រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ តែងតែព្យាយាមវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញជាច្រើនលើកច្រើនសា ហើយកាលពីប៉ុន្មានថ្ងៃមុន កូនស្រីរបស់គាត់បានប្រកាស អំពីពេលវេលាដ៏ជាក់លាក់ នៃដំណើរនិវត្ដន៍របស់គាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប៉ុន្ដែគម្រោងនេះ ត្រូវលុបចោលទៅវិញ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៤ ខែសីហា ដោយដកស្រង់ប្រភពពីគណបក្សភឿថៃ អះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា គម្រោងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ ដែលកំពុងតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស វិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ត្រូវបង្កើតឡើងរួចរាល់ហើយ។

អតីតនាយករដ្ឋមន្ត្រី ដែលគេជឿ ថា ជាមេដឹកនាំគណបក្សភឿថៃ ហើយកាលពីដំបូងឡើយ មានគម្រោងវិលត្រឡប់ មកកាន់ប្រទេសកំណើតរបស់គាត់វិញ នៅថ្ងៃទី១០ ខែសីហា។ ផែនការនេះ ត្រូវបានប្រកាស កាលពីសប្តាហ៍មុន នៅលើបណ្ដាញសង្គម Instagram ដោយលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន ។ លោកស្រី បានអះអាង ថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋានដនមឿង (Don Mueang) នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ។
ប្រភពពីគណបក្សភឿថៃ បានអះអាងទៀត ថា លោក ថាក់ស៊ីន បានសម្រេចចិត្តពន្យារពេលការវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ ក្រោយពេលឮ ថា ការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃសុក្រ នេះ ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ថាតើការតែងតាំងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតរបស់សភាទាំង២ ស្របតាមរដ្ឋធម្មនុញ្ញ ដែរឬយ៉ាងណា។

លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃទី១៣ ខែកក្កដា មិនទទួលបាននូវការគាំទ្រជាលើកដំបូង ពីសមាជិកសភាជាប់ឆ្នោត ដែលចេញមកពីគណបក្សអភិរក្សយោធារាជានិយម និង សមាជិកព្រឹទ្ធសភា ត្រូវបានតែងតែ ដោយពួកយោធា ក្រោយអំពីរដ្ឋប្រហារ។ ក្រោយមកទៀត សភា កាលពីថ្ងៃទី១៩ ខែកក្កដា បានច្រានចោលនូវការតែងតាំងជាថ្មីរបស់គាត់។ សកម្មភាពទាំងនេះ បានធ្វើឲ្យមេដឹកនាំគណបក្សឆ្ពោះទៅមុខ បានរងនូវបរាជ័យ សម្រាប់គោលជំហររបស់គាត់ ធ្វើវិសោធនកម្ម លើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវគេស្គាល់ជាទូទៅ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។
ប្រភពពីគណបក្សភឿថៃ បានបន្ថែម ថា លោក ថាក់ស៊ីន ក៏ជឿជាក់ ថា គាត់គួរតែរង់ចាំ ស្របពេលគណបក្សភឿថៃ កំពុងតែពិភាក្សា ជាមួយនឹងភាគីផ្សេងៗទៀត ដើម្បីចូលរួមជាមួយសម្ពន្ធភាពថ្មីរបស់ខ្លួន។ បច្ចុប្បន្ន គណបក្សចំនួន៣ ទំនងជានឹងចូលរួមជាមួយសម្ពន្ធភាពនេះ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ រួមមាន ទី១-គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាក់គុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha), ទី២-គណបក្សឆាតថៃផាតថាណា (Chartthaipattana) ដឹកនាំដោយលោក ធៀរ៉ា វង់សាមុត (Theera Wongsamut) អតីតរដ្ឋមន្រ្ដី ក្រសួងកសិកម្ម និង ទី៣-គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ជូរីន ឡាក់សាណាវីស៊ី (Jurin Laksanawisit) អតីតរដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ និង ជារដ្ឋមន្រ្ដីក្រសួងអប់រំ នៅក្នុងរដ្ឋាភិបាលរបស់លោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva)។ រីឯការចរចានេះ នៅតែដំណើរការជាមួយនឹងគណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ និង គណបក្សផាឡាំងប្រាឆារ៉ាត ( Palang Pracharath) ហៅកាត់ PPRP ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ។ ប៉ុន្តែគណបក្សតូចៗជាច្រើនផ្សេងៗទៀត ត្រូវបានគេរំពឹង ថា នឹងជួយជំរុញដល់សម្ពន្ធភាពផងដែរ។

លោក ភីឈីត ថាមូន (Pichit Tamoon) ជាឥស្សរជនសំខាន់ នៃរណសិរ្សរួបរួម សម្រាប់ក្រុមអាវក្រហម ដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងទំព័ររបបផ្តាច់ការ នៅខេត្តឈៀងម៉ៃ (Chiang Mai) បានអះអាង ថា សេចក្តីប្រកាស អំពីការវិលត្រឡប់របស់លោក ថាក់ស៊ីន នៅថ្ងៃទី១០ ខែសីហា គ្រាន់តែជាឧបាយកល សម្រាប់ការប្រមែប្រមូលនូវការគាំទ្រ មកពីអ្នកអាណិតអាសូរ ដល់គណបក្សភឿថៃ តែប៉ុណ្ណោះ។
លោក ភីឈីត ថាមូន បានបន្ថែម ថា «ខ្ញុំមិនគិត ថា លោក ថាក់ស៊ីន នឹងត្រឡប់មកកាន់ប្រទេសកំណើតវិញ នាពេលឆាប់ៗខាងមុខនេះទេ ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាព ហើយក៏មានមនុស្សជាច្រើន អាចនឹងស្អប់គាត់»៕ រក្សាសិទ្ធដោយ ៖ សារាយSN









