Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកយោធាមីយ៉ាន់ម៉ា លើកលែងទោសមួយកម្រិត ដល់មេដឹកនាំដ៏ល្បីល្បាញរបស់ភូមា

រដ្ឋធានីណៃពិដោ៖ ក្រោយការចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលដ៏ល្បីល្បាញបំផុត ដែលបានជាប់ឆ្នោត តាមបែបលទ្ធិបប្រជាធិបតេយ្យ នៅក្នុងមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ឥឡូវនេះ រដ្ឋាភិបាលយោធារបស់ប្រទេសអាស៊ានមួយនេះ បានចាប់ផ្ដើម លើកលែងទោសមួយកម្រិត ដល់លោកស្រី។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែសីហា ថា បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ កាលពីថ្ងៃអង្គារ ថា លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) អតីតមេដឹកនាំមីយ៉ាន់ម៉ា នឹងត្រូវលើកលែងទោស សម្រាប់បទល្មើស ចំនួន៥ នៅក្នុងចំណោមបទល្មើសជាច្រើន ខណៈលោកស្រី នឹងត្រូវជាប់ពន្ធនាគារ សរុប រហូតដល់៣៣ឆ្នាំ។ បច្ចុប្បន្ន លោកស្រី នៅតែបន្ដប្រឈមមុខនឹងការចោទប្រកាន់ ចំនួន១៤ករណីផ្សេងទៀត។

ស្របគ្នានេះ លោក វីន មីយិនត៍ (Win Myint) ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញ ពីអំណាច ក៏ត្រូវបានលើកលែងទោសមួយផ្នែក ស្របគ្នាជាមួយនឹងការលើកលែងទោស ដល់អ្នកទោស ជាង៧ពាន់នាក់ផ្សេងទៀត សម្រាប់ការប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានបន្ដ ថា « ប្រធានក្រុមប្រឹក្សារដ្ឋ បានលើកលែងទោសដល់លោកស្រី អ៊ោង សានស៊ូជី ដែលត្រូវបានកាត់ទោស ដោយតុលាការពាក់ព័ន្ធ។ មីយ៉ាន់ម៉ា បានផ្តល់នូវការលើកលែងទោស ដល់អ្នកទោស រាប់ពាន់នាក់ សម្រាប់រំឭកដល់ថ្ងៃបុណ្យ ឬ ថ្ងៃពិសេសរបស់ពុទ្ធសាសនិកភូមា»។

លោកស្រី អ៊ោង សានស៊ូជី ត្រូវបាននាំចេញពន្ធនាគារ ទៅកាន់វិមានរបស់រដ្ឋាភិបាល ស្ថិតក្នុងរដ្ឋធានីណៃពិដោ កាលពីសប្ដាហ៍មុន។ ពួកឧត្ដមសេនីយ៍យោធា បានចាប់ឃុំខ្លួនលោកស្រី ស៊ូជី ចាប់តាំងពីពួកគេបានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក និង បានកាត់ទោសលោកស្រី ដាក់ពន្ធនាគារ រយៈពេល ៣៣ឆ្នាំ ក្រោមការចោទប្រកាន់ជាច្រើនករណី រួមមាន អំពើពុករលួយ, ការប្រើប្រាស់ឧបករណ៍ទាក់ទងខុសច្បាប់ និង ការល្មើសនឹងការហាមឃាត់នូវការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩។

ប្រភពពីក្រុមអ្នកអនុវត្ដច្បាប់របស់របបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ ថា «លោកស្រី នឹងនៅតែមិនអាចត្រូវបានដោះលែងឲ្យមានសេរីភាពពេញលេញ បើទោះជាទោសមួយចំនួន ប្រឆាំងនឹងលោកស្រី ត្រូវបានលើកលែងហើយក្ដី។ ប៉ុន្ដែលោកស្រី ក៏នៅតែប្រឈមមុខនឹងការចោទប្រកាន់ ចំនួន១៤ករណីផ្សេងទៀត ហើយបទល្មើស មានត្រឹមតែចំនួន៥ករណីប៉ុណ្ណោះ នៅក្នុងចំណោមបទចោទប្រកាន់ ចំនួន១៩ ត្រូវបានលើកលែងទោស»។

បណ្ដាញទូរទស្សន៍ និង វិទ្យុរបស់មីយ៉ាន់ម៉ា បានរាយការណ៍ អំពីការលើកលែងទោស ដល់លោកស្រី ស៊ូជី នៅថ្ងៃអង្គារ ប៉ុន្តែប្រភពព័ត៌មានមួយចំនួន បានរាយការណ៍ ថា លោកស្រី នឹងនៅតែស្ថិតក្នុងការឃុំខ្លួនដដែល។ រីឯប្រភពមួយសុំមិនបញ្ចេញអត្ដសញ្ញាណ ដោយសារតែវាជារឿងភាពរសើបផងនោះ បានលើកឡើង ថា «លោកស្រី ស៊ូជី នឹងមិនអាចរួចផុត ពីការឃុំខ្លួន នៅក្នុងផ្ទះនោះឡើយ»។

លោកស្រី អ៊ោងសាន ស៊ូជី វ័យ៧៨ឆ្នាំ ជាកូនស្រីរបស់វីរបុរសឯករាជ្យ នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួន នៅក្នុងផ្ទះ ជាលើកដំបូង នាអំឡុងឆ្នាំ១៩៨៩ ក្រោយពេលមានការតវ៉ាទ្រង់ទ្រាយធំ ប្រឆាំងនឹងការគ្រប់គ្រងប្រទេស ដោយពួកយោធា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

នៅក្នុងអំឡុងឆ្នាំ១៩៩១ លោកស្រី បានឈ្នះរង្វាន់ណូបែលសន្តិភាព សម្រាប់យុទ្ធនាការ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែរហូតមកដល់អំឡុងឆ្នាំ២០១០ លោកស្រី ត្រូវបានដោះលែងឲ្យមានសេរីភាពពេញលេញ រួចផុតពីការឃុំខ្លួន នៅក្នុងផ្ទះ។ ក្រោយមក គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងអំឡុងឆ្នាំ២០១៥ ទើបនាំឲ្យមានកំណែទម្រង់យោធា ជាបណ្តោះអាសន្នមួយរយៈ ហើយត្រូវបានដួលរលំទៅវិញ ដោយអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមអង្គការសហប្រជាជាតិ បានឲ្យដឹង ថា អំពើរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា បានរុញទម្លាក់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ឱ្យធ្លាក់ចូលទៅក្នុងជម្លោះ កាន់តែធ្ងន់ធ្ងរ ហើយមនុស្សប្រហែល ជាង១លាននាក់ បានរត់ចោលផ្ទះសម្បែងរបស់ពួកគេ។ ទន្ទឹមគ្នានេះ ប្រជាកសិករ មីយ៉ាន់ម៉ា ប្រហែល៤៨ភាគរយ នៅក្នុងចំណោមប្រជាជនសរុប ជាង៥៧,៥លាននាក់ កំពុងតែព្រួយបារម្ភ អំពីគ្រោះអត់ឃ្លាន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×