រដ្ឋធានីកៀវ៖ រដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើមយុទ្ធនាការ វាយបករំដោះទឹកដីរបស់ខ្លួន ចាប់តាំងពីដើម ខែមិថុនា រហូតមកដល់ពេលនេះ បានវាយរុញច្រានកម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិជាច្រើន ដោយមានសកម្មភាពយឺតៗ មិនដូចការគ្រោងទុក ព្រោះតែចម្ការមីនរបស់សត្រូវ ដាក់ពង្រាយយ៉ាងក្រាស់ ជម្រៅប្រហែលជិត២០គីឡូម៉ែត្រ ប៉ុន្ដែឥឡូវនេះ កងទ័ពអ៊ុយក្រែន បានអះអាង អំពីទាហានរុស្ស៊ី មិនអាចវាយរុលទៅមុខបាន ហើយមានតែរងបរាជ័យ នៅលើសមរភូមិជាច្រើន ស្ថិតក្នុងទីក្រុងលីម៉ាន់-គូព្យានស្ក៍ (Lyman–Kupyansk)។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១ ខែសីហា ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ី មិនអាចវាយរុលទៅមុខ នៅសមរភូមិប្រយុទ្ធណាមួយនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញ ពួកគេមានតែទទួលរងបរាជ័យ នៅលើទីលានប្រយុទ្ធជាច្រើន ស្ថិតក្នុងទីក្រុងលីម៉ាន់-គូព្យានស្ក៍។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ុយក្រែន Ukrinform បានដកស្រង់សម្ដីរបស់លោក ស៊ើរហ៊ី ឆេរេវ៉ាទី (Serhii Cherevaty) អ្នកនាំពាក្យ កងទ័ពអ៊ុយក្រែន នៅតំបន់បូព៌ា បានអះអាងថា កម្លាំងទាហានរុស្ស៊ី មិនទទួលបានលទ្ធផលវិជ្ជមាន នៅលើសមរភូមិលីម៉ាន់-គូព្យានស្ក៍ នោះទេ ប៉ុន្ដែពួកគេមានតែលទ្ធផលអវិជ្ជមានតែប៉ុណ្ណោះ។ គ្រឿងសឹករបស់សត្រូវជាច្រើន ត្រូវបានកម្ទេចចោល រួមមាន រថក្រោះ ប្រភេទ T-72 (តេ-៧២), រថចម្បាំង ប្រភេទ Tyulpan (ទីយូលប៉ាន់) បាញ់គ្រាប់កាំភ្លើងត្បាល់ស័្វយប្រវត្ដិ ទំហំ២៤០មិល្លីម៉ែត្រ, ឃ្លាំងគ្រាប់រំសេវ, យានយន្ដ និង ដ្រូន។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា នៅលើសមរភូមិគូព្យានស្ក៍ គឺកងទ័ពអ៊ុយក្រែន នៅតែបន្ដរក្សាការការពារយ៉ាងរឹងមាំ ហើយថែមទាំងវាយលុក ប្រកបដោយជោគជ័យ ទៅលើកម្លាំងរបស់សត្រូវ នៅភាគខាងកើត ទីក្រុងបេរេស្ដូវ (Berestov) ស្ថិតក្នុងតំបន់ខាគីវ (Kharkiv) និង នៅជិតទីក្រុងណូវ៉ូសេលីវស្គេ ( Novoselivske) ស្ថិតក្នុងតំបន់លូហានស្ក៍ (Luhansk)។ កម្លាំងទាហានរុស្ស៊ី បានវាយប្រហារតាមអាកាស នៅជិតទីក្រុងឌ្រូហ្សេលីវប៊ីវកា (Druzheliubivka) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) ។ កាំភ្លើងធំ និង កាំភ្លើងត្បាល់ ត្រូវបានបាញ់ប្រហារ ទៅលើទីតាំងជាង១០កន្លែង រួមមាន អូដ្រាដណេ (Odradne), កូឡូឌៀស្នេ (Kolodiazne), កាមីយ៉ាន់កា (Kamyanka), ហ្វីហូលីវកា (Fyholivka), ណូវ៉ូមលីស្ក៍ (Novomlynsk) និង ហ្សាផាដណេ (Zapadne) ស្ថិតក្នុងតំបន់ខាគីវ (Kharkiv)។

ដោយឡែក រុស្ស៊ី វិញ បានអះអាង កាលពីថ្ងៃចន្ទ ថា ទាហានរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះវាយប្រហាររបស់អ៊ុយក្រែន ប្រភេទ Su-25 ចំនួន១គ្រឿង, កម្ទេចដ្រូន ចំនួន២៣គ្រឿង និង បាញ់ស្ទាក់គ្រាប់រ៉ុក្កែតហាម៉ាស (HIMARS) ផលិតដោយអាមេរិក ចំនួន១២គ្រាប់។
បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានឲ្យដឹង ថា លោក អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះរបស់អ៊ុយក្រែន ប្រភេទ Su-25 (ស៊ូ-២៥) ចំនួន១គ្រឿង នៅតំបន់ដូណែស្ក៍។ ក្រៅពីនេះ កម្លាំងទាហានរុស្ស៊ី ក៏បានកម្ទេចដ្រូនរបស់សត្រូវ ចំនួន២៣គ្រឿងបន្ថែមទៀត។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា ថា បើគិតចាប់តាំងពីការផ្ទុះសង្គ្រាមមុនដំបូង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី នៅលើសមរភូមិ ចំនួន ២៤៦ ១៩០នាក់ ដោយរាប់បញ្ចូលទាំងការសម្លាប់ កាលពី២៤ម៉ោងមុន ចំនួន៤៩០នាក់ផងដែរ។ ក្រៅពីនេះ អ៊ុយក្រែន ក៏បានបាញ់កម្ទេចគ្រឿងសឹករបស់រុស្ស៊ី យ៉ាងច្រើនផងដែរ រួមមាន យន្ដហោះចម្បាំង ចំនួន ៣១៥គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣១១គ្រឿង, នាវាចម្បាំងតូចធំចំនួន១៨គ្រឿង, រថក្រោះចំនួន៤ ២១១គ្រឿង, រថពាសដែក ចំនួន ៨ ១៨៨គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៤ ៨១៦គ្រឿង, ប្រព័ន្ធរ៉ុក្កែតចម្រុះ ចំនួន៦៨៨គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៤៦០គ្រឿង, មីស៊ីលគ្រូស ចំនួន ១៣៤៧គ្រឿង, ដ្រូន ចំនួន ៤០១៧គ្រឿង, រថយន្ដដឹកប្រេង និង យានយន្ដ ចំនួន៧២៩២គ្រឿង និង គ្រឿងចក្រពិសេស ចំនួន ៧១៥គ្រឿង។

បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់ភាគីជម្លោះទាំង២ គឺអ៊ុយក្រែន និង រុស្ស៊ី តែប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានប្រភពឯករាជ្យណាមួយបញ្ជាក់នោះឡើយ។ មិនតែអ៊ុយក្រែន នោះឡើយ សូម្បីតែរុស្ស៊ី ជាមហាអំណាចយោធាកំពូលលំដាប់លេខ២ នៅលើពិភពលោក តែងតែលាក់បាំងចំនួនទាហានរបស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ និង រងរបួស៕រក្សាសិទ្ធដោយ ៖ សារាយSN



















