រាជធានីបាងកក៖ ក្រោយពេលមេដឹកនាំគណបក្សនយោបាយជាច្រើន ដែលមានតំណែងខ្ពស់ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) នៅតែប្រកាន់ជំហរយ៉ាងម៉ឺងមាត់ មិនគាំទ្រវត្ដមានរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP នៅក្នុងរដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសថៃ រួចមក ធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងច្រើន អំពីគណបក្សភឿថៃ អាចនឹងផាត់ចោលគណបក្សប្រឆាំងឈ្នះឆ្នោតមួយនេះ ហើយហក់ទៅចាប់យកគណបក្សយោធាអភិរក្សនិយម ដើម្បីសុំការគាំទ្របង្កើតរដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ថា ថ្វីបើគណបក្សភឿថៃ (Pheu Thai) បានអះអាង ថា អ្វីៗនៅតែរក្សាស្ថានភាពល្អប្រសើរជាធម្មតាយ៉ាងណាក្ដី ក៏ការព្រួយបារម្ភកំពុងតែកើនឡើងខ្លាំង ជុំវិញកិច្ចប្រជុំដែលបានគ្រោងទុក សម្រាប់ដៃគូសម្ពន្ធភាពអនាគតទាំង៨គណបក្ស ចំពេលមានការសង័្សយ កាន់តែខ្លាំងឡើង អំពីការរួបរួមរបស់គណបក្សចម្រុះទាំងនេះ។
កិច្ចប្រជុំដែលគណបក្សភឿថៃ មិនទាន់ប្រកាស អំពីកាលបរិច្ឆេទ នឹងផ្តោតទៅលើព័ត៌មានលម្អិតសម្រាប់កិច្ចពិភាក្សាគ្នា រវាងគណបក្សភឿថៃ និង ភាគីខាងក្រៅសម្ពន្ធភាពរបស់ខ្លួនផ្សេងៗទៀត ដូចជា សមាជិកព្រឹទ្ធសភា …ជាដើម ក្រោយពេលគណបក្សភឿថៃ ដឹកនាំបង្កើតរដ្ឋាភិបាល ហើយព្យាយាមស្នើសុំនូវការគាំទ្រ ដល់បេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សរបស់ខ្លួន។

រហូតមកដល់ពេលនេះ មានការរំពឹងទុកយ៉ាងខ្លាំង ថា គណបក្សភឿថៃ អាចនឹងបោះបង់ចោលគណបក្សឆ្ពោះទៅមុខ (MFP) ដើម្បីបើកផ្លូវឱ្យគណបក្សនយោបាយផ្សេងៗទៀត ដែលជាពួកយោធាអភិរក្សនិយមចូលរួម មានដូចជា គណបក្សភូមចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្ដី និង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈ នៃរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា, គណបក្សផាឡាងប្រាឆារ៉ាត (Palang Pracharath) ហៅកាត់ PPRP ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្រ្ដីរបស់លោក ប្រាយុទ្ធ និង គណបក្សឆាតថៃផាតថាណា ( Chartthaipattana) ដឹកនាំដោយលោក ធីរ៉ា វង់សាមុត (Theera Wongsamut) អតីតរដ្ឋមន្រ្ដីក្រសួងកសិកម្ម។

បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍មួយចំនួន បានបង្ហាញ ថា សម្ពន្ធភាពចម្រុះទាំង៨គណបក្សនេះ នឹងនៅតែមិនផ្លាស់ប្ដូរនូវគោលជំហររបស់ខ្លួនដដែល។ ប៉ុន្ដែសេចក្ដីរាយការណ៍នោះ បានលើកឡើង ថា គណបក្សភូមចៃថៃ និង គណបក្សឆាតថៃផាតថាណា នឹងបោះឆ្នោតគាំទ្រ ដល់បេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ។ ដូច្នេះ គណបក្សឆ្ពោះទៅមុខ (MFP) អាចនឹងត្រូវបង្ខំចិត្ត ដើរចេញពីសម្ពន្ធភាពចម្រុះរបស់ខ្លួន ក្រោយការបោះឆ្នោត អនុញ្ញាតឱ្យគណបក្ស PPRP ចូលរួម។
បើតាមសេចក្តីរាយការណ៍ដដែលនោះ គណបក្សភឿថៃ អាចស្នើសុំឱ្យបញ្ចប់សម្ពន្ធភាពបច្ចុប្បន្ន ដោយសារតែសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង ក្រោយរដ្ឋប្រហារយោធា និង សមាជិកសភា មកពីគណបក្សនយោបាយផ្សេងៗទៀត ដែលមេដឹកនាំរបស់ពួកគេ ជាមន្រ្ដីជាន់ខ្ពស់ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា មិនបានគាំទ្រដល់គោលជំហររបស់គណបក្សឆ្ពោះទៅមុខ ចង់ធ្វើវិសោធនកម្ម លើមាត្រាទី១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថដល់ព្រះមហាក្សត្រ។ ករណីនេះ ក៏ត្រូវបានគេជឿ ថា សំណើនេះ នឹងត្រូវទទួលយក តាមរយៈការបោះឆ្នោត ៥ទល់នឹង៣ ដោយអ្នកប្រឆាំងនឹងបញ្ហានេះ រួមមាន គណបក្ស MFP, គណបក្សយុត្តិធម៌ និង គណបក្សថៃសាងថៃ (Thai Sang Thai) ហៅកាត់ TST ។

លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គណបក្សសម្ពន្ធភាពទាំង៨ នឹងពិភាក្សាគ្នា នៅមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលនឹងគ្រោងធ្វើឡើង នៅថ្ងៃសុក្រ។
បើទោះជាយ៉ាងណាក៏ដោយ គណបក្សភឿថៃ នៅតែប្រកាន់ខ្ជាប់ គោរពតាមអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខា ដោយគណបក្សជាដៃគូទាំង៨ ហើយគណបក្សភឿថៃ នឹងលើកយកបញ្ហានេះ នៅមុនពេលកិច្ចប្រជុំលម្អិត សម្រាប់ការពិភាក្សារបស់ខ្លួន ជាមួយនឹងគណបក្សនយោបាយនៅខាងក្រៅប្លុកនេះ និង សមាជិកព្រឹទ្ធសភា៕ រក្សាសិទ្ធដោយ ៖ សារាយSN









