រដ្ឋធានីនីយ៉ាមេ (Niamey)៖ ក្រោយអំពើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា រួចមក ក្រុមមេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសនីហ្សេ (Niger) កាន់តែផ្គើន ដាក់សហគមន៍អន្ដរជាតិ ជាពិសេស បណ្ដាមេដឹកនាំសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ អេកូវ៉ាស ប៉ុន្ដែក្រុមមេដឹកនាំប្លុកអាហ្វ្រិកខាងលិចមួយនេះ បានគំរាមតបវិញ ថា «យើងមិនមែនបានត្រឹមតែព្រុសនោះទេ យើងពិតជាខាំហើយ»។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា លោកឧត្ដមសេនីយ៍ អាប់ឌូរ៉ាហាមេន ធីឈានី (Abdourahamane Tchiani) កំពុងតែបង្កើននូវការប្រឈមមុខដាក់គ្នា ជាមួយនឹងបណ្ដាមេដឹកនាំសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ ECOWAS ដែលមានប្រទេសចំនួន១៥ជាសមាជិក ដោយបានបដិសេធនូវការជ្រៀតជ្រែកណាមួយ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីហ្សេ។
មេដឹកនាំរដ្ឋប្រហាររបស់នីហ្សេ រូបនេះ បានប្រកាស ថា គាត់មិនចុះចាញ់នឹងសម្ពាធណាមួយ ដើម្បីជំរុញឲ្យប្រគល់អំណាចវិញ ទៅលោកប្រធានាធិបតី ម៉ូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ដែលត្រូវបានទម្លាក់ ចេញពីតំណែង កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា នោះឡើយ។ លោកឧត្ដមសេនីយ៍ បានរិះគន់ដល់ទណ្ឌកម្មរបស់បណ្ដាមេដឹកនាំប្រទេសអាហ្វ្រិកខាងលិច ថា ជា«រឿងខុសច្បាប់» និង «អមនុស្សធម៌» ហើយគាត់បានជំរុញឱ្យជនរួមជាតិរបស់គាត់ ត្រៀមខ្លួនការពារជាតិរបស់ខ្លួន។

ការធ្វើអត្ថាធិប្បាយរបស់លោកឧត្ដមសេនីយ៍ Abdourahamane Tchiani មេដឹកនាំរដ្ឋប្រហារ នៅលើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធ (ទី២ ខែសីហា) បានកើតឡើង ក្រោយពេលក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ ចំនួន១៥ប្រទេស នៃ ECOWAS (អេកូវ៉ាស) បានជួបប្រជុំបន្ទាន់ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសជិតខាង ដើម្បីពិភាក្សា អំពីវិបត្ដិ នៅក្នុងប្រទេសនីហ្សេ។
ក្រុមមេដឹកនាំសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រឆាំនឹងប្រទេសនីហ្សេ ហើយថែមទាំងបានគំរាម អំពីការប្រើប្រាស់កម្លាំងយោធា ប្រសិនបើភាពជាប្រធានាធិបតីរបស់លោក បាហ្ស៊ូម មិនត្រូវបានប្រគល់ត្រឡប់មកវិញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នោះទេ។ ជាមួយគ្នានេះដែរ ប្លុកអាហ្រ្វិកខាងលិចមួយនេះ ក៏បានបញ្ជូនគណៈប្រតិភូមួយក្រុម ដឹកនាំដោយលោក អាប់ឌុលសាឡាមី អាប៊ូបាកា (Abdulsalami Abubakar) អតីតមេដឹកនាំប្រទេសនីហ្សេរីយ៉ា ធ្វើដំណើរទៅកាន់ប្រទេសនីហ្សេ ដើម្បីចរចាជាមួយនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា។

លោកឧត្ដមសេនីយ៍ អាប់ឌូរ៉ាហាមេន ធីឈានី បានប្រកាសខ្លួនឯង ថា «កងទ័ពនីហ្សេ បានច្រានចោលនូវការដាក់ទណ្ឌកម្មទាំងអស់នេះ ហើយបដិសេធទទួលយកនូវការគំរាមកំហែងណាមួយ បើទោះជាពួកគេ មកពីទីណាក៏ដោយ។ យើងបដិសេធរាល់ការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីហ្សេ។ ដូច្នេះហើយ យើងសូមអំពាវនាវ ដល់ប្រជាជាតិនីហ្សេ ទាំងអស់ រួបរួមគ្នា កម្ចាត់បណ្ដាអ្នកទាំងឡាយណា ចង់ធ្វើឱ្យមានការឈឺចាប់ ដោយមិនអាចនិយាយបាន មកលើប្រជាជន ដែលខិតខំធ្វើការ និង ធ្វើឱ្យប្រទេសរបស់យើង មានអស្ថិរភាព»។
មេដឹកនាំរដ្ឋប្រហារយោធា រូបនេះ បានបញ្ជាដល់ឆ្មាំការពារប្រធានាធិបតីនីហ្សេ ដោយព្រមានអំពីពេលវេលាដ៏លំបាក នឹងបន្ដទៅមុខ ហើយ ថែមទាំងអះអាង ថា អាកប្បកិរិយា «អរិភាព និង រ៉ាឌីកាល់» របស់បណ្ដាប្រទេសប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់ នឹងមិនមានតម្លៃនោះឡើយ។ គ្រប់ទម្រង់ទណ្ឌកម្មរបស់អេកូវ៉ាស គឺជាការខុសច្បាប់ អយុត្ដិធម៌ អមនុស្សធម៌ និង មិនអាចទទួលយកបាននោះឡើយ។

សង្គ្រាមវោហាសាស្ត្រដ៏ក្ដៅគគុកនេះ បានបង្ហាញឱ្យឃើញ អំពីភាពរឹងរូស សម្រាប់ការប្រឈមមុខដាក់គ្នារបស់មេដឹកនាំរដ្ឋប្រហារ នៅនីហ្សេ ជាមួយនឹងបណ្ដាមេដឹកនាំ ECOWAS ដែលកំពុងតែតស៊ូ ស្ដារលទ្ធិប្រជាធិបតេយ្យ នៅតំបន់អាហ្វ្រិកខាងលិច នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ សកម្មភាពតស៊ូទាំងនេះ បានរួមបញ្ចូលទាំងការធ្វើរដ្ឋប្រហារ នៅក្នុងរដ្ឋជាសមាជិករបស់ខ្លួនផងដែរ មានដូចជា ប្រទេសម៉ាលី បួគីណាហ្វាសូ និង ហ្គីណេ ហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅហ្គីណេ-ប៊ីសសូ (Guinea-Bissau)
លោក អាប់ដែល-ថាតូ មូសាហ៍ (Abdel-Fatau Musah) ស្នងការអេកូវ៉ាស ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និង សន្តិសុខ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ (ទី២ ខែសីហា) នៅក្នុងរដ្ឋធានីអាប៊ូចា (Abuja) ប្រទេសនីហ្សេរីយ៉ា ថា «ជម្រើសយោធា នឹងក្លាយជាជម្រើសចុងក្រោយបំផុត ប៉ុន្តែប្លុកអាហ្វ្រិកមួយនេះ ត្រូវតែរៀបចំ សម្រាប់ហេតុការណ៍ជាយថាហេតុ។ យើងត្រូវតែបង្ហាញឲ្យបានច្បាស់លាស់ ថា យើងមិនមែនត្រឹមតែព្រុសនោះទេ គឺយើងអាចនឹងខាំតែម្ដង»៕ រក្សាសិទ្ធដោយ ៖ សារាយSN





















