Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ ព្រមានដល់គណបក្សភឿថៃ ថា កុំធ្វើជានុយឱ្យក្រុមអភិរក្សយោធា

រាជធានីបាងកក៖ ដោយសារតែសមាជិកសភា និង ព្រឹទ្ធសភា ជាក្រុមអភិរក្សយោធារាជានិយម មិនបោះឆ្នោតគាំទ្រ ដល់មេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជានាយករដ្ឋមន្រ្ដី ប៉ុន្ដែបែរជាគណបក្សភឿថៃ ងាកចង់ទៅចងសម្ពន្ធភាពជាមួយនឹងគណបក្សផ្សេងៗទៀត ដែលមេដឹកនាំរបស់គណបក្សទាំងនោះ មានតំណែងខ្ពង់ខ្ពស់ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី លោក ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) ទើបមេដឹកនាំគណបក្សឈ្នះឆ្នោត បានព្រមានដល់គណបក្ស ជាដៃគូរបស់ខ្លួន កុំធ្វើជានុយរបស់ពួកអភិរក្ស។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ថា  គណបក្សឆ្ពោះទៅមុខ (Move Forward Party ហៅកាត់ MFP បានជំរុញដល់គណបក្សភឿថៃ (PT) ឲ្យពិចារណាឡើងវិញ ចំពោះការសម្រេចចិត្តបញ្ចប់នូវសម្ពន្ធភាពនយោបាយរបស់ពួកគេ ដែលដំបូងឡើយ មានគោលបំណងរួបរួមគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី។

លោក វីរ៉ូ ឡាក់ខាណាអាឌីសន (Wiroj Lakkhanaadisorn) សមាជិកសភារបស់គណបក្ស MFP បានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានបំណង សំដៅទៅលើគណបក្សភឿថៃ ថា មានមិត្តម្នាក់ ត្រូវបានគេ ទាក់ទាញឱ្យចូលទៅក្នុងជំរំរបស់ក្រុមអភិរក្សនិយម។

សមាជិកសភារបស់គណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ រូបនេះ បានសរសេរ ថា «ឱ!មិត្តអើយ សូមកុំឡើងរថយន្ដ ជាមួយនឹងពួកគេអី ។ ពួកគេនឹងបញ្ឆោតអ្នកឱ្យធ្វើដំណើរ ឡើងទៅលើកំពូលភ្នំ ហើយនៅទីបំផុត គេនឹងរុញអ្នកទម្លាក់មកវិញទេ។ អ្នកខំប្រឹងរត់ទៅឆ្ងាយហើយ បែរជាត្រឡប់ មកកប៉ាល់របស់គេវិញយ៉ាងលឿន។ យើងកំពុងតែរង់ចាំអ្នកនៅទីនេះ។ គណបក្ស MFP និង គណបក្សភឿថៃ បានខិតខំរួបរួមគ្នា ចងសម្ពន្ធភាព រហូតដល់ចំនួន៨គណបក្ស ដោយមានតំណាងរាស្រ្ដ ចំនួន៣១២នាក់ នៅក្នុងដៃ ខណៈក្រុមអភិរក្ស មានសមាជិកសភា ត្រឹមតែ ១៨៨នាក់ប៉ុណ្ណោះ»។

លោក វីរ៉ូ ឡាក់ខាណាអាឌីសន បានសរសេរបន្ដ ថា សូម្បីបើរាប់ត្រឹមតែសមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ក៏មានអាសនៈ នៅក្នុងរដ្ឋសភា ចំនួន២៩២នាក់ដែរ។ នេះមានន័យថា គណបក្សទាំង២នេះ នឹងមានឱកាសល្អ ឈ្នះលើក្រុមអភិរក្ស គ្រប់ពេល។ ថ្វីបើឥឡូវនេះ គណបក្ស MFP និង បក្សភឿថៃ ពិបាកនឹងឈ្នះការបោះឆ្នោតនាយករដ្ឋមន្ត្រី ដោយសារតែត្រូវការសំឡេងគាំទ្រ ភាគច្រើន មកពីសមាជិកព្រឹទ្ធសភា យ៉ាងណាក្ដី ក៏គណបក្សធំទាំងពីរនេះ នៅតែមានកម្លាំងពិសេស សម្រាប់ប្រយុទ្ធជាមួយនឹងក្រុមអភិរក្សនិយម នៅក្នុងសភា ប្រសិនបើគណបក្សទាំង២ នៅតែបន្ដរួបរួមគ្នា។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានអះអាង ថា គាត់ជឿ ថា គណបក្សភឿថៃ ត្រូវបានគេផ្តល់ជូននូវកិច្ចព្រមព្រៀង តាមការបញ្ចុះបញ្ចូល នៅមុនពេលពួកគេបានសម្រេចចិត្ត ទៅតាមផ្លូវរបស់ពួកគេ កាលពីថ្ងៃពុធមុន (ទី២ ខែសីហា)។ ប៉ុន្ដែឥឡូវនេះ គណបក្សភឿថៃ និង គណបក្សMFP នៅដាច់ដោយឡែកពីគ្នា ហើយបក្សភឿថៃ គួរតែដឹង ថា ខ្លួនមានសមាជិកសភា ត្រឹមតែ ១៤១នាក់ប៉ុណ្ណោះ នៅក្នុងដៃ ខណៈក្រុមអភិរក្សនិយម មានសមាជិកសភា រហូតដល់១៨៨ នាក់។ នេះមានន័យ ថា អំណាចចរចារបស់គណបក្សភឿថៃ នឹងធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់គណបក្សមួយនេះ កំពុងតែស្វែងរកការបង្កើតរដ្ឋាភិបាលថ្មី។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ថែម ថា ទ្វារនៅតែទុកចំហ សម្រាប់គណបក្សផាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ (PPRP) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និង គណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា នឹងក្លាយជាសម្ពន្ធភាពចម្រុះ ដឹកនាំដោយគណបក្សភឿថៃ ជាពិសេស ដោយសារតែពួកគេមានឥទ្ធិពល ទៅលើសមាជិកព្រឹទ្ធសភាមួយចំនួន។ ឥឡូវនេះ គណបក្សភឿថៃ ក៏កំពុងតែបាត់បង់ការគាំទ្រ ពីរណសិរ្សរណសិរ្សក្រហមដើម្បីប្រជាធិបតេយ្យ (UDD) ដែលគាំទ្រគណបក្សនេះ អស់រយៈពេលយូរមកហើយ រហូតដល់មានការចាកចេញ ពីជំរំគាំទ្រលទ្ធិប្រជាធិបតេយ្យ ថែមទៀតផង។

