Monday, May 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កំណត់ខេត្តកែប ជាគោលដៅទេសចរធម្មជាតិសម្រាកកម្សាន្តប្រណិតកម្រិតខ្ពស់

ភ្នំពេញ៖ តាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តកែបជាគោលដៅទេសចរធម្មជាតិសម្រាកកម្សាន្តប្រណិតកម្រិតខ្ពស់។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដែលផែនការមេនេះ បានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាក កម្សាន្តបែបប្រណិតកម្រិតខ្ពស់” ប្រកបដោយ សុវត្ថិភាព ភាពទាក់ទាញ និងឧត្តមភាពប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ឈរលើទស្សនាទាននៃការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាពនៃការគ្រប់គ្រងសង្គម បរិស្ថាន និងធនធានធម្មជាតិ បែបវៃឆ្លាត ដោយមានការចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងភាពជាដៃគូលើវាសនាតែមួយ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ត្រូវបានរៀបចំពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ផែនការមេនេះ ត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយខេត្ដកែប ជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។ ហើយផ្អែកលើសក្តានុពល និងភាពសម្បូរបែបនៃធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខេត្តកែប ផែនការមេអភិវឌ្ឍន៍ទេស​ចរណ៍​ខេត្តកែប ឆ្នាំ២០២៣-២០៣៥” បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តេនះ ជាគោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។

គួរបញ្ជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដែលទើបរាជរដ្ឋាភិបាល បានកំណត់មុំអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ជា៤ប៉ូលសំខាន់ៗ រួមមាន ប៉ូលទេសចរណ៍ តំបន់ទីក្រុងធម្មជាតិកែប ជាទីក្រុងធម្មជាតិ ក្នុងឧទ្យានប្រណិតកម្រិតពិភពលោក ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ជាតំបន់កសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងប៉ូលទេសចរណ៍សមុទ្រ និងប្រជុំកោះ ជាតំបន់ទេសចរណ៍សមុទ្រកោះប្រណិត៕

×