Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយវិការគ្មានន័យរបស់របបសឹកមីយ៉ាន់ម៉ា កាត់បន្ថយទោសមេដឹកនាំស៊ីវិលដ៏ល្បីល្បាញរបស់ភូមា

រដ្ឋធានីណៃពិដោ៖ ពួកឧត្ដមសេនីយ៍យោធារបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ហើយបានចាប់ខ្លួនលោកស្រី ដាក់ពន្ធនាគារ អស់រយៈពេលជាង២ឆ្នាំ ប៉ុន្ដែឥឡូវបែរជាមកបន្ធូរបន្ថយទោសទណ្ឌ ចំនួន៥បទល្មើស នៅក្នុងសំណុំរឿងចោទប្រកាន់ ចំនួន១៩ករណី ប្រឆាំងនឹងលោកស្រី ទើបអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី បានអះអាង ថា វាជាកាយវិការគ្មានន័យ ខណៈមេដឹកនាំរូបនេះ មិនសមនឹងជាប់ទោសទណ្ឌទាស់តែសោះនោះឡើយ។

សារព័ត៌មាន មានមូលដ្ឋាន នៅសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា លោក ស៊ាន ធូណែល (Sean Turnell) អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ោង សានស៊ូជី អតីតទីប្រឹក្សារដ្ឋ បានអះអាង ថា ក្រុមមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធប្រជាធិបតេយ្យ ដែលត្រូវបានពួកយោធា បណ្ដេញចេញពីអំណាច មិនគួរនឹងត្រូវជាប់គុកទាល់តែសោះ។ ចំពោះការបន្ធូរបន្ថយទោសនេះ គឺជាកាយវិការដ៏គ្មានន័យ។

ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បានបង្ហាញ អំពីសមត្ថភាពដ៏យូរអង្វែង និង មិនធម្មតា ដើម្បីរំឭកអំពីអ្វីៗគ្រប់យ៉ាង ហើយក៏មិនសិក្សា អំពីអ្វីៗទាំងអស់។ ជួនកាល ស្ថានការណ៍បែបនេះ បម្រើបដល់ពួកគេយ៉ាងល្អថែមទៀតផង។ ពិភពលោក ភាគច្រើន នៅពេលគិតពីមីយ៉ាន់ម៉ា គ្រប់យ៉ាង មិនថា ការរំឭក ឬ សិក្សានោះឡើយ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ (ទី១ ខែសីហា) បានប្រកាស ថា រដ្ឋាភិបាលណៃពិដោ ត្រូវបន្ធូរបន្ថយទោសដល់មន្រ្ដីសំខាន់ៗមួយចំនួនរបស់រដ្ឋាបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានផ្ដួលរំលំ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃរដ្ឋាភិបាល ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានពួកយោធា បន្ធូរបន្ថយកម្រិតទោសជាប់គុក រយៈពេល៦ឆ្នាំ ពីក្នុងចំណោមទោសទណ្ឌកម្មរបស់គាត់ រយៈពេល៣៣ឆ្នាំ។ រីឯលោក វីន មីយិនត៍ (Win Myint) ប្រធានាធិបតី ដែលត្រូវបានបណ្ដេញពីអំណាច ក៏ត្រូវបានពួកយោធា បន្ថយទោសជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំផងដែរ។ ការបន្ធូរបន្ថយកម្រិតជាប់ទោសរបស់អ្នកទោសនយោបាយផ្សេងៗទៀត ទំនងជាស្ថិតក្នុងការកាត់ទោស។

ការកាត់បន្ថយទោសដល់អ្នកទោសនយោបាយ នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលរបបយោធាមីយ៉ាន់ម៉ា បានពង្រីកស្ថានភាពគ្រាអាសន្នរបស់ខ្លួន ខណៈរដ្ឋាភិបាលសឹកមួយនេះ បានអះអាងថា ក្រុងណៃពិដោ នឹងគ្រប់គ្រង រយៈពេល៦ខែបន្ថែមទៀត។ សកម្មភាពបែបនេះ ជាការបន្ថែមស្ថានភាពគ្រាអាសន្ន ជាលើកទី៤ ដោយបានបំពារបំពាន មកលើរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា ដែលកំណត់អំពីការបន្ថែមស្ថានការណ៍បែបនេះ ត្រឹមតែពីរដងប៉ុណ្ណោះ។

ការគ្រប់គ្រងរបស់ពួកយោធា អស់រយៈពេល២ឆ្នាំកន្លះកន្លងមក នៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននាំមកនូវការបំផ្លិចបំផ្លាញមិនធ្លាប់មាន, ការស្លាប់រាប់ពាន់នាក់ និង ការផ្លាស់ទីលំនៅរបស់ប្រជាជន ប្រហែល៣លាននាក់។

ប្រទេសជិតខាង បានទទួលជនភៀសខ្លួន មកពីមីយ៉ាន់ម៉ា ជាថ្មី។ រីឯសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ ក៏កំពុងតែស្ថិតក្នុងស្ថានភាពដួលរលំ ខណៈប្រជាជន ភាគច្រើន ជាពិសេស នៅតំបន់ជនបទ បានកាត់បន្ថយនូវកម្រិតរបបអាហារ ដោយសារតែពួកគេ កំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាន។

ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាមូលដ្ឋាន សម្រាប់ឧក្រិដ្ឋកម្ម ដោយសារតែប្រទេសអាស៊ានមួយនេះ ធ្លាប់មានប្រវត្ដិ ជាអ្នកផលិតគ្រឿងញៀន ហើយមួយផ្នែកទៀត អាចនឹងក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម តាមអ៊ិនធើរណេតថ្មី។

បញ្ហាជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា នឹងមិនត្រូវបានដោះស្រាយ តាមរយៈការបន្ធូរបន្ថយទោស ដល់អ្នកទោសនយោបាយ ដែលមិនគួរនឹងត្រូវកាត់ទោស តាំងពីដំណាក់កាលដំបូងមកម៉្លេះ។ ការផ្លាស់ប្តូរពិតប្រាកដ អាចនឹងធ្វើទៅបាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែវាមិនមែន កើតចេញពីការអបអរសាទរ ដល់កាយវិការ ដោយគ្មានន័យបែបនេះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×