Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង ១៤០ ឆ្នាំ នៅ​ចិន! ផ្លូវ​ក្លា​យជា​ទន្លេ ខណៈ​រថយន្ត​រាប់​រយ​គ្រឿង លិចលង់ ហូរ​តាម​ទឹ​ក និង​ក្លាយជា​អេតចាយ

ភ្លៀងធ្លាក់ខ្លាំង ដែលជាលទ្ធផលនៃព្យុះទីហ្វុង Doksuri បានបណ្តាលឱ្យមានការបាក់ដី ទឹកជំនន់ ហូរបក់បោករថយន្តដ៏រន្ធត់ និងបំផ្លាញផ្លូវជាច្រើន ក្នុងទីក្រុងប៉េកាំង និងខេត្តជិតខាង។

ក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ទន្លេពណ៌បៃតងស្ងប់ស្ងាត់នៅជុំវិញជាយក្រុងភាគខាងលិច នៃរដ្ឋធានីរបស់ប្រទេសចិននេះ បានប្រែក្លាយទៅជាទឹកដ៏កាចសាហាវ ដែលជន់លិចទីក្រុង បំផ្លាញផ្ទះសម្បែង និងផ្លូវថ្នល់យ៉ាងដំណំ។

នាយកដ្ឋានឧតុនិយមទីក្រុងប៉េកាំង បានប្រកាសថា ទីក្រុងនេះបានកត់ត្រាទឹកភ្លៀងក្នុងកម្រិត 744.8mm ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលយ៉ាងហោចណាស់ ១៤០ ឆ្នាំ។ នេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏កម្រមួយ សម្រាប់ទីក្រុងប៉េកាំង។

វីដេអូដែលផ្សាយដោយ CCTV បានបង្ហាញស្ពានផ្លូវមួយក្នុងទីក្រុងប៉េកាំង ត្រូវបានបាក់ពាក់កណ្តាល ជាមួយនឹងរថយន្តជាច្រើនជួរនៅខាងលើ ខណៈដែលរថយន្តជាច្រើន ត្រូវបានទឹកនាំទៅក្នុងទន្លេខាងក្រោម។

វីដេអូមួយទៀត ក៏បង្ហាញពីរណ្តៅមួយ លេចចេញនៅខាងក្រៅមជ្ឈមណ្ឌលផ្សារទំនើបមួយ នៅភាគខាងលិចទីក្រុងប៉េកាំង ខណៈទឹកហូរចូលទៅក្នុងប្រឡាយនៅឯអាកាសយានដ្ឋាន Daxing។

រូបភាពដែលបានបង្ហោះ ក៏បានបង្ហាញពីអ្នកជួយសង្គ្រោះ និងអ្នកស្រុកបានដើរឆ្លងកាត់ទឹកជ្រៅៗ ខណៈដែលពួកគេព្យាយាមគេចពីកម្ពស់ទឹកដែលកំពុងកើនឡើង។

ភាព​ធ្ងន់ធ្ងរ​នៃ​ទឹកជំនន់​ បាន​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ជាច្រើន​ភ្ញាក់ផ្អើល​ ដោយសារតែ​ទីក្រុង​ប៉េកាំង​តែងតែ​មាន​រដូវក្តៅ​ស្ងួត​។​ ព្រោះថា មុនពេល​ព្យុះ​នេះ ​ទីក្រុង​ប៉េកាំង​ទើបតែ​ជួបប្រទះ​នូវ​រលក​កំដៅ​បំបែក​កំណត់ត្រា​ចំនួន៥​។

ក្រៅពីទីក្រុងប៉េកាំង តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ Zhuozhou ដែលជាទីក្រុងតូចមួយនៅក្នុងខេត្ត Hebei ជាប់ព្រំដែនភាគនិរតីនៃទីក្រុងប៉េកាំង។ តំបន់នេះក៏បានបង្ហោះការអំពាវនាវការជួយសង្គ្រោះនៅលើបណ្តាញសង្គមផងដែរ។

នាយកដ្ឋានសន្តិសុខសាធារណៈ Zhuozhou បានប្រកាសកាលពីថ្ងៃទី១ ខែសីហាថា “បច្ចុប្បន្នតំបន់ Zhuozhouu ទាំងមូលគឺគ្មានទឹក និងតំបន់ខ្លះគ្មានភ្លើងអគ្គិសនី។ ការផ្គត់ផ្គង់បណ្តោះអាសន្នមានគ្រប់គ្រាន់ ប៉ុន្តែគេមិនដឹងថា តើវានឹងត្រូវរក្សាទុកបានយូរប៉ុណ្ណានោះទេ”។

គិតត្រឹមម៉ោង ១២ និង ២០ នាទីយប់ថ្ងៃទី២ ខែសីហា ក្រុមសង្គ្រោះបន្ទាន់ Shanghai Zishuo បានមកដល់ទីក្រុង Zhuozhou ហើយបានជួយសង្គ្រោះអ្នកស្រុកចំនួន ៥២ នាក់ ដែលជាប់ក្នុងនោះមានកុមារប្រហែល ៣០ នាក់។

មុននេះ កាសែត The Paper បានចេញផ្សាយវីដេអូមួយដែលនិយាយថាមនុស្សជាង ៣០០ នាក់ បានជាប់នៅក្នុងអគារលំនៅដ្ឋានមួយក្នុងទីក្រុង Zhuozhou ទឹកជំនន់បានជន់លិចចូលទៅក្នុងជាន់ទីមួយនៃអគារ ហើយរណ្តៅលិចបានបង្កើតឡើងដែលស្រូបទឹកដូចជារូងភ្នំដែលគ្មានបាតដ៏គួរឲ្យខ្លាច។

ស្ត្រីដែលបានចែករំលែកវីដេអូនេះ បានបង្ហើបថា អ្នករស់នៅក្នុងអគារនេះស្ថិតក្នុងស្ថានភាព «គ្មានទឹក គ្មានភ្លើង គ្មានហ្គាស» ហើយបន្ថែមថា កម្រិតទឹកជន់លិចបានឈានដល់ជាន់ទី ២ នៃអគាររួចហើយ។

គួរកត់សំគាល់ថា រថភ្លើងដែលរង់ចាំអ្នកដំណើររាប់រយនាក់ បានជាប់គាំងនៅជាយក្រុងប៉េកាំងរយៈពេល ៣០ ម៉ោងជាប់ៗគ្នា ដោយគ្មានអាហារ, នេះបើយោងតាមទូរទស្សន៍ Guizhou។

អ្នកដំណើរម្នាក់បានប្រាប់ស្ថានីយទូរទស្សន៍ថា “ភ្លៀងធ្លាក់កាន់តែធ្ងន់ទៅៗ ហាក់ដូចជាមានសញ្ញានៃការបាក់ដីនៅខាងមុខ។ រថភ្លើងមិនអាចទៅមុខ ឬថយក្រោយបានទេ។ មនុស្សមួយចំនួននៅលើរថភ្លើងអស់កំលាំងកំហែងយ៉ាងខ្លាំង ព្រោះការផ្គត់ផ្គង់មិនអាចមកបានទេ មនុស្សកំពុងឃ្លាន… ទ្វារក៏ត្រូវបានចាក់សោ យើងមិនអាចទៅណាបានទេ”។

តែជាសំណាងល្អ មានអ្នកដំណើរត្រូវបានក្រុមសង្គ្រោះទៅដល់ ហើយពួកគេយកចេញពីតំបន់គ្រោះថ្នាក់ កុំអីមិនដឹងយ៉ាងណានោះទេ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×