Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី មានបំណងត្រឡប់ចូលកិច្ចចរចាគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ប៉ុន្តែជាថ្នូរនឹងការដោះស្រាយបញ្ហាទណ្ឌកម្មខ្លះៗ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃពុធសប្តាហ៍នេះថារដ្ឋាភិបាលទីក្រុងមូស្គូ សូមបញ្ជាក់គោលជំហររបស់ខ្លួនឡើងវិញ ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយអះអាងថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ីត្រូវបានដោះស្រាយ។

បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះជាការបញ្ជាក់ឡើងវិញនូវគោលជំហររបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយអះអាងថា ត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ីត្រូវបានដោះស្រាយ។

ការធ្វើអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងនេះ គឺធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ និយាយថា មាន «សញ្ញាវិជ្ជមានខ្លះ» ដែលថា រុស្ស៉ីចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅរកការពិភាក្សា អំពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញ គ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដោយសុវត្ថិភាព, ប៉ុន្តែទោះជាយ៉ាងណា រុស្ស៊ីក៏ត្រូវការឱ្យដោះស្រាយបញ្ហាកង្វល់របស់ខ្លួនផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ប៉េសកូវ បានបញ្ជាក់ថា លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៉ី ដោយមិនគិតពីតម្រូវការរបស់សហគមន៍ពិភពលោកសម្រាប់ម្ហូបអាហារ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដឹងយ៉ាងច្បាស់អំពីរឿងនេះ លុះពេលរុស្ស៊ីរឹតបន្តឹងវិញ តាំងមកព្រួតគ្នាថារុស្ស៊ីអាក្រក់ រឿងនេះខាងអស់លោកខាងលិច និងសហរដ្ឋអាមេរិកជាអ្នកបង្កមុន។

និយាយពីការនាំចេញគ្រាប់ធញ្ញជាតិនេះទៀតសោត រុស្ស៉ី ក៏ដូចជាលោកប្រធានាធិបតី ពូទីន ផងដែរ បាននិយាយរឿងនេះ ១០០ដងរួចហើយថា រដ្ឋាភិបាលរុស្ស៊ីនឹងត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅកិច្ចព្រមព្រៀងនេះដោយខ្លួនឯងភ្លាមៗ គ្រាន់តែត្រូវមានការអនុវត្តលក្ខខណ្ឌពាក់ព័ន្ធនឹងរុស្ស៉ីកន្លងមកដោះស្រាយឱ្យមានភាពជាវិជ្ជមានឡើងវិញ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថា ខាងអស់លោកមិន ទាន់បានធ្វើអ្វីទាល់តែសោះ ក្នុងការដោះស្រាយទណ្ឌកម្មត្រឡប់ទៅជាវិជ្ជមានវិញសម្រាប់រុស្ស៊ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិកាលពីខែកក្កដា ក្រោមហេតុផលថា សហគមន៍អន្តរជាតិបរាជ័យក្នុងការធានាថា រុស្ស៉ីក៏អាចនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់ខ្លួនដោយសេរីជាផ្នែកលើកិច្ចព្រមព្រៀងនោះ, ប៉ុន្តែលោកខាងលិចថា ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៉ី មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ពួកគេនោះទេ ខណៈទីក្រុងមូស្គូថា ការរឹតបន្តឹងលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គ ចំពោះការដឹកជញ្ជូនរបស់ខ្លួន ដូច្នេះរុស្ស៊ីត្រូវការដោះដូរភាពវិជ្ជមានខ្លះសម្រាប់ខ្លួន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×