រាជធានីបាងកក៖ ដោយសារតែគណបក្សយោធានិយមជាច្រើន និង សមាជិកព្រឹទ្ធសភា ត្រូវបានលើកបន្ដុប ក្រោយអំពើរដ្ឋប្រហារ មិនពេញចិត្តនឹងគោលនយោបាយរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជំរុញឲ្យធ្វើវិសោធនកម្ម លើមាត្រា១១២ ទើបពួកគេ មិនបោះឆ្នោតគាំទ្រ ដល់បេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សប្រឆាំងឈ្នះឆ្នោតមួយនេះ ប៉ុន្ដែឥឡូវគណបក្សភឿថៃ ដែលបានទទួលអាសនៈច្រើនលំដាប់ទី២ នៅក្នុងរដ្ឋសភា នៅតែអះអាង អំពីលទ្ធភាពបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីល្ងាច ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ថា លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ កាលពីថ្ងៃចន្ទ បានអះអាងជាថ្មី ថា សមាជិកសភាជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំង នឹងគាំទ្រដល់ការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដោយមានលក្ខខណ្ឌ ថា រដ្ឋាភិបាលនេះ នឹងមិនមានគណបក្សឆ្ពោះទៅមុខ (MFP) ចូលរួម ។
លោកអនុប្រធានគណបក្សភឿថៃ រូបនេះ បានបញ្ជាក់ ថា បញ្ហានេះ គួរតែត្រូវសម្រេច នៅក្នុងកិច្ចពិភាក្សា នៅសប្តាហ៍នេះ នៅមុនការរំពឹងទុក សម្រាប់សភាទាំងពីរ អាចនឹងប្រជុំរួម នៅថ្ងៃសុក្រ ខាងមុខ។

លោក ភូមថាម វេចាយ៉ាឆៃ បានបន្ដ ថា «គណបក្សភឿថៃ បានបញ្ជាក់អំពីការពិភាក្សា ជាមួយសមាជិកសភាជាប់ឆ្នោត មកពីគណបក្សផ្សេងៗទៀត និង សមាជិកព្រឹទ្ធសភា ថា ពួកគេនឹងបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបេក្ខជន នឹងត្រូវតែងតាំង ដោយគណបក្សភឿថៃ ប្រសិនបើគណបក្សឆ្ពោះទៅមុខ ត្រូវដកចេញពីរដ្ឋាភិបាលចម្រុះថ្មី។ នេះជាបញ្ហាប្រឈមមុខ សម្រាប់យើង។ សម្ពន្ធភាពចម្រុះទាំង៨គណបក្ស នឹងជួបពិភាក្សាគ្នា អំពីបញ្ហានេះ»។
លោកអនុប្រធានគណបក្សភឿថៃ បានបន្ថែម ថា គណបក្សភឿថៃ នឹងកោះប្រជុំ ជាមួយគណបក្សឆ្ពោះទៅមុខ និង សម្ពន្ធមិត្តចំនួន៦គណបក្សផ្សេងទៀត នៅថ្ងៃពុធ។ រីឯនៅថ្ងៃព្រហស្បតិ៍ សមាជិកសភា មកពីគណបក្សភឿថៃ ក៏នឹងជួបប្រជុំសមាជិករបស់ខ្លួនផងដែរ។ ចំណែកការប្រជុំរួមរបស់សមាជិកសភា និង ព្រឹទ្ធសភា អាចនឹងត្រូវគេរំពឹងទុក ថា នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មី នៅថ្ងៃសុក្រ។

គណបក្សឆ្ពោះទៅមុខ (MFP) បានឈ្នះការបោះឆ្នោតសកលរបស់ប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានអាសនៈសភាចំនួន១៥១នាក់។ ក្រោយបរាជ័យ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីសមាជិកសភា និង ព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈនៅថ្ងៃទី១៩ ខែកក្កដា សភាបានច្រានចោលនូវការតែងតាំងជាថ្មីរបស់គាត់រួចមក លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានអនុញ្ញាតដល់គណបក្សភឿថៃ ដែលជាគណបក្សធំទី២ មានអាសនៈចំនួន១៤១នាក់ នៅក្នុងរដ្ឋសភា ដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី។
សមាជិកសភា មានការព្រួយបារម្ភ អំពីចេតនារបស់គណបក្ស MFP នៅក្នុងការធ្វើវិសោធនកម្ម លើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ត្រូវបានគេស្គាល់ ថា វាជាច្បាប់ប្រមាថព្រះមហាក្សត្រ។

លោកអនុប្រធានគណបក្សភឿថៃ រូបនេះ កាលពីថ្ងៃចន្ទ បានបង្ហោះអំពីគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សភឿថៃ នៅលើបណ្ដាញសង្គម Twitter ថា គាត់បានសំដៅទៅគណបក្សភឿថៃ ដោយរំពឹងទុក ថា នឹងក្លាយជាមេដឹកនាំរដ្ឋាភិបាលបន្ទាប់។ គោលនយោបាយរបស់គណបក្សភឿថៃ រួមមាន ប្រាក់ចំនួន១០ ០០០បាត (លុយថៃ) ឬស្មើនឹងប្រហែល ២៩១ដុល្លារអាមេរិក សម្រាប់កាបូបឌីជីថលរបស់អ្នកបោះឆ្នោតទាំងអស់, ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា ចំនួន៦០០បាត ឬស្មើនឹងប្រហែល ១៧ដុល្លារ នៅក្នុងរយៈពេល៤ឆ្នាំ, ប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមា ចំនួន ២០ ០០០បាត ឬស្មើនឹងប្រហែល ៥៨៣ដុល្លារអាមេរិក សម្រាប់បុគ្គលិក ដែលមានសញ្ញាបរិញ្ញាបត្រ និង ប្រាក់ចំណូលគ្រួសារអប្បបរមា ចំនួន ២០ ០០០បាត។
លោក ណុបផាដុន ផាតតាម៉ា (Noppadon Pattama) សមាជិកសភា មកពីគណបក្សភឿថៃ បានបញ្ជាក់ ថា គណបក្សរបស់គាត់ ទំនងជានឹងតែងតាំងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតរបស់សភាទាំង២ នៅថ្ងៃសុក្រ។គាត់រំពឹង ថា លោក ស្រេតថា ថាវីស៊ីន នឹងទទួលបានសំឡេងគាំទ្រ ភាគច្រើន ពីសភាទាំង២ ភ្លាមៗតែម្ដង។
បើទោះជាយ៉ាងណាក៏ដោយ តំណាងរាស្រ្ដ មកពីគណបក្សភឿថៃ រូបនេះ បានច្រានចោលសំណើរបស់គណបក្ស MFP សម្រាប់សម្ពន្ធមិត្តទាំងអស់ ត្រូវរង់ចាំ រយៈពេល១០ខែ សម្រាប់អាណត្តិរយៈពេល៥ឆ្នាំរបស់សមាជិកព្រឹទ្ធសភា ចំនួន២៤៩នាក់ នាពេលបច្ចុប្បន្ន ដែលត្រូវបានតែងតាំង នឹងត្រូវបញ្ចប់។ នេះមានន័យ ថា ព្រឹទ្ធសភា នឹងមិនអាចចូលរួមជាមួយសមាជិកសភាជាប់ឆ្នោត ទាំង៥០០នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី បាននោះឡើយ។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងធ្វើឲ្យប្រជាជន ធុញទ្រាន់នឹងការបង្កើតរដ្ឋាភិបាលថ្មី៕ រក្សាសិទ្ធដោយ ៖ សារាយSN




















