Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន កំពុងតែបង្កើនការចំណាយ លើវិស័យការពារជាតិ

រាជធានីតូក្យូ៖ ដោយសារតែប្រទេសចិន កំពុងតែបង្កើនឥទ្ធិពលយោធា ហើយកូរ៉េខាងជើង បាញ់មីស៊ីលឥទ្ធិឈប់ឈរ ទើបធ្វើឲ្យរដ្ឋាភិបាលក្រុងតូក្យូ លែងនៅស្ងៀមដូចមុន ដោយបានចាប់ផ្ដើមបង្កើនថវិកា លើវិស័យការពារជាតិដ៏ធំសម្បើមមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ត្រូវបានបិទបញ្ចប់រួចមក ហើយឥឡូវនេះ ជប៉ុន អាចនឹងលក់ភាគហ៊ុនជាច្រើន ដើម្បីផ្ដល់មូលនិធិ លើការចំណាយ សម្រាប់វិស័យការពារជាតិ បន្ថែមទៀត។

សារព័ត៌មានរបស់ជប៉ុន The Japan Times បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ថា បច្ចុប្បន្ន សមាជិកសភាជប៉ុន កំពុងតែថ្លឹងថ្លែង អំពីការលក់ភាគហ៊ុនមួយចំនួនរបស់រដ្ឋាភិបាល នៅក្នុងក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសជាតិ ដើម្បីផ្ដល់មូលនិធិ ពង្រីកនូវការចំណាយ លើវិស័យការពារជាតិ។ ប៉ុន្ដែការធ្វើដូច្នេះ នឹងមិនមានភាពងាយស្រួលនោះឡើយ ព្រោះតម្រូវឲ្យមានការឯកភាពគ្នា នៅក្នុងរដ្ឋាភិបាល ហើយក្នុងករណីខ្លះ ក៏ត្រូវតែឲ្យធ្វើវិសោធនកម្មច្បាប់មួយចំនួនផងដែរ។

មានកត្ដាជាច្រើន ដោយរាប់បញ្ចូល ទាំងប្រាក់ចំណូលពន្ធ កើនឡើងខ្ពស់ជាងការរំពឹងទុក ហើយវានឹងធ្វើឱ្យប្រទេសជប៉ុន មានអតិរេកថវិកាខ្ពស់ អាចប្រើប្រាស់ សម្រាប់ការចំណាយ លើវិស័យការពារជាតិ។ រដ្ឋាភិបាល ក៏បានទទួលស្គាល់ ថា ការដំឡើងពន្ធ នឹងមិនអាចបញ្ចៀស នៅក្នុងរយៈពេលយូរនោះដែរ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឲ្យមានការសម្រេចចិត្តរួចមកហើយ ត្រូវតែដំឡើងពន្ធ រ៉ាប់រងលើការចំណាយ សម្រាប់វិស័យការពារជាតិ។ ដោយសារតែមានការគាំទ្រ សម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី គីស៊ីដា នៅតែមានកម្រិតទាបបំផុត ចាប់តាំងពីគាត់បានឡើងកាន់តំណែង ទើបគាត់ទំនងជាកំពុងតែស្វែងរកមធ្យោបាយបណ្តោះអាសន្ន សម្រាប់ទប់ស្កាត់នូវការពិភាក្សា អំពីការយកពន្ធ ដែលកំពុងកើនឡើង។

លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានសន្យារួចមកហើយ ថា នឹងបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ប្រទេសជប៉ុន ដោយកើនឡើងទ្វេដង រហូតដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំសារពើពន្ធ ២០២៧។ រដ្ឋាភិបាលក្រុងតូក្យូ មានគោលបំណងចំណាយ រហូតដល់៤៣ពាន់ពាន់លានយ៉េន (Yen ជាលុយជប៉ុន) ឬស្មើនឹងប្រហែល ៣០១ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៥ឆ្នាំ បន្ដទៅមុខទៀត។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី គីស៊ីដា ក៏បានប្ដេជ្ញា ថា រដ្ឋាភិបាលរបស់គាត់ នឹងបង្កើននូវការចំណាយ សម្រាប់ដោះស្រាយវិបត្តិអត្រាកំណើតរបស់ប្រទេសជប៉ុន ផងដែរ។

បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ ភាគហ៊ុនប្រហែល៩០ភាគរយរបស់រដ្ឋាភិបាល មានទំហំទឹកប្រាក់ ចំនួន៣២,៨ពាន់ពាន់លានយ៉េន ឬស្មើនឹងប្រហែល ជាង២២៩,១១ពាន់លានដុល្លារអាមេរិក មិនអាចលក់បានទេ ដោយសារតែបញ្ហាច្បាប់ និង បទប្បញ្ញត្តិផ្សេងៗ។ បើទោះជាយ៉ាងណាក៏ដោយ គណបក្សកាន់អំណាច គ្រោងនឹងចាប់ផ្តើមពិភាក្សា អំពីលទ្ធភាព នៃការលក់ភាគហ៊ុនក្រុមហ៊ុន Nippon Telegraph និង Telephone Corporation ដើម្បីផ្តល់មូលនិធិ លើវិស័យការពារជាតិ។

រដ្ឋាភិបាលជប៉ុន ក៏កំពុងតែជំរុញទៅមុខជាមួយនឹងផែនការលក់ភាគហ៊ុន នៅក្នុងប្រតិបត្តិកររថភ្លើងក្រោមដី Tokyo Metro Co. និងធនាគារ Shoko Chukin បើទោះជាប្រាក់ចំណូលទាំងនោះ ប្រហែលជាមិនចាំបាច់ប្រើប្រាស់សម្រាប់វិស័យការពារជាតិយ៉ាងណាក៏ដោយ។ ក្រសួងហិរញ្ញវត្ថុជប៉ុន បានធ្វើបច្ចុប្បន្នភាពទិន្នន័យ កាលពីខែមីនា ឆ្នាំ២០២២ គឺការកាន់កាប់ភាគហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីនិយាយ ថា រដ្ឋាភិបាលបានកាន់កាប់ភាគហ៊ុនចំនួន ៥០០ពាន់លានយ៉េន ឬស្មើនឹងប្រហែល ជាង ៣,៤៩ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដែលបានទទួលមរតក ពីអតីតសាជីវកម្មប្រេងជាតិរបស់ប្រទេសជប៉ុន។

នេះជាបញ្ជី នៃភាគហ៊ុនសំខាន់ៗ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ជាទីដែលប្រទេសជប៉ុន ឈរលើគេ ខណៈជប៉ុន រំពឹងថា នឹងចំណាយកាន់តែច្រើនឡើង លើវិស័យការពារជាតិ ហើយកិច្ចខិតខំប្រឹងប្រែង ជំរុញកំណើនរបស់ប្រជាជន ដែលកំពុងតែធ្លាក់ចុះ អស់រយៈពេល១៤ឆ្នាំជាប់ៗគ្នានេះ ឲ្យកើនឡើងវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×