សមាជិកសភា រូបនេះ ក៏បានបន្ថែម ថា គាត់បានកើតងឿងឆ្ងល់ ថា តើគណបក្សភឿថៃ ខ្លាចបាត់បង់យុត្តិកម្មរបស់ខ្លួន សម្រាប់ការបន្តដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើបរាជ័យ នៅក្នុងការគាំទ្រ មកពីព្រឹទ្ធសភា និង ចាញ់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ គេមិនឆ្ងល់នោះឡើយ ថា កំពូលភ្នំដែលគេនាំទៅនោះ តាមពិតជាទីត្រូវយកទៅប្រហារជីវិតទេឬ? នៅក្នុងសេណារីយ៉ូដ៏ល្អបំផុត បើទោះបីជាគណបក្សភឿថៃ ទទួលបានជោគជ័យ នៅក្នុងការបង្កើតសម្ពន្ធភាពថ្មីយ៉ាងណាក៏ដោយ ក៏គណបក្សភឿថៃ នឹងមិនមានអំណាចច្រើន ហើយវាដូចជាគណបក្សភឿថៃ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមអភិរក្សនិយម។

ជាមួយគ្នានេះ លោក អានុសន អៀមសា-អាដ (Anusorn Iamsa-ard)  សមាជិកសភា មកពីគណបក្សភឿថៃ បានលើកឡើង អំពីពីបច្ចុប្បន្នភាពចុងក្រោយ ពីក្រុមចរចារបស់ខ្លួន ខណៈគាត់ បានអះអាង ថា គណបក្សភឿថៃ នៅតែមានភាពរឹងមាំ។ ការបង្កើតរដ្ឋាភិបាលចម្រុះ គឺមិនងាយស្រួលនោះទេ ហើយគណបក្សភឿថៃ នឹងមិនត្រូវបានគេបង្ខំឱ្យទទួលយកលក្ខខណ្ឌណាមួយ ដែលគណបក្ស ពិតជាមិនអាចសម្រេចបាននោះដែរ។

លោក អានុសន អៀមសា-អាដ បានបន្ដ ថា «គណបក្សភឿថៃ នៅតែមានគោលជំហររឹងមាំ ថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា និង លោកឧត្តមសេនីយ ប្រាវីត វង់ស៊ូវ៉ាន់ មិនត្រូវក្លាយជាផ្នែកណាមួយ សម្រាប់សម្ពន្ធភាពថ្មី ដែលគណបក្សភឿថៃ កំពុងតែបង្កើតឡើងនោះឡើយ។

លោក រួងក្រៃ លីគីតវ៉ាតតាណា (Ruangkrai Leekitwattana ) សកម្មជននយោបាយ និង ជាអតីតសមាជិកព្រឹទ្ធសភា បានអះអាង ថា គាត់នឹងដាក់ញត្តិមួយ ទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យមើល លើការចោទប្រកាន់ អំពីការគេចពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri កាលពីខែសីហា ឆ្នាំ២០២១៩ ខណៈលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជាប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនេះ នៅក្នុងប្រទេសថៃ។

លោក ឈូវីត កាម៉ូលវីស៊ីត (Chuvit Kamolvisit) សកម្មជននយោបាយ កាលពីសប្តាហ៍មុន បានចង្អុលបង្ហាញ ថា ក្រុមហ៊ុនអចលនទ្រព្យ Sansiri បានបង់ពន្ធត្រឹមតែ ៥៩,២លានបាត (លុយថៃ) ស្មើនឹងប្រហែលជាង ១,៧ដុល្លារអាមេរិក ខណៈត្រូវបង់៥២១លានបាត ឬស្មើនឹងប្រហែលជាង១៥លានដុល្លារ។ បច្ចុប្បន្ន លោក ស្រេតថា កំពុងតែក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ហើយនឹងត្រូវតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅក្នុងសភា នាពេលខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×