Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អះអាងថា ដ្រូនរបស់អាមេរិក ប៉ុនប៉ងរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន ហើយខ្លួនប្រើយន្តហោះចម្បាំងទៅបណ្ដេញ

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានអះអាងថា ខ្លួនបានចល័តយន្ដហោះចម្បាំង Su-30 មួយគ្រឿង ទៅរារាំងកុំឱ្យយន្ដហោះដ្រូន MQ-9 មួយគ្រឿង របស់សហរដ្ឋអាមេរិក បំពានចូលដែនអាកាសរបស់រុស្ស៉ី នៅតំបន់សមុទ្រខ្មៅ។

សារព័ត៌មាននេះបានដកស្រង់ការអត្ថាធិប្បាយរបស់ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា ខណៈយន្ដហោះចម្បាំងរុស្ស៉ី ហោះទៅក្បែរយន្ដហោះដ្រូនស៊ើបការណ៍បរទេសដែលតម្រង់ក្បាលចូលក្នុងដែនអាកាសរបស់រុស្ស៊ីនោះ ក៏បានធ្វើឱ្យយន្តហោះដ្រូន បកក្បាលហោះចេញឆ្ងាយ ពីព្រំដែនរុស្ស៉ី។

ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនបរទេសនេះ គឺជាកម្មសិទ្ធិរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក រីឯយន្ដហោះចម្បាំង រុស្ស៉ីបានត្រឡប់ទៅកាន់មូលដ្ឋានទ័ពវិញដោយសុវត្ថិភាព ហើយក៏មិនមានការបំពានណាមួយចូលព្រំដែនរុស្ស៉ីនោះដែរ ដែលនេះគ្រាន់តែជាការព្រមាន និងការការពារខ្លួនរបស់រុស្ស៊ីតែប៉ុណ្ណោះ។

ថ្មីៗនេះ ក្រុមអ្នកតាមដានបានមើលឃើញថា ការប្រឈមមុខដាក់គ្នារវាងយន្ដហោះចម្បាំងរុស្ស៉ី និងយន្ដហោះរបស់បណ្ដាប្រទេសលោកខាងលិច បានកើតឡើងជាច្រើនលើករួចមកហើយ នៅឯតំបន់សមុទ្រខ្មៅ និងសមុទ្របាល់ទិក នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងបរិបទដែលរុស្ស៉ីកំពុងបន្តសង្រ្គាមជាមួយអ៊ុយក្រែន។

គួររំលឹកថា កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានឡើងកម្ដៅ នៅពេលដែលយន្ដហោះដ្រូនអាមេរិក MQ-9 មួយគ្រឿង បានធ្លាក់ចូលសមុទ្រខ្មៅ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយយន្ដហោះចម្បាំងរុស្ស៉ី, ជាបន្តបន្ទាប់ រុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានប្រើដ្រូនភេរវកម្មចូលលុកលុយដល់ទីក្រុងមូស្គូ ហើយត្រូវបានប្រព័ន្ធការពារដែនអាកាសបាញ់ធ្លាក់។
ជាមួយគ្នានេះទៀត ទីក្រុងមូស្គូ ក៏បានអះអាងផងដែរពីការស្ទាក់ចាប់យន្ដហោះចម្បាំងបារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអង់គ្លេស កាលពីពេលថ្មីៗនេះដែលប៉ុនប៉ងរំលោភចូលដែនអាកាសរបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×