ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងកោះតៃវ៉ាន់ ទាំងការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បីចាប់បង្ខំឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែអ្នកការទូតជាច្រើន បានលើកឡើងប្រហាក់ប្រហែលគ្នា ថា ជម្លោះ រវាង តៃវ៉ាន់-ចិន នឹងនាំមកនូវគ្រោះមហន្ដរាយ មិនអាចប៉ាន់ប្រមាណបាន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា លោក ចូសេប វូ (Joseph Wu) រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ បានផ្ដល់បទសម្ភាន៍មួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP កាលពីថ្ងៃពុធ (ទី២ ខែសីហា) ថា «ការលុកលុយរបស់ចិន មកលើកោះតៃវ៉ាន់ នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំបំផុត សម្រាប់ពិភពលោក។ ប្រមុខការទូតរបស់ក្រុងតៃប៉ិ រូបនេះ ក៏បានលើកឡើង អំពីសារៈសំខាន់ជាយុទ្ធសាស្រ្ដ សម្រាប់ឧស្សាហកម្មបន្ទះឈីប និង ផ្លូវដឹកនាំជញ្ជូនដ៏សំខាន់បំផុតរបស់ពិភពលោក នៅច្រកសមុទ្រតៃវ៉ាន់ នេះផងដែរ។

ការព្រមានរបស់លោករដ្ឋមន្រ្ដីក្រសួងការបរទេសកោះតៃវ៉ាន់ បានកើតឡើង ស្របពេលដែនកោះ គ្រប់គ្រង ដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ មួយនេះ កំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី នៅក្នុងខែមករា ឆ្នាំ២០២៤ ខណៈរដ្ឋាភិបាលក្រុងតៃប៉ិ កំពុងតែប្រឈមមុខនឹងសម្ពាធ កាន់តែខ្លាំង ទាំងយោធា និង នយោបាយ មកពីប្រទេសចិន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន មិនអាចបំបែកបាន។ បន្ថែមពីលើនេះ ចិន តែងតែប្តេជ្ញាម្តងហើយម្តងទៀត ថា ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។

លោក ចូសេប វូ (Joseph Wu) រដ្ឋមន្រ្ដី ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា « សកម្មភាពណាមួយ ប្រឆាំងនឹងកោះតៃវ៉ាន់ នឹងជាការបន្លឺឡើង នៅទូទាំងពិភពលោក។ អ្វីដែលយើង ត្រូវធ្វើ គឺការពន្យល់ទៅដល់សហគមន៍អន្តរជាតិ ថា ប្រសិនបើមានជម្លោះណាមួយ ពាក់ព័ន្ធនឹងតៃវ៉ាន់ វានឹងមានលទ្ធផលដ៏អាក្រក់បំផុត សម្រាប់ពិភពលោកទាំងមូល ដូចអ្វីដែលបានកើតចេញពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ រីឯបញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង អតិផរណា នៅលើពិភពលោក ក៏អាចនឹងកើនឡើង បន្ថែមទៀតផងដែរ»។
ប្រមុខការទូតតៃវ៉ាន់ រូបនេះ បានបន្ថែម ថា ផលវិបាកខាងពាណិជ្ជកម្ម សម្រាប់ជម្លោះឆ្លងច្រកសមុទ្រ នឹងរីកធំសម្បើម ព្រោះចំនួនកុងតឺន័រ ច្រើនជាង៥០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូន ឆ្លងកាត់ផ្លូវទឹក មានទំហំ ១៨០គីឡូម៉ែត្រ ពុះខណ្ឌ រវាងកោះតៃវ៉ាន់ និង ចិនដីគោក។ ចំណែកសេរីភាព នៃការធ្វើនាវាចរណ៍ ក្លាយជាធាតុដ៏សំខាន់បំផុតមួយ សម្រាប់សន្តិសុខ និង វិបុលភាពអន្តរជាតិ។

កោះតៃវ៉ាន់ ក៏កាន់កាប់សិទ្ធិផ្តាច់មុខ លើការផលិត Semiconductors ជាមីក្រូឈីប ដែលជាសរសៃឈាមជីវិត សម្រាប់សេដ្ឋកិច្ចនាសម័យទំនើបនេះ ហើយវាផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីម៉ាស៊ីនកាហ្វេយ៉ាងសាមញ្ញ រហូតដល់គ្រឿងសព្វាវុធទំនើបៗ មានដូចជា មីស៊ីល និង ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធការពារ…ជាដើម។
លោក ចូសេប វូ បានបន្ថែមថា «បើគិតអំពីការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ យើងសង្ឃឹម ថា រដ្ឋាភិបាលចិន នឹងមិនងាកទៅរកការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងតៃវ៉ាន់ នោះឡើយ ព្រោះវាមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ពិភពលោក»។
ស្របពេលដែនកោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួន រៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៤ នោះ លោក វូ បានអះអាងទៀត ថា រដ្ឋាភិបាលដែនកោះមួយនេះ កំពុងតែមើលឃើញ អំពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបែបទំនើបជាងមុន ដើម្បីជះឥទ្ធិពលដល់ប្រជាជន ចំនួន២៣លាននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់។ ប៉ុន្ដែអ្វីដែលចិន បាន និង កំពុងតែធ្វើ នៅក្នុងសង្គ្រាមចិត្តសាស្រ្ដបែបនេះ គឺមានការផ្លាស់ប្តូរនូវការគិតពីជនជាតិភាគតិចបំផុត ព្រោះនៅតៃវ៉ាន់ បោះឆ្នោតតាមវិធីសាស្រ្ដផ្សេង។
ភាពតានតឹង រវាងតៃវ៉ាន់ និង ចិន បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen បានជាប់ឆ្នោត ជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦ ខណៈចិនបដិសេធចូលរួមជាមួយនឹងក្រុងតៃប៉ិ៕ រក្សាសិទ្ធដោយ ៖ សារាយSN



















