Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សយោធានិយម នៅតែចង់រារាំង ដល់គណបក្សប្រឆាំងឈ្នះឆ្នោតនៅថៃ

រាជធានីបាងកក៖ ក្រោយពេលគណបក្សប្រឆាំងឈ្នះឆ្នោត បានរងបរាជ័យ មិនទទួលបានសំឡេងគាំទ្រ ពីសមាជិកសភា និង ព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមកនេះ ប៉ុន្ដែឥឡូវ គណបក្សយោធានិយមដែលទទួលបានសំឡេងសភាច្រើនលំដាប់ទី៣ នៅតែមិនចង់ចូលរួម ជាមួយនឹងរដ្ឋាភិបាលចម្រុះ ប្រសិនបើមានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ថា លោក អានុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) ប្រធានគណបក្សភូមចៃថៃ (Bhumjaithai ) បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា គណបក្សរបស់គាត់ នឹងមិនចូលរួម នៅក្នុងរដ្ឋាភិបាលចម្រុះនោះឡើយ ប្រសិនបើរដ្ឋាភិបាលថ្មីមួយនេះ នឹងរាប់រួមបញ្ចូលជាមួយនឹងគណបក្សឆ្ពោះទៅ (MFP) ដឹកនាំដោយលោក ភីថា លីមចារឿនរ៉ាត។

គណបក្សភូមចៃថៃ បានឈ្នះសំឡេង ភាគច្រើនលំដាប់ទី៣ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានអាសនៈសភា ចំនួន៧១ នៅក្នុងចំណោមអាសនៈសភា ចំនួន៥០០។ ប៉ុន្ដែលោក អានុទិន ឆានវីរ៉ាគុល ប្រធានគណបក្សភូមចៃថៃ បានប្រកាន់ជំហរយ៉ាងរឹងត្អឹង ជាមួយនឹងទស្សនៈចាស់របស់គាត់ ថា គណបក្សរបស់គាត់ នឹងមិនចូលរួម ជាមួយរដ្ឋាភិបាលចម្រុះ ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មីនេះ មានវត្ដមានគណបក្សឆ្ពោះទៅមុខ។

គណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងឆ្នោតច្រើនជាងគេ ជាមួយនឹងអាសនៈសភា ចំនួន១៥១ ហើយគណបក្សប្រឆាំងឈ្នះឆ្នោតមួយនេះ បានព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មី ជាមួយនឹងគណបក្សនយោបាយចំនួន៧ផ្សេងទៀត។ គណបក្សភឿថៃ (Pheu Thai Party) បានឈ្នះសំឡេង ភាគច្រើនលំដាប់ទី២ ដោយបានទទួលអាសនៈ ចំនួន១៤១ ក្លាយជាសម្ពន្ធមិត្ដដ៏ធំបំផុតទី២ នៅក្នុងក្រុមចម្រុះទាំង៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ដោយមានសមាជិកសភា សរុប៣១២នាក់។

លោក អានុទិន ឆានវីរ៉ាគុល ប្រធានគណបក្សភូមចៃថៃ ខណៈបច្ចុប្បន្ន ក៏ជាឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) បានបញ្ជាក់ ថា «ប្រសិនបើសម្ពន្ធភាពទាំង៨គណបក្សនេះ នៅតែប្រកាន់គោលជំហរ ដូចអ្វីដែលបានប្រកាស នៅក្នុងអនុស្សារណៈ MoU នោះ សម្ពន្ធភាពទី៩ នឹងមិនមានវត្ដមានរបស់គណបក្សភូមចៃថៃ នោះឡើយ»។

លោកប្រធានគណបក្សភូមចៃថៃ បានបន្ដ ថា គាត់មិនដែលបានឮ អំពីគំនិតផ្តួចផ្តើមណាមួយ បង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សនយោបាយចំនួន៩ ដើម្បីទទួលបាននូវការបោះឆ្នោតគាំទ្រ ភាគច្រើន ពីសមាជិកសភាជាប់ឆ្នោតត ទាំង៥០០នាក់ និង សមាជិកព្រឹទ្ធសភាត្រូវបានតែងតាំងទាំង២៤៩រូប សម្រាប់ការកាន់កាប់តំណែងនាយករដ្ឋមន្ត្រី នោះឡើយ។

លោក អានុទិន ឆានវីរ៉ាគុល បានបន្ថែម ថា ចាប់តាំងពីគាត់បានពិភាក្សា អំពីការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សភឿថៃ កាលពីថ្ងៃទី ២២ ខែកក្កដា រួចមក គាត់មិនត្រូវបានសម្ពន្ធភាពទាំងនេះ ទាក់ទងពិភាក្សា អំពីបញ្ហានេះម្តងណានោះទេ។ បើទោះជាយ៉ាងណាក៏ដោយ ក៏គាត់បានមិនបានធ្វើអត្ថាធិប្បាយណាមួយ អំពីលទ្ធភាព ដកគណបក្សឆ្ពោះទៅមុខ ចេញពីរដ្ឋាភិបាលចម្រុះថ្មី នោះដែរ។

ទន្ទឹមនឹងនេះ លោក វីរ៉ូច ឡាក់ខាណាអាឌីសន (Wiroj Lakkhanaadisorn) សមាជិកសភាមកពីគណបក្សឆ្ពោះទៅមុខ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា មានពាក្យចចាមអារ៉ាមជាច្រើន លើកឡើង ថា គណបក្សរបស់គាត់ នឹងត្រូវបានដក ចេញពីសម្ពន្ធភាពចម្រុះ និង បានបង្កើតភាគីប្រឆាំង។ គាត់បានចាត់ទុកពួកគេ ថា ជាការខិតខំប្រឹងប្រែង បំបែកបំបាក់សម្ពន្ធភាពទាំង៨គណបក្សនេះ។ ប៉ុន្ដែបើគ្មានគណបក្ស MFP ទេនោះ រដ្ឋាភិបាលចម្រុះ នឹងមិនអាចឆ្លើយតប ជាមួយនឹងសំណួររបស់ប្រជាជន បាននោះឡើយ។

លោក ប្រាស៊ើត ចានថារ៉ាអ៊ោងថុង (Prasert Chantharauangthong) អគ្គលេខាធិការគណបក្សភឿថៃ បានអះអាង ថា គណបក្សសម្ពន្ធភាពចម្រុះទាំង៨ នឹងជួបប្រជុំគ្នាជាផ្លូវការ នៅមុនពេលសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្តងទៀត ប្រហែលជា នៅថ្ងៃទី៤ ខែសីហា (ថ្ងៃសុក្រ) ។

លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) និងជាបេក្ខជននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា បានរងបរាជ័យ មិនទទួលបានសំឡេងគាំទ្រ ភាគច្រើន ពីសភាទាំង២របស់ថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ហើយនៅថ្ងៃទី១៩ ខែកក្កដា សភាក៏បានច្រានចោលនូវការតែងតាំងរបស់គាត់ ជាថ្មី។ បច្ចុប្បន្នករណីរបស់គាត់ កំពុងតែរង់ចាំនូវការសម្រេច ពីតុលាការធម្មនុញ្ញរបស់ថៃ ថាតើ លោក ភីថា នឹងអាចបន្ដឈរឈ្មោះជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី ដែរឬអត់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×