ភ្នំពេញ៖ នៅក្នុងសេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងទេសចរណ៍កម្ពុជា បានប្រតិកម្មនិងបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។

ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប»៕