ភ្នំពេញ ៖ ភ្លៀងបាននិងកំពុងធ្លាក់យ៉ាងខ្លាំង នាំឲ្យកើតមានទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ដល់ខេត្តចំនួន៥រួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។ គ្រោះធម្មជាតិមួយនេះ បានបង្ខំឲ្យអាជ្ញាធរ និងសមត្ថកិច្ចត្រូវជម្លៀសប្រជាពលរដ្ឋចំនួន៨៣៧គ្រួសារ ទៅរកទីទួលមានសុវត្ថិភាព ខណៈដំណាំស្រូវចំនួន១០៥៧ហិកតា កំពុងរងផលប៉ះពាល់។
ខេត្តកោះកុងមានស្រុកចំនួន៤ ដែលត្រូវបានរងគ្រោះដោយសារទឹកជំនន់ គឺស្រុកថ្មបាំង ស្រុកកោះកុង ស្រុកស្រែអំបិល និងស្រុកមណ្ឌលសីមា។ ក្នុងនោះ មានប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញមកទីទួលសុវត្ថិភាព ចំនួន៤២៧គ្រួសារ។
នៅខេត្តកំពតមានផលប៉ះពាល់ខ្លាំងនៅតាមដងទឹកឈូ ឃុំមាក់ប្រាង និងឃុំកំពង់ត្រែង តែភាគច្រើនគឺទឹកបានស្រកបន្តិចហើយ។
ក្នុងខេត្តបាត់ដំបង មានការប៉ះពាល់ច្រើននៅស្រុកឯកភ្នំ ចំនួន៣ឃុំ ហើយផ្ទះដែលលិចទឹកមានចំនួន១០៩ខ្នង មានស្រូវខូច (ស្រូវកំពុងផ្កា) ចំនួន៥០ហិកតា ហើយដំណាំបន្លែ៤១ហិកតា ហើយស្រូវដែលលិចទឹកមិនទាន់ខូច ចំនួន១០០៧ហិកតា។
នៅក្នុងខេត្តព្រះសីហនុ មានកាជម្លៀសប្រជាពលរដ្ឋចំនូន៤១០គ្រួសារ ដែលបានស្នើសុំស្បៀងនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺឃុំអូរបាក់រទេះ។ ដោយឡែកនៅខេត្តកំពង់ស្ពឺ ស្ថានភាពទឹកស្ទឹងព្រែកត្នោត មានការឲ្យព្រួយបារម្ភ ហើយក៏អាចប៉ះពាល់មកខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ដោយ ៖ បញ្ញាស័ក្តិ