាប។ នេះមានន័យ ថា សន្តិសុខស្បៀងអាហារ និង អាហារូបត្ថម្ភ កំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាព កាន់តែអាក្រក់ទៅៗ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣នេះ។
ស្របគ្នានេះដែរ លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) មេដឹកនាំរដ្ឋាភិបាលយោធា ក៏បានទទួលស្គាល់ អំពីការកើនឡើងតម្លៃទំនិញ នៅក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសហព័ន្ធន៍សភាពាណិជ្ជកម្ម និង ឧស្សាហកម្មមីយ៉ាន់ម៉ា (UMFCCI) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

























