Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង ១២.១៨ លាននាក់ ដោយនៅក្នុងនោះ ខែកក្កដា មានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ ១លាន ១សែននាក់។

ឯកឧត្តម ថោង ខុន បានលើកឡើងថា ជាធម្មតា ខែកក្កដា និងខែសីហា ជាខែ ដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងចំនួនតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង ហើយខែទាំង២នេះ ក៏មិនមានថ្ងៃឈប់សម្រាកជាតិដែរ។ ប៉ុន្តែ ចរន្តភ្ញៀវទេសចរ នឹងចាប់ផ្តើមមានសន្ទុះខ្លាំង ចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។​

គួរបញ្ជាក់ថា បើតាមឯកឧត្តម ថោង ខុន បើទោះបីជាពិភពលោក ទើបងើបពីវិបត្តិកូវីដ-១៩ ក៏ដូចជាកំពុងរង់ប៉ះពាល់ដោយសារសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែកម្ពុជា រំពឹងថា នៅឆ្នាំ២០២៣នេះ នឹងទទួលបានទេសចរណ៍អន្ដរជាតិ ៥លាននាក់ ហើយនឹងឈានដល់ ៧លាននាក់ នៅឆ្នាំ២០២៦ផងដែរ៕

×