ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសថា ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យស្រុកចំនួន៣ នាមូលដ្ឋាននេះមានជំនន់ជន់លិច រួមមាន៖ ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកស្រែអំបិល គឺបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យផ្ទះ និងស្រែចំការ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតាមដងព្រែក បានលិចលង់។
គ្រោះទឹកជំនន់នេះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរពាក់ពន្ធ័ ក៏បានបញ្ជូនកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួយពលរដ្ឋរងគ្រោះឲ្យមានសុវត្ថិភាព។ ក្នុងនោះបានជួយជន្លៀស ប្រជាពលរដ្ឋ ឬសត្វពាហនៈ ចេញពីទីតាំងលិចទឹក ឆ្ពោះទៅកាន់ទីទួលសុវត្ថិភាពជាដើម..។
ព្រមជាមួយគ្នានេះ អាជ្ញាធរខេត្តកោះកុង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងព្រែកនានា ក្នុងស្រុកទាំង៣ខាងលើ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ព្រោះស្ថានភាពទឹកជំនន់ នៅតាមដងព្រែកកំពុងមានការកើនឡើងជាបន្តបន្ទាប់៕ ដែនសីមា