Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលំឧបករណ៍សន្ទូចធ្វើផ្លូវល្បឿនលឿន នៅប្រទេសឥណ្ឌា សង្កត់លើកម្មកររាប់សិបនាក់

រដ្ឋធានីញូវដេលី៖ គ្រោះហានិភ័យ នៅក្នុងការដ្ឋានសាងសង់ ស្ថិតក្នុងប្រទេសឥណ្ឌា តែងតែកើតមានជាញឹកញាប់ ដោយមានសម្លាប់មនុស្សយ៉ាងច្រើន ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីការរលំគ្រែន ឬ ដងសន្ទូច បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត នៅភាគខាងលិច ប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែសីហា ថា មន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយរបស់ប្រទេសឥណ្ឌា បានបញ្ជាក់ ថា យ៉ាងហោចណាស់ មានកម្មករ ចំនួន២០នាក់ បានបាត់បង់ជីវិត នៅភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (១ សីហា) ក្រោយពេលគ្រែន ឬ ដងសន្ទូចស្ទូច បានក្រឡាប់ ចេញពីលើផ្លូវល្បឿនលឿន ដែលកំពុងតែសាងសង់ នៅខាងក្រៅទីក្រុងហិរញ្ញវត្ថុ មុមបៃ (Mumbai)។

កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ឥណ្ឌា (NRDF) បានបន្ថែម ថា ឧបករណ៍ស្ទូច បានក្រឡាប់ ទៅលើផ្ទាំងបេតុងធំៗ នៅពេលយប់ ដោយបានបណ្ដាលឲ្យកម្មករ ដែលកំពុងតែធ្វើការងារ នៅលើផ្លូវល្បឿនលឿន Samruddhi Expressway (សាម្រូដឌី អេចស្រ្ពែសវេ) ស្ថិតក្នុងរដ្ឋម៉ាហារ៉ាស្រ្ដា ( Maharashtra) ស្លាប់ជាច្រើននាក់ ។ សាកសពរបស់ជនរងគ្រោះ ចំនួន២០នាក់ ត្រូវបានគេរកឃើញ ខណៈកម្មករចំនួន៣នាក់ផ្សេងទៀត បានរងរបួស ហើយយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។

បើតាមឃ្លីបវីដេអូរបស់ NRDF បានបង្ហាញ អំពីក្រុមអ្នកជួយសង្គ្រោះ កំពុងតែស្វែងរកជនរងគ្រោះ នៅតាមគំនរដែក ដែលបានរលំ នៅក្នុងការដ្ឋានសំណង់កើតហេតុ ស្ថិតនៅជាយក្រុងមុមបៃ (Mumbai)។ ផ្លូវល្បឿនលឿននេះ តភ្ជាប់ទីក្រុងបុមបៃ ជាមួយទីក្រុងណាគពួរ (Nagpur) ហើយវាបានក្លាយជាផ្នែកមួយ នៃការជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏ធំបំផុតមួយ នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៥របស់ពិភពលោក នៅអាស៊ីខាងត្បូងមួយនេះ។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា ដែលគ្រោងនឹងសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅរដ្ឋម៉ាហារ៉ាស្រ្ដា (Maharashtra) បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា «គាត់មានការឈឺចាប់ និង សោកស្ដាយខ្លាំងណាស់ ដោយសារកម្មករជាច្រើននាក់បានស្លាប់ ហើយគាត់ក៏បានបញ្ជាឱ្យផ្តល់សំណង ជូនដល់ក្រុមគ្រួសាររបស់កម្មករដែលបានស្លាប់ និង របួស»។

គ្រោះថ្នាក់នៅក្នុងការដ្ឋានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ តែងតែកើតមានឡើងជាហូរហែ នៅក្នុងប្រទេសឥណ្ឌា។ ស្របគ្នានេះ ក៏មានមនុស្សចំនួន១៣០នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋហ្គូចារ៉ាត (Gujarat) កាលពីខែតុលា ឆ្នាំ២០២២ ក្រោយពេលស្ពានមួយ បានបាក់ភ្លាមៗ បន្ទាប់ពីទើបនឹងជួសជុលរួច។ ជាមួយគ្នានេះ កាលពីអំឡុងឆ្នាំ២០១៦ ក៏មានការបាក់ស្ពានអាកាសលើផ្លូវដ៏មមាញឹក ស្ថិតក្នុងទីក្រុងកូលកាតា ( Kolkata) ផងដែរ ដោយបានសម្លាប់មនុស្ស យ៉ាងតិច ចំនួន២៦នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×