រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច តែងតែព្យាយាមវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្ដែឥឡូវនេះ គាត់បានប្រកាស អំពីការពន្យារពេលវិលត្រឡប់ មកកាន់មាតុភូមិរបស់គាត់ជាថ្មី ស្របពេលគណបក្សភឿថៃរបស់កូនស្រីពៅរបស់គាត់ កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែនិរទេសខ្លួន ដោយខ្លួនឯង រស់នៅក្រៅប្រទេស បានអះអាង កាលពីថ្ងៃសៅរ៍ ថា គាត់បានពន្យារពេលវិលត្រឡប់ មកកាន់មាតុភូមិវិញ ព្រោះឥឡូវ ប្រទេសថៃ កំពុងតែតស៊ូជម្នះនូវភាពជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ស្របពេលគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះលើគណបក្សជាគូប្រជែងរបស់យោធា ដែលកំពុងតែគ្រប់គ្រងប្រទេសអាស៊ានមួយនេះ។

អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ជាអតីតមហាសេដ្ឋីទូរគមនាគមន៍ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីទប់ទល់នឹងការជ្រៀតជ្រែករបស់យោធា នៅក្នុងរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជានិយមរបស់គាត់។ ប៉ុន្ដែនៅទីបំផុត គាត់ក៏ត្រូវបានពួកយោធា បណ្តេញចេញពីអំណាច ដោយអំពើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០០៦ ។

លោក ថាក់ស៊ីន បានបង្ហោះសារ នៅលើបណ្ដាញសង្គម Twitter ថា គាត់ត្រូវការត្រួតពិនិត្យសុខភាព ហើយគាត់បានពន្យារពេលវិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ខណៈកាលពីដំបូងឡើង គាត់គ្រោងនឹងមកដល់អាកាសយានដ្ឋានដនមឿង ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា។ ប៉ុន្ដែគាត់ បានអះអាង ថា «ខ្ញុំនឹងផ្ដល់ដំណឹងជាថ្មី ប្រសិនបើខ្ញុំនឹងត្រូវវិលត្រឡប់ មកកាន់ប្រទេសកំណើតរបស់ខ្ញុំវិញ»។
បើតាមប្រភពពីគណបក្សភឿថៃ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ថា ការធ្វើមាតុភូមិនិវត្ដន៍របស់លោក ថាក់ស៊ីន នឹងត្រូវតែពន្យារពេល រហូតដល់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ត្រូវបង្កើតឡើងរួចរាល់ ជាមុនសិន៕ រក្សាសិទ្ធដោយ ៖ សារាយSN









