រដ្ឋធានីប៉េកាំង៖ ក្រោយការបាត់មុខប្រមុខការទូត លោក ឈិន ហ្កាង (Qin Gang) អស់រយៈពេលជាច្រើនសប្ដាហ៍ រហូតមកបង្កើតឲ្យមានពាក្យចចាមអារ៉ាម ជាហូរហែ នៅមុនការតែងតាំងលោក វ៉ាង យី ជារដ្ឋមន្រ្ដីក្រសួងការបរទេសចិនជាថ្មីវិញនោះ ឥឡូវលោកប្រធានាធិបតី បានតែងតាំងមនុស្សថ្មី ជំនួសមេទ័ពចាស់គ្រប់គ្រងអង្គភាពវរជនមួយ ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបញ្ហានេះ បង្កឱ្យមានការគិតស្មាន ថា វាជាសកម្មភាពបោសសម្អាតផ្ទៃក្នុង។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែសីហា ថា លោកឧត្ដមសេនីយ៍ លី យូឆាវ (Li Yuchao) ប្រធានអង្គការកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន (PLA) និង អនុប្រធានរបស់គាត់ បានបាត់ខ្លួន អស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ប៉ុន្ដែឥឡូវនេះ លោក វ៉ាង ហ៊ូបីន (Wang Houbin) អតីតអនុប្រធានកងទ័ពជើងទឹក និង លោក ស៊ូ ស៊ីស៊ែង (Xu Xisheng) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នឹងត្រូវតែងតាំង មកកាន់តំណែងនេះជំនួសវិញ។ សកម្មភាពបែបនេះ ត្រូវបានគេប៉ាន់ប្រមាណ ថា វា ជាការរង្គោះរង្គើ នៅក្នុងចំណោមមេដឹកនាំយោធារបស់ក្រុងប៉េកាំង អស់រយៈពេលជិត១ទសវត្សរ៍កន្លងមកនេះ។

លោក លីឡេ ម័ររីស (Lyle Morris) ជាអ្នកជំនាញ គោលនយោបាយការបរទេស និង សន្តិសុខជាតិ នៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានអះអាង ថា «ការបោសសម្អាតចុងក្រោយ គឺមានសារៈសំខាន់…ដោយសារចិនកំពុងតែធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រោះបំផុតមួយ នៅក្នុងយុទ្ធសាស្ត្រនុយក្លេអ៊ែរ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ»។
អ្នកជំនាញគោលនយោបាយការបរទេស និង សន្ដិសុខ រូបនេះ បានបញ្ជាក់ ថា «ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានបង្រួបបង្រួមនូវការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) តាមរបៀបមួយ មិនធ្លាប់មានពីមុនមក ប៉ុន្តែវាមិនមែនមានន័យថា ចិននឹងគ្រប់គ្រងពេញលេញនោះដែរ។ លោក ស៊ី នៅតែព្រួយបារម្ភ អំពីអំពើពុករលួយ នៅក្នុងជួរបក្ស ហើយវាជាការផ្តល់សញ្ញាមួយ ថា ភាពស្មោះត្រង់ទាំងស្រុង សម្រាប់បក្ស នៅតែមិនទាន់បានសម្រេចនៅឡើយ»។

លោកប្រធានាធិបតី ស៊ី ជិនពីង ក៏ជាប្រធានគណៈបញ្ជាការយោធាកំពូលរបស់ប្រទេសចិនដែលជាគណៈកម្មការយោធាមជ្ឈិម ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ ថា នៅក្នុងកិច្ចប្រជុំមួយ កាលពីចុងខែមុន លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ ទៅលើតម្រូវការផ្តោតដល់ការខិតខំប្រឹងប្រែង លើការដោះស្រាយបញ្ហាលេចធ្លោ ដែលអង្គការគ្រប់កម្រិតរបស់បក្ស ត្រូវប្រឈមមុខនឹងទិដ្ឋភាពជាច្រើន ដូចជា ការរក្សាភាពជាអ្នកដឹកនាំដាច់ខាតរបស់បក្ស លើវិស័យយោធា។
បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង មិនបានអត្ថាធិប្បាយ អំពីកន្លែងលាក់ខ្លួនរបស់លោកឧត្តមសេនីយ៍ លី និង អនុប្រធានរបស់គាត់ គឺលោកឧត្តមសេនីយ៍ លីវ ហ្គួងប៊ីន (Liu Guangbin) នោះឡើយ។ ប៉ុន្តែរបាយការណ៍របស់សារព័ត៌មាន The South China Morning Post កាលពីសប្តាហ៍មុន បានលើកឡើង ថា អង្គភាពប្រឆាំងអំពើពុករលួយរបស់គណៈកម្មការនេះ បានបើកការស៊ើបអង្កេត ទៅលើមេទ័ពចំនួន២នាក់ រួមមាន អតីតអនុប្រធានរបស់លោកឧត្ដមសេនីយ៍ លី គឺលោក ហ្សាង ហ្សេនហ្ស៊ុង (Zhang Zhenzhong)។

ការតែងតាំងថ្មីរបស់លោក Wang និង លោក Xu បានកើតឡើង ត្រឹមតែ១ថ្ងៃ នៅមុនខួបលើកទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី១ ខែសីហា។ ពួកគេត្រូវបានប្រកាសតែងតាំង នៅក្នុងពិធីមួយ នៅឯទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការមជ្ឈិមបក្ស ស្ថិតក្នុងទីក្រុងប៉េកាំង។ មេទ័ពទាំង២នេះ ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ ដែលមានឋានៈខ្ពស់បំផុត សម្រាប់មន្ត្រីបម្រើការសកម្ម នៅក្នុងប្រទេសចិន។
លោក Morris បានបន្ដ ថា ការដកតំណែងរបស់លោកឧត្តមសេនីយ៍ លី និង ការដកហូតតំណែងអតីតរដ្ឋមន្ត្រីការបរទេស ឈិន ហ្គាង (Qin Gang កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់លោកប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ឈិន ហ្កាង បានអវត្តមានពីសាធារណៈ អស់រយៈពេលមួយខែ នៅមុនពេលគាត់ ត្រូវបានដកហូតតំណែង ហើយដាក់ជំនួស ដោយអ្នកស្នងតំណែងមុនរបស់គាត់ គឺលោក វ៉ាង យី (Wang Yi) កាលពីសប្តាហ៍មុន ដោយគ្មានការពន្យល់ សម្រាប់ការដកតំណែងរបស់គាត់នោះឡើយ។

នៅក្នុងអំឡុងឆ្នាំ២០១៤ ការបោសសំអាតជាចំហមួយ នៅក្នុងចំណោមជួរមន្រ្ដីយោធារបស់ចិន ហើយត្រូវបានគេមើលឃើញ ដូចជា អតីតអនុប្រធានគណៈកម្មការយោធាមជ្ឈិម លោក ស៊ូ កៃហៅ (Xu Caihou) និង លោក គួ ប៊ូហ្ស៊ុង (Guo Boxiong) ត្រូវបានបណ្តេញចេញពីតំណែង ហើយបានកាត់ទោស ក្រោមការចោទប្រកាន់ ពីបទពុករលួយ។ លោក Guo ត្រូវបានតុលាការយោធាចិន កាត់ទោស ដាក់ពន្ធនាគារ អស់មួយជីវិត ខណៈលោក Xu បានស្លាប់ នៅមុនពេល តុលាការកាត់ទោសគាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















