Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះគ្រាប់បែកបណ្ដាលឱ្យស្លាប់ ៥០នាក់ និងរបួសជាង ១០០នាក់ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វានីស្ថាន

ក្រុមមន្ត្រីប៉ូលិស និងក្រុមអ្នកជួយដែលបានចូលរួមអន្តរាគមន៍សង្គ្រោះបន្ទាន់បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៥០នាក់ បានស្លាប់ និងជាង១០០នាក់ទៀតរងរបួស កាលពីថ្ងៃអាទិត្យមុននេះ នៅពេលដែលការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ សំដៅលើការប្រមូលផ្តុំគណបក្សនយោបាយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថាលោក មូហាម៉េដ អ៊ីស្រា (Muhammad Israr) អ្នកនាំពាក្យប៉ូលិសខេត្ត បាននិយាយថា ការបំផ្ទុះនេះបានកើតឡើងអំឡុងពេលការជួបជុំជាសាធារណៈមួយ ដែលរៀបចំដោយគណបក្សស្តាំនិយម (Jamaat Ulema-e-Islam ឬហៅកាត់ថា JUI-F នៅទីក្រុង Khar នៃខេត្ត Bajaur ជាប់ព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។

លោក ហាម៉េដ អ៊ីស្រា (Muhammad Israr) បានបញ្ជាក់ថា មនុស្ស ៥០នាក់ត្រូវបានសម្លាប់ និងជាង ១០០នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះនេះ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់មុខសញ្ញានៃការបំផ្ទុះនេះ និងភាពធ្ងន់ធ្ងររបស់វា។

ងាកទៅ លោក មួឡាណា Maulana ហ្វាស៊្លូ រ៉ាមេន (Fazlur Rahman) ដែលជាប្រធានគណបក្ស (Jamaat Ulema-e-Islam ឬហៅកាត់ថា JUI-F បានសម្តែងការតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សបានថ្លែងថា គណបក្សទាមទារឱ្យនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីរបស់ប្រទេស ធ្វើការស៊ើបអង្កេតលើអំពើហិង្សាដ៏អាក្រក់នេះ។ ក្រុមនេះក៏បានជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនរក្សាភាពស្ងប់ស្ងាត់ផងដែរ ហើយបានអំពាវនាវឱ្យអាជ្ញាធរខេត្ត និងសហព័ន្ធផ្តល់ការថែទាំព្យាបាលឱ្យបានល្អបំផុតសម្រាប់អ្នករបួសដែលជួបជុំ។

ក្រុមអ្នកតាមដានអន្តរជាតិនិយាយឱ្យដឹងថា តំបន់កុលសម្ព័ន្ធនៅភាគពាយព្យប្រទេសប៉ាគីស្ថាន គឺជាទីតាំងដ៏រឹងមាំមួយរបស់ពួកសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ឬហៅថា TTP , ជាយូរយារណាស់មកហើយ ក្រុមសកម្មប្រយុទ្ធនេះតែងតែធ្វើការវាយប្រហារយ៉ាងសាហាវ លើកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ, ហើយក្នុងរយៈចុងក្រោយនេះ ការវាយប្រហាររឹតតែមានការកើនឡើងថែមទៀត ក្រោយពួកតាលីបង់អាហ្វហ្គានីស្ថាន ឡើងកាន់អំណាចដឹកនាំប្រទេសកាលពីឆ្នាំ២០២១ ដែលជាប្រទេសមានព្រំដែនជាប់គ្នានឹងប៉ាគីស្ថាន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×