Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ នៅមិនទាន់ប្រគល់រថក្រោះខ្លារខិនតាមការសន្យារបស់ខ្លួន ជួយដល់អ៊ុយក្រែន នៅឡើយទេ

រដ្ឋធានីប៊ែរឡាំង៖ ក្រោយរងសម្ពាធយ៉ាងធ្ងន់ ពីបណ្ដាប្រទេសជាសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួន អស់យៈពេលជាច្រើនខែកន្លងមក ទើបចុងក្រោយ រដ្ឋាភិបាលក្រុងប៊ែរឡាំងបានសម្រេចចិត្ត ផ្ដល់រថក្រោះដ៏ទំនើបរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់អឺរ៉ុបមួយនេះ  ទើបនឹងផ្ដល់រថក្រោះចំនួន១០ភាគរយ នៅក្នុងចំណោមរថក្រោះ ត្រូវបានសន្យា បញ្ជូនទៅជួយដល់ក្រុងកៀវ ដែលជាផ្នែកមួយ នៃជំនួយយោធា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ។

សារព័ត៌មាន Insider បានចេញផ្សាយ នៅថ្ងៃចន្ទ ទី៧ ខែសីហា ថា រហូតមកដល់ពេលនេះ អាល្លឺម៉ង់ ទើបនឹងបញ្ចេញរថក្រោះ Leopard 1 ចំនួន១០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមរថក្រោះដ៏ទំនើបរបស់ខ្លួន បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈប្រទេសមហាសេដ្ឋកិច្ចលេខ១ នៅតំបន់អឺរ៉ុបមួយនេះ បានសន្យាផ្ដល់រថក្រោះ ដល់ក្រុងកៀវ តាមកិច្ចព្រមព្រៀងជំនួយយោធា នៅក្នុងខែឧសភា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារអាមេរិក។

សារព័ត៌មានរបស់អាល្លឺម៉ង់ Die Welt បានរាយការណ៍ ថា អាល្លឺម៉ង់ បានសន្យា ផ្ដល់រថក្រោះ  Leopard 1 ចំនួន១១០គ្រឿង ជួយដល់រដ្ឋាភិបាលក្រុងកៀវ។ ប៉ុន្ដែរហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង ទើបនឹងបញ្ជូនរថក្រោះរបស់ខ្លួន ចំនួន១០ភាគរយប៉ុណ្ណោះ ទៅកាន់ដល់ប្រទេសអ៊ុយក្រែន។

អាល្លឺម៉ង់ ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ នៅតំបន់អឺរ៉ុប បានប្រកាស អំពីកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ ជួយដល់រដ្ឋាភិបាលក្រុងកៀវ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ( Volodymyr Zelenskyy) ទៅកាន់រដ្ឋធានីប៊ែរឡាំង កាលពីដើមឆ្នាំ២០២៣។

សារព័ត៌មានដដែលនោះ បានរកឃើញ ថា នៅក្នុងរយៈពេលពីរខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង បានបញ្ជូនរថចម្បាំង ត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមរថក្រោះ Leopard 1 ចំនួន១១០គ្រឿង និង រថចម្បាំងចំនួន១២គ្រឿង ក្នុងចំណោមរថក្រោះ ប្រភេទ Gepard ប្រឆាំងនឹងយន្តហោះ ចំនួន១៨គ្រឿង តាមអ្វីដែលបានសន្យា។

អ៊ុយក្រែន ក៏នៅមិនទាន់ទទួលបានប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន៤គ្រឿង ដែលបានសន្យា ឬ រថពាសដែក Marder ចំនួន២០គ្រឿង ខណៈទើបនឹងទទួលបានគ្រាប់កាំភ្លើងធំ ប្រហែល ៨៥០គ្រាប់ នៅក្នុងចំណោមគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ចំនួន ២៦ ៣៥០គ្រាប់ ដែលបានសន្យាត្រូវបានប្រគល់ជូន។ កញ្ចប់ជំនួយទាំងនោះ ក៏រួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន រាប់រយគ្រឿង រ៉ាដាឃ្លាំមើលអាកាស នាវាដឹកប្រេង រថយន្តសង្គ្រោះ និង រថយន្តដឹកទំនិញធុនធ្ងន់ ផងដែរ។

សារព័ត៌មាន Die Welt បានកត់សម្គាល់ ថា  ការប្តេជ្ញាចិត្តផ្ដល់អាវុធ អាចនឹងត្រូវបានដកចេញ ដោយលើកឧទាហរណ៍ សម្រាប់កាំភ្លើងប្រឆាំងនឹងរថក្រោះ ចំនួន ៥ ០៣២គ្រឿង បានរាយនៅក្នុងបញ្ជី ថា នឹងត្រូវបានរៀបចំ បញ្ជូនទៅអ៊ុយក្រែន ចាប់តាំងពីដើមខែ នៃសង្រ្គាម ហើយឥឡូវនេះ ក៏បានបាត់ទៅវិញ។

ក្រោយរងសម្ពាធ អស់រយៈពេលជាច្រើនខែរួចមក ទើបនៅទីបំផុត កាលពីដើមឆ្នាំ២០២៣ អាល្លឺម៉ង់ បានយល់ព្រមបញ្ជូនរថក្រោះ Leopard 1 ចំនួន៨៨គ្រឿង និង រថក្រោះ Leopard 2 ប្រហែល៨០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែចំនួនរថក្រោះតាមការសន្យារបស់អាល្លឺម៉ង់ នៅមិនទាន់បានទៅដល់អ៊ុយក្រែន ទាំងអស់នៅឡើយ ខណៈក្រុងកៀវ កំពុងតែវាយបកទៅលើកម្លាំងទាហានរបស់រុស្ស៊ី ដើម្បីរំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×