ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៨ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី ៩ ឈ្មោះ សុនទីញ (SON-TINH) បាននិងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ។ ព្យុះនេះ នឹងធ្វើដំណើរកាត់កោះហៃណាំ រួចទៅដល់ឆ្នេរតុងកឹង ប្រទេសវៀតណាម នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមព្យាករណ៍ ឥទ្ធិពលរបស់ព្យុះនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាព ដូចជា ធ្វើឲ្យមូសុងនិរតីខ្លាំងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា បង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀង រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៩ដល់ទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្តាខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។ នៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ជោកជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
សូមប្រុងប្រយ័ត្ន បងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ ៖ បញ្ញាស័ក្តិ