បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រុស្ស៊ីធ្វើការវាយប្រហារដោយមីស៉ីល ២លើកព្រមគ្នាទៅលើទីក្រុងភាគកណ្តាល នៃតំបន់គ្រីវយី រីហ៍ (Kryvyi Rih) ដែលស្ថិតនៅភាគខាងត្បូងប្រទេស បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ នាថ្ងៃចន្ទនេះ ហើយមួយចំនួនទៀតជាប់នៅក្រោមគំនរបាក់បែក។

ក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៉ីហ័រ គ្លីមិនកូ (Ihor Klymenko) បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានទូរទស្សន៍ថា មនុស្ស ២នាក់ បានស្លាប់ ហើយមនុស្សប្រហែលជា ៥ ទៅ ៧នាក់ស្ថិតនៅក្រោមគំនរបាក់បែក។ បើតាមការិយាល័យអគ្គរដ្ឋអាជ្ញា មនុស្ស ២៥នាក់បានរងរបួស ក្នុងនោះមានទាំងកុមារ ៤នាក់ផងដែរ។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះវីដេអូមួយ ដែលបង្ហាញឲ្យឃើញផ្សែងហុយចេញពីផ្នែកម្ខាងនៃអគារកម្ពស់ ៩ជាន់ ខណៈដែលអគារមួយទៀតកម្ពស់ ៤ជាន់ស្ទើរតែខូចខាតទាំងស្រុង ដោយសារមីស៊ីលកម្ទេច។ លោក ហ្សេលេនស្គី បានចាត់ទុកការវាយប្រហារនេះថា «ជាភេរវកម្ម ប៉ុន្តែវាមិនធ្វើឱ្យទាហានអ៊ុយក្រែនភិតភ័យ ឬធ្វើឲ្យយើងបាក់ស្បាតនោះទេ។ យើងកំពុងធ្វើការ និងជួយសង្គ្រោះប្រជាជនរបស់យើង ហើយតស៊ូប្រយុទ្ធតទៅទៀត។

ដោយឡែក អភិបាលតំបន់ លោក អាឡេកសាន់ដឺ ប្រូគូឌីន (Oleksandr Prokudin) បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) មានការវាយប្រហារដោយគ្រាប់រ៉ុក្កែតដាច់ដោយឡែកមួយទៀតរបស់រុស្ស៉ី ទៅលើទីក្រុងខឺសុន (Kherson) ភាគខាងត្បូង សម្លាប់មនុស្សម្នាក់ និងរបួស ២នាក់។
គួររំលឹកឡើងវិញថា បណ្តាញផ្សព្វផ្សាយព័ត៌មាន រុស្ស៊ី កាលពីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា ទីក្រុងម៉ូស្គូ បានរងនូវការវាយ ប្រហារ ដោយយានដ្រូន៣គ្រឿង ហើយត្រូវបានភាគីរុស្ស៊ីចាត់ទុកថា ជាស្នា ដដៃរបស់អ៊ុយក្រែន ដែលនេះគឺជាការវាយប្រហារជាថ្មីទៀតនៅកណ្តាល ក្រុងម៉ូស្គូ ប៉ុន្តែដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ ក៏ជាការបញ្ជាក់ថា រដ្ឋធានី ធំរបស់រុស្ស៊ីមួយនេះ មមានប្រព័ន្ធការពារផ្លូវអាកាសរឹងមាំ។

ក្រសួងការពារជាតិរុស្ស៊ីបាន បរិយាយថា នេះគឺជាទង្វើ ប៉ុនប៉ងវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន ហើយនេះមិនមែនជាលើកទី១ទេ ដែលមានការ វាយ ប្រហារដោយយានដ្រូន នៅ កណ្តាលក្រុងម៉ូស្គូ បែបនេះ ហើយរុស្ស៊ីតែងតែចោទថា ជាស្នាដៃអ៊ុយក្រែន ស្របពេលដែលលោក ហ្សេឡេនស្គី ធ្លាប់ បានសន្យាថា នឹងវាយប្រហារទៅក្នុងទឹកដី រុស្ស៊ីវិញ ដើម្បីសងសឹកចំពោះការវាយប្រហារដែលរុស្ស៊ីបានធ្វើទៅលើទីក្រុងអូដេសា របស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ , ដោយសារមានការវាយប្រហារពីសំណាក់អ៊ុយក្រែន ទៅលើទីក្រុងមូស្គូបែបនេះហើយ ទើបរុស្ស៊ីសងសឹកដោយវាយប្រហារតាមផ្លូវអាកាសរយៈពេល៤-៥ថ្ងៃជាប់គ្នានេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




