កណ្តាល ៖ ទីតាំងបញ្ជល់មាន់តាមភូមិមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចុះធ្វើការបង្ក្រាបដល់ទីតាំង ប៉ុន្តែចាប់បានតែសត្វមាន់ និងសម្ភារៈជល់មាន់មួយចំនួនប៉ុណ្ណោះ ចំណែកម្ចាស់មាន់និងអ្នកលេងទាំងអស់ បាននាំគ្នារត់បាតជើងសព្រាត យកតែរួចខ្លួនសិនចាំចូលដោះស្រាយយកសម្ភារៈតាមក្រោយ។
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមញៀនល្បែងជល់មាន់ភ្នាល់ ដាក់ប្រាក់ខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣៥នាទីរសៀល ថ្ងៃទី៣១ កក្តដា ២០២៣កន្លងទៅនេះ នៅចំណុចព្រៃខាងក្រោយភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ប៉ុន្តែឃាត់មិនបានអ្នកលេងនោះទេ គឺដកហូតបានតែវត្ថុតាងមួយចំនួនប៉ុណ្ណោះ។

លោកស្នងការរងបានបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា មានក្រុមអ្នកជល់មាន់ភ្នាល់ដាក់លុយដោយខុសច្បាប់ ជាច្រើននាក់កំពុងជួបជុំគ្នាលេងបញ្ជល់មាន់ នៅចំណុចកើតហេតុខាងលើកម្លាំងផ្នែកយុត្តិធម៌ស្រុកពញាឮ បានចុះទៅបង្ក្រាប ប៉ុន្តែនៅពេលចុះទៅជិតដល់ទំនងជាមានអ្នកឃ្លាំមើលផ្លូវ គ្រាន់តែឃើញកម្លាំងយើងពីចំងាយ ស្រាប់តែក្រុមអ្នកលេងទាំងនោះបាននាំគ្នារត់បែកហ្វូង ចែកផ្លូវគ្នាប្រសេចប្រសាច ខ្លះធ្លាក់បឹង ខ្លះរត់ចូលព្រៃបាត់អស់ បន្សល់ទុកនូវមាន់ជល់ ចំនួន០៣ក្បាល (ងាប់ ០២ក្បាល) ជញ្ជីងថ្លឹងមាន់០១ កញ្ចក់របាំងមាន់០១ ស្កុតរុំជើងមាន់ចំនួន ០៥ដុំ ស្បែកជើងចំនួន ០៧គូ និងម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CX-4909 នាំយកទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឱ្យចូលខ្លួនមកដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងជល់មាន់ទៅថ្ងៃក្រោយទៀត៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត



