Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ចរចាជាមួយសហរដ្ឋអាមេរិក អំពីការធានាដល់សន្ដិសុខ

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បាន និង កំពុងតែបន្ដបំផ្លិចបំផ្លាញ ដល់ប្រទេសជិតខាងមួយនេះ មានទំហំខូចខាត គិតជាទឹកប្រាក់ អស់រាប់រយពាន់លានដុល្លារ ហើយបានបង្កឲ្យគ្រោះថ្នាក់ ដល់មនុស្សរាប់សែននាក់ ប៉ុន្ដែឥឡូវនេះ រដ្ឋាភិបាលក្រុងកៀវ កំពុងតែចាប់ផ្ដើម ចរចាជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីសុំការធានា ដល់សន្ដិសុខរបស់ប្រទេសរងគ្រោះមួយនេះ។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែកក្កដា ថា មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ ខែកក្កដា) ថា អ៊ុយក្រែន នឹងចាប់ផ្តើម ពិគ្រោះយោបល់ ជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ស្ដីអំពីការធានាដល់សន្តិសុខ សម្រាប់រដ្ឋាភិបាលក្រុងកៀវ ខណៈកំពុងតែរង់ចាំ ចូលរួមជាមួយនឹងអង្គការណាតូ។

លោក អេនឌ្រីយ យើរម៉ាក (Andriy Yermak) ប្រធានខុទ្ទការល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «យើងកំពុងតែចាប់ផ្ដើមចរចាជាមួយនឹងសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ។ ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន នឹងក្លាយជាការពិត សម្រាប់កាតព្វកិច្ច រយៈពេលវែង ដោយធានានូវសមត្ថភាពរបស់អ៊ុយក្រែន នៅក្នុងការកម្ចាត់ និង ទប់ស្កាត់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។ សកម្មភាពទាំងនេះ នឹងត្រូវបានព្រាងឡើងយ៉ាងច្បាស់ អំពីទម្រង់ និង យន្តការសម្រាប់កិច្ចគាំទ្រ។ ការធានានេះ នឹងមានប្រសិទ្ធភាព រហូតដល់ពេលអ៊ុយក្រែន ក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ»។

កិច្ចប្រជុំកំពូលរបស់អង្គការសម្ពន្ធភាពយោធារបស់លោកខាងលិច នៅក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី បានផ្តល់នូវការគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី អស់រយៈពេល១៧ខែ កន្លងមកនេះ។ ប្រទេសនីមួយៗ បានសន្យាផ្ដល់អាវុធជាថ្មី ជួយដល់ក្រុងកៀវ ហើយកាលបរិច្ឆេទគ្មានការកំណត់ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ខណៈសង្រ្គាមកំពុងតែបន្ត។

បណ្ដាប្រទេសជាសមាជិក G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បានយល់ព្រម សម្រាប់ប្រជាជាតិនីមួយៗ នៅក្នុងការចរចា លើកិច្ចព្រមព្រៀង ផ្តល់នូវការធានាដល់សន្តិសុខ និង ជួយអ៊ុយក្រែន ពង្រឹងកម្លាំងយោធារបស់ពួកគេ។

នៅក្នុងការអត្ថាធិប្បាយរបស់លោក យើរម៉ាក បានអះអាង ថា មានប្រទេសជាង១០ផ្សេងទៀត បានចូលរួមសេចក្តីប្រកាសរបស់ G7 ។ ឥឡូវនេះ អ៊ុយក្រែន កំពុងតែចរចា អំពីលក្ខខណ្ឌ សម្រាប់ការធានា នាពេលអនាគត ជាមួយប្រទេសនីមួយៗ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